ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាព កាប់ប្លន់ម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេច រួចនាំគ្នាជិះរត់គេចខ្លួន បានត្រឹមតែ២០នាទី ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្ទាក់បង្ក្រាប ធ្វើឱ្យជនសង្ស័យភ័យខ្លួន ផ្តួលម៉ូតូរត់គេច តែត្រូវប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចប្រដេញឃាត់ខ្លួនបានជនសង្ស័យ ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់តឡាច ខេត្តកំពង់ឆ្នាំង។ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះនៅ ណាក់សុផានី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងទី២-ឈ្មោះព្រុំ ប៊ុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានធ្វើការស្ទាក់ចាប់បានជនសង្ស័យ ចំនួន២នាក់ នៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ស្ថិតនៅក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់តឡាច បន្ទាប់ពីជនសង្ស័យខាងលើ បានធ្វើសកម្មភាពកាប់ប្លន់យករួចរត់គេចខ្លួន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា មុនពេលកើតហេតុ សមត្ថកិច្ចទទួលបានវិទ្យុទាក់ទងថា មានករណីកាប់ប្លន់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ ឆ្នាំង 1F-8301 នៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ហើយក្រុមជនសង្ស័យបានធ្វើសកម្មភាពគេចខ្លួនបាត់។បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានសហការគ្នាពួនស្ទាក់តាមបណ្តោយផ្លូវ ជាតិលេខ៥ រយៈពេល ប្រមាណ២០នាទីក្រោយមក ស្រាប់តែប្រទះឃើញម៉ូតូជនសង្ស័យ បើកមកដល់ ទើបកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ស្ទាក់ឃាត់ ស្រាប់តែ ជនសង្ស័យបានឃើញសមត្ថកិច្ច ក៏ផ្តួលម៉ូតូ រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញស្ទាក់ចាប់បានទាំង២នាក់ភ្លាមៗ ព្រមទាំងដកហូតបានវត្ថុតាង ម៉ូតូ ចំនួន២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ១គ្រឿង (ជារបស់ជនរងគ្រោះ) និងម៉ូតូម៉ាកហុងដា និច ១គ្រឿង (ជាមធ្យោបាយ ដែលជនសង្ស័យជិះធ្វើសកម្មភាព)។

ជនសង្ស័យ ទាំង២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី៕