Saturday, April 4, 2026
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យចាត់វិធានការច្បាប់តឹងរ៉ឹងបំផុត អ្នកលួចនាំចូលប្រេងថៃ

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យចាត់វិធានការច្បាប់តឹងរ៉ឹងបំផុត អ្នកលួចនាំចូលប្រេងថៃ

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឲ្យចាត់វិធានការច្បាប់តឹងរ៉ឹងបំផុត ចំពោះអ្នកលួចនាំចូលប្រេងឥន្ធនៈ ពីថៃ ដោយសម្ដេច បញ្ជាក់ថា បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសង្គម ពីការលួចនាំប្រេងចូលខុសច្បាប់ សម្ដេច បានបានចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អគ្គស្នងការនគរ បាលជាតិ និងអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ឲ្យបានតឹងរ៉ឹងបំផុត ហើយប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ ។ ជាពិសេសប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្រប ខ័ណ្ឌ ជាកំហិត មិនថាបុគ្គលនោះមានតួនាទីឬឋានន្តរស័ក្តិប៉ុនណាទេ ។

  សម្ដេច ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ថា “ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃ ចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃ ចូលមកលក់នៅកម្ពុជា នៅក្នុងពេលនេះ ។

 ខ្ញុំបានចេញបទបញ្ជាឲ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គុណ ញឹម អគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ ឲ្យបានតឹងរ៉ឹងបំផុត»។

  សម្តេចនាយករដ្ឋមន្ត្រី បន្តថា «ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខ័ណ្ឌ ជាកំហិត មិនថាបុគ្គលនោះមានតួនាទីឬឋានន្តរស័ក្តិប៉ុនណាទេ ។

  សូមរំលឹកថា កម្ពុជា បានផ្អាកការទិញប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ គ្រប់ប្រភេទ ពីប្រទេសថៃ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេង ចូលពីប្រទេសថៃ ទៀតដែរ ដោយកម្ពុជា មានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ“ ។

 ទាក់ទងនឹងបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ដូចខាងលើនេះ លោកបណ្ឌិត សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងតាមបណ្ដាញសង្គមថា បើរក ឃើញថា ចូលតាមព្រំដែនខេត្តមួយណា នៃខេត្តទាំង៧ ដែលជាប់និងប្រទេសចោរសៀម (ថៃ) លោកសំ ណូមពរសម្តេច ដកចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេគយ មេពន្ធដារ ទាំងអស់ក្នុងខេត្តនោះចោល ហើយបណ្តេញចេញពីក្របខ័ណ្ឌទាំងអស់តែម្តងទៅ ទើបមានប្រសិទ្ធិភាព ។

 សូមបញ្ជាក់ថា ការចេញបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការលួចនាំចូលប្រេងខុសច្បាប់នេះ បានធ្វើឡើងក្រោយពីកាសែតថៃ The Nation កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានស្រង់សម្តីនាយករដ្ឋមន្រ្តីថៃ លោក អនុធិន ឆានវីរៈគុល ថាអាជ្ញាធរថៃ បានរកឃើញការជួញដូរប្រេងខុសច្បាប់ ឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសកម្ពុជា។ លោក អនុធិន បានចាត់ទុកក្រុមទាំងនោះ ជាជនក្បត់ជាតិ ដែលលួចនាំចេញប្រេងពីក្នុងប្រទេស ទៅលក់ឲ្យប្រទេសដទៃទៀត និងថាសកម្មភាពរបស់ពួកគេ បានបង្កើតជាការគំរាមកំហែងយ៉ាងសំខាន់ដល់សន្តិសុខជាតិថៃ ហើយបានអះអាងថា អាជ្ញាធរថៃ កំពុងបន្តស៊ើបអង្កេតវែកមុខក្រុមដែលលួចនាំចេញប្រេងឥន្ធនៈ ដោយខុសច្បាប់ ពីក្នុងប្រទេស មកដាក់ទោសតាមច្បាប់ ។

គួររំលឹកថា កម្ពុជា បានផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ពីប្រទេសថៃ ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។ វិធានការនេះ ត្រូវបានដាក់ចេញក្នុងបរិបទនៃភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ កាន់ nតែខ្លាំងក្លា ហើយភាគីថៃ បានគំរាមពីការផ្អាកលក់ប្រេងឲ្យកម្ពុជា បំណងបិទដង្ហើមកម្ពុជា។

ជាការធានាថាមពល សម្តេច ហ៊ុន ម៉ាណែត បានអះអាងនៅពេលនោះថា កម្ពុជា មានលទ្ធភាពនាំចូលប្រេងពីប្រភពផ្សេងទៀត ដូចជា សិង្ហបុរី ជាដើម គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក ទោះបីជាត្រូវផ្អាកការនាំចូលពីថៃ ជារៀងរហូតក៏ដោយ។

 ក្រៅពីប្រេងឥន្ធនៈ កម្ពុជា ក៏បានបិទការនាំចូលបន្លែ ផ្លែឈើ ព្រមទាំងបញ្ឈប់ការទិញអគ្គិសនី និងអ៊ីនធឺរ ណិត ពីថៃ ផងដែរ ៕ កុលបុត្រ

RELATED ARTICLES