Monday, November 24, 2025
Homeតារាខ្មែរអ្នកនាងម៉េង កែវពេជ្ជតា ៖ “ ខ្ញុំមិនចេះសម្តែងដូចគេទេ”

អ្នកនាងម៉េង កែវពេជ្ជតា ៖ “ ខ្ញុំមិនចេះសម្តែងដូចគេទេ”

អ្នកនាងម៉េង កែវពេជ្ជតា ដែលធ្លាប់តែមានបញ្ហាមិនសូវចុះសម្រុងជាមួយអ្នកកាសែតនោះ បានអះអាងថា នាងមិនដែលម៉ៃថា អ្នកកាសែតសុទ្ធតែមិនល្អទាំងអស់នោះទេ គឺមានអ្នកល្អ និងអ្នកអាក្រក់ ហេតុនេះហើយបានជាកន្លងមកនាងមិនដែលប្រើពាក្យថា “ពួកអ្នកកាសែត” ឡើយ ព្រោះខ្លាចប៉ះពាល់ទាំងអស់គ្នា។

អ្នកនាងកែវពេជ្ជតា បានផ្តល់បទសម្ភាសន៍ឱ្យអ្នកកាសែតជាធម្មតា បញ្ជាក់ថា រវាងអ្នកសិល្បៈនិងអ្នកកាសែត គឺពិតជាមិនអាចកាត់ផ្តាច់ពីគ្នាបានមែន បើទោះជាពេលខ្លះវិស័យទាំង២ប្រៀបបានអណ្តាតនិងធ្មេញ គឺតែងតែប៉ះគ្នាគេចមិនរួចក៏ដោយ។

អ្នកនាងម៉េង កែវពេជ្ជតា វាចាថា “ខ្ញុំមិនដែលប្រើពាក្យថា “ពួកអ្នកកាសែត” ទេ ព្រោះខ្លាចប៉ះទាំងអស់គ្នា។ ខ្ញុំប្រើពាក្យថា “អ្នកកាសែត” ដោយសារតែក្នុងចំណោមអ្នកកាសែត គឺមានអ្នកល្អ និងមិនល្អ ហើយខ្ញុំដឹងទាំងអស់ហ្នឹងអ្នកណានៅពីក្រោយអ្នកកាសែតខ្លះ ហើយជួលអ្នកកាសែតឱ្យសរសេរអាក្រក់ៗពីខ្ញុំ តែខ្ញុំមិនតាមរករឿងពួកគេទេ។ ខ្ញុំមិនចេះសម្តែងដូចគេទេ”។

ទោះជាយ៉ាងណា អ្នកនាងម៉េង កែវពេជ្ជតា មិនបញ្ជាក់ឱ្យចំឈ្មោះឬស្ថាប័នសារព័ត៌មានណាដែលស៊ីឈ្នួលសរសេរវាយប្រហារមកលើអ្នកនាងដើម្បីជាថ្នូរលុយកាក់នោះទេ ដោយអ្នកនាងថា មិនចង់ចងកម្មចងពៀរជាមួយអ្នកនោះឡើយ បើទោះជានាងបានស្គាល់ពួកគេច្បាស់ទៅហើយក្តី។

អ្នកនាងម៉េង កែវពេជ្ជតា បានតែងខ្លួនយ៉ាងស្អាតចូលរួមកម្មវិធីមង្គលការក្មួយស្រីរបស់អ្នកនាង រឿន រតនានីហ្សា ដែលជាកូនរបស់អ្នកនាងម៉េង វិមានរតនា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្ញៀវជាច្រើនដែលបានទៅចូលរួមកម្មវិធីមង្គលការនោះបានស្តាប់ដោយជក់ចិត្ត នៅពេលដែលអ្នកនាងពេជ្ជតា ឡើងបកស្រាយបទចម្រៀងជូនពរមង្គលការក្មួយប្រុសស្រី ហើយពួកគេសរសើរថា អ្នកនាងពេជ្ជតា ច្រៀងផ្ទាល់ពីរោះដូចចាក់ឌីសទៀតផង។

ម៉េង កែវពេជ្ជតា បានប្រាប់អ្នកកាសែតថា នាងនឹងត្រៀមបញ្ជូនកូនប្រុសស្រីទាំង២នាក់ ទៅបន្តការសិក្សានៅប្រទេសបារាំង នាពេលខាងមុខនេះហើយ ប៉ុន្តែពេលកូនរៀនចប់ ឱ្យវិលត្រឡប់មកស្រុកវិញហើយ បើពួកគេចង់ចូលប្រឡូកសិល្បៈ អ្នកនាងគាំទ្រកូនៗដោយរីករាយ៕

RELATED ARTICLES