ខេត្តសៀមរាប ៖ បុរសម្នាក់ដែលជាអ្នករត់ម៉ូតូកង់បីដឹកភ្ញៀវ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងដីចម្ការស្វាយចន្ទីរមួយកន្លែងរបស់ខ្លួនរហូតហើមស្អុយ ទើបបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា បុរសរងគ្រោះដែលដេកស្លាប់អត់អ្នកដឹងនៅក្នុងដីចម្ការរបស់ខ្លួននោះ មានឈ្មោះយ៉ាន់ ធារ៉ាន់ អាយុ៣៩ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បីដឹកភ្ញៀវ មានលំនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប តែបានទៅស្នាក់នៅក្នុងដីចម្ការស្វាយចន្ទីរបស់ខ្លួន ចំណុចកើតហេតុ។
ប្រភពសមត្ថកិច្ចដដែល ឱ្យដឹងដែរថា បន្ទាប់ពីប្រទះឃើញសពនិងរាយការណ៍មកសមត្ថកិច្ចឱ្យចុះពិនិត្យទើបមន្ត្រីជំនាញកោសល្យវិច័យ និងសមត្ថកិច្ចពាក់ព័ន្ធសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។

សមត្ថកិច្ចបន្ថែមថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទៅលើករណីផ្សេងនោះឡើយ ហើយជនរងគ្រោះក៏មានជំងឺប្រចាំកាយផងដែរ គឺលើសឈាម ដែលកន្លងមកធ្លាប់ប្រកាច់ម្តងហើយ ដោយសារតែជនរងគ្រោះឧស្សាហ៍ផឹកស្រា។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីនៅលំនៅឋានរបស់សព៕