ខេត្តកោះកុង ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានប្រកាសបង្ហាញព័ត៌មានលម្អិត អំពី ប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន អនុប្រធានសាខាគយខេត្តកោះកុង និងបក្ខពួក។ ក្នុងលទ្ធផលស្រាវជ្រាវនោះ ACU បានរក ឃើញលុយពុករលួយជាង១លានដុល្លារ ក្នុងគណនី៤១ នៅធនាគារចំនួន៦ ដោយក្នុងនោះមានប្រើទាំងគណនីរបស់ប្អូនកូនប្រុសស្រី និងប្រពន្ធ ក្រៅច្បាប់ទី៧ របស់អនុ ប្រធានសាខាគយខេត្តកោះកុង ឈ្មោះម៉ៅ សាន់សូនា ផង។

គួរបញ្ជាក់ថា អនុប្រធានសាខាគយខេត្តកោះកុង ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានចាប់ ខ្លួន មានឈ្មោះម៉ៅ សាន់សូនា ធ្លាប់បានចាកចោលមាតុភូមិទៅជំរុំប្រទេសថៃ ដើម្បីបានចេញទៅប្រទេសទី៣ តែមិនសម្រេច ក៏រស់នៅក្នុងប្រទេសថៃ ហើយទទួល បានការសិក្សារៀនសូត្រនៅវិទ្យាល័យនៅទីនោះ ហើយនៅឆ្នាំ១៩៩១ លោកបានវិលចូលប្រទេសកម្ពុជា និងបានធ្វើការងារជាអ្នកបកប្រែភាសា អង់គ្លេសឱ្យអ៊ុនតាក់ បន្ទាប់មកនៅឆ្នាំ១៩៩២ ក៏បានចូលរៀនច្បាប់ លុះរៀនច្បាប់ឆ្នាំទី៣ ក៏ចូលធ្វើការជាមន្ត្រីគយ នៅកំពង់ផែទំនប់រលក ខេត្តព្រះសីហនុ រួចក៏ទទួលបានការងារជាមន្ត្រីគយ ជាច្រើនខេត្តក្នុងប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០១៩ ក៏ទទួលបានតួនាទីជាអនុប្រធានសាខា គយ និងរដ្ឋាករ កំពង់ផែអន្តរជាតិភ្នំពេញ ចុងក្រោយនៅឆ្នាំ២០២៤ ក៏ទទួលបានការតែងតាំង ជាអនុប្រធានសាខាគយខេត្តកោះកុង រហូតមក។

យោងតាមការស្រាវជ្រាវលម្អិតពីក្រុមជំនាញរបស់ ACU បានរកឃើញថា បុគ្គល ម៉ៅ សាន់សូនា បានក្លែងបន្លំឯកសារប្តូរឈ្មោះ និង ខែឆ្នាំកំណើតជាច្រើន ជាមួយគណនីធនាគារ ៤១ គណនី នៅធនាគារចំនួន ៦ក្នុងប្រ ទេសកម្ពុជាដោយប្រើប្រាស់ជាមួយសាច់ញាតិ បងប្អូន ក្រុមគ្រួសារខ្លួន និងបានរកឃើញប្រព្រឹត្តិអំពើពុករលួយជាច្រើនករណីក្នុងប្រទេសកម្ពុជាដូចជា ការបើកដៃឱ្យនាំចូល ទូរសព្ទដៃ និងកំព្យូទ័រ ដោយខុសច្បាប់ចូលប្រ ទេសកម្ពុជា ដោយសហការគ្នាជាមួយក្រុមចិន Online Scam ការទារប្រាក់ពីអ្នកបើកបររថយន្ត និងម្ចាស់ឡានដឹក ទំនិញ ៨២៩គ្រឿង ស្នើនឹង៣ពាន់ក្បាលឡាន្បការក្លែងបន្លំគណនីធនាគារ ដោយប្រើប្រាស់គណនីរបស់កូនប្រុស គណនីរបស់កូនស្រីបង្កើត និង គូដណ្តឹង គណនីរបស់ប្រពន្ធក្រៅច្បាប់ទី៧ ឈ្មោះពត ស្រីនាង អាយុ៣២ ដើម្បីទារប្រាក់ខុសច្បាប់ពីអ្នកបើកបររថយន្ត និងម្ចាស់ទំនិញ និងការ សូកប៉ាន់ទៅមន្ត្រី និងអ្នក សារព័ត៌មាន ដើម្បីជួយបិទបាំងរឿងក្តីក្តាំរបស់ខ្លួនជាដើម។

របាយការណ៍របស់ ACU បានបញ្ជាក់ថា ម៉ៅ សាន់សូនា ជាមនុស្សមួយដែលក្បាលរឹង ពូកែឆ្លើយបង្វៀង ពូកែប្រឆាំងការសួរ ចម្លើយ មិនដែលសារភាពពីអំពើប្រព្រឹត្តរបស់ខ្លួន លុះត្រាតែ ACU ទម្លាក់ភស្តុតាងមួយ ទើបទទួលសារភាពមួយ។ ACU ប្រមូលបានភស្តុតាងថា មានរថយន្តដឹកទំនិញចំនួន ៨២៩គ្រឿង ស្មើនឹង ៣ ០០០ ក្បាលឡាន ដែល ម៉ៅ សាន់សូនា បានទារ និងទទួលប្រាក់ ជាការបង់ខែក៏មាន ជាការបង់ក្បាលឡានក៏មាន។ ជាភស្តុតាង ACU មានទាំងលេខឡាន ឈ្មោះម្ចាស់ទំនិញ និងទឹកប្រាក់ដែលបានប្រគល់មកឱ្យ ម៉ៅ សាន់សូនា។ លើមូលដ្ឋាននេះ ទើប ACU មើលឃើញច្បាស់ថា គ្មានរថយន្តដឹកទំនិញណាមួយត្រូវបាន ម៉ៅ សាន់សូនា លើកលែងនោះទេ ទោះបីដឹកទំនិញ ផ្ទាល់ខ្លួន ត្រីសាច់បន្លែ ក៏ដោយ។ តាមផ្លូវច្បាប់ បើមានតែភស្តុតាងតែមួយករណីក៏ដោយ ក៏ ម៉ៅ សាន់សូនា អាចគ្រប់គ្រាន់ទទួល ទោសតាម ច្បាប់បាត់ទៅហើយ កុំថាឡើយ ACU រកឃើញជិត ៣០០០ករណីដែលជាភស្តុតាង របស់ ម៉ៅ សាន់សូនា បានប្រព្រឹត្តិតាំងពីថ្ងៃទី០២ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ កុម្ភៈ ឆ្នាំ ២០២៦ ក្នុងពេលវេលាដែល ម៉ៅ សាន់សូនា ឈរជើងទទួលគយចល័តតាមផ្លូវជាតិ លេខ៤៨ (កោះកុង-ស្រែអំបិល)។

ដោយឡែក អំពីទ្រព្យ និងអចលនទ្រព្យ មួយចំនួន ដែល ACU រឹបអូស ពីបុគ្គល ម៉ៅ សាន់សូនា ទុកជាសម្បត្តិរដ្ឋ រួមមាន ៖
១- រឹបអូសផលនៃបទល្មើសពីជនសង្ស័យឈ្មោះម៉ៅ សាន់សូនា ចំនួន ៨០១ ៧១២,៥៧ដុល្លារ (ទឹកប្រាក់នេះមានចែកគ្នា៤នាក់) ទុកជាសម្បត្តិរដ្ឋ។
២- គ្រឿងអលង្គការ ដូចជាចិញ្ចៀនមាស មានដាំត្បូងពណ៌សព័ទ្ធជុំវិញ សរុបចំនួន ៩៧គ្រាប់ (ចំនួន១វង់) ចិ ញ្ចៀនមាស មានដាំត្បូង ពណ៌ស សរុបចំនួន៤៥គ្រាប់ (ចំនួន១វង់) ខ្សែកមាស និងបន្តោង មានដាំត្បូងពណ៌ស សរុបចំនួន៤៦គ្រាប់ (ចំនួន១ខ្សែ) នាឡិកាដៃខ្សែមាស មានដាំត្បូងពណ៌សចំនួន១០គ្រាប់ (ចំនួន១គ្រឿង) តម្លៃ៦ម៉ឺនដុល្លារ។
៣- ទូរស័ព្ទដៃម៉ាក IPhone17 Pro Max ពណ៌ស។
៤- ទូរស័ព្ទដៃម៉ាក iPhone16 Pro Max ពណ៌ Desert Titanuim។
៥- ទូរស័ព្ទដៃម៉ាក iPhone 7 Plus ពណ៌ទឹកប្រាក់។
៦- ទូរសព្ទដៃម៉ាក iPhone Xs ពណ៌ទឹកមាស។
៧- ទូរស័ព្ទដៃម៉ាក iPhone 15 Pro Max ពណ៌ Natural Titanium។
៨- ទូរសព្ទដៃម៉ាក iPhone17 Pro Max ពណ៌ទឹកក្រូច។
៩- រថយន្តម៉ាក LEXUS RX300 F SPORT ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MSN.9899។
១០- រថយន្តម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CA-1057។
១១- រថយន្តម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE-1057។
១២- រថយន្តម៉ាក TOYOTA BZ3 ផលិតឆ្នាំ២០២៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CK-1057។
១៣- ខុនដូ នៅជាន់ទី២២ បន្ទប់លេខ២៧ គម្រោង EAST LAND SENSOK ស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
១៤- ដីនិងផ្ទះលេខ C11A ទំហំ 99m2 (វិញ្ញាបនបត្រលេខ 12080108-2021) បុរីវិមាន សាគូរ៉ា១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
១៥- ភូមិគ្រឹះលើដីទំហំ 25m X 52m = 1 300m2 នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ។
និងស្នើសុំបង្កកគណនីធនាគារចំនួន១៥គណនី របស់ឈ្មោះ ម៉ៅ សាន់សូនា សរុបចំនួន ៣០២ ២៣៨,៥៦ដុល្លារអាមេរិក…។
ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសពុករលួយនេះ លោកបណ្ឌិត យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU ដឹកនាំការងារ សំយោគករណី ម៉ៅ សានសូនា ចំណែកឯឧបការី ACU លោកយ៉ិនទៀង ពុទ្ធិរ៉ា ជាអ្នកដឹ កនាំផ្ទាល់ក្រុមការងារស៊ើបអង្កេតជាង១០ក្រុម លើករណី ម៉ៅ សាន់សូនា និងស្តាប់ចម្លើយជនសង្ស័យ។
សូមជម្រាបជូនថា ACU បានចាប់ឃាត់អនុប្រធាន និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស២នាក់ទៀត បញ្ជូនទៅតុលាការ ដែលល្បីល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះ ដែលរុះរើ… នៅកន្លែងឈរជើងរបស់ពួកគេចំណុចអណ្តូងទឹក។
សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបាន ACU បញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦មកម៉្លេះ តែទើបទម្លាយចេញ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) លើកទី៨ អាណត្តិទី៤ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ។

យោងតាមរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ ACU បានបញ្ជាក់ថា ជនសង្ស័យ ៤រូបរួមមាន ៖
ទី១-ឈ្មោះម៉ៅ សាន់សូនា ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យក្នុង អំពើរំលោភអំណាច និងសម្អាតប្រាក់
ទី២-ឈ្មោះម៉ៅ ទិត្យា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យ ពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់
ទី៣-ឈ្មោះពត ស្រីនាង ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរមេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់
ទី៤-ឈ្មោះផល ដុល្លា ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់ ៕