ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន ខណៈដែលខ្ចីម៉ូតូគេ តែម្ចាស់គេមិនព្រមឱ្យ ហើយនៅតែបញ្ឆោះជិះចេញទៅនៅវេលាម៉ោង១២និង៣០នាទីរសៀល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ទើបប្តឹងប៉ូលិសឱ្យចាប់តែម្តង។

ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះខាន់ សាវី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនសង្ស័យ ឈ្មោះធឿន ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារ១លើក នៅខេត្តកណ្តាល រយៈពេល៨ខែ ពីបទគំរាមកំហែងសម្លាប់ ប្រព្រឹត្តនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងដកហូតម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្តាល 1P-1761។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ ឈ្មោះខាន់ សាវី កំពុងរៀបចំជិះម៉ូតូទៅទិញថ្នាំដើម្បីព្យាបាលក្រពះ ស្រាប់តែមានឈ្មោះធឿន ធា បានដើរមកដល់ស្រែកខ្ចីម៉ូតូ ប៉ុន្តែឈ្មោះខាន់ សាវី ប្រកែក ថាមិនឱ្យទេ តែឈ្មោះធឿន ធា នៅតែចាក់សោម៉ូតូជិះចេញយ៉ាងលឿនបាត់ទៅ។

ប្រភពបានបន្តថា ភ្លាមនោះ ឈ្មោះខាន់ សាវី បានទូរសព្ទ័រាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ ឱ្យជួយអន្តរាគមន៍។
ប្រភពបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ឃាត់ខ្លួនឈ្មោះធឿន ធា រួមនឹងវត្ថុតាងខាងលើនៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕