ភ្នំពេញ ៖ បុរសម្នាក់គ្រាន់តែខឹងគេជិះម៉ូតូកាត់មុខបន្ទប់ជួលរបស់ខ្លួន ក៏ចោទគេជិះម៉ូតូរកបុកខ្លួន រួចក៏ទាញដាវគំរាមកាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនរងគ្រោះមានឈ្មោះព្រឿង ប៉ុណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៣៣ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។
ចំណែកជនសង្ស័យ មានឈ្មោះ សេន អាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលលេខ១១ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបប្អូនថ្លៃទៅធ្វើការរោងចក្រ លុះពេលត្រឡប់មកវិញក៏បានជិះកាត់មុខបន្ទប់ជួលជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏ចេញពីបន្ទប់ រួចស្រែកចោទថា ជនរងគ្រោះជិះម៉ូតូបម្រុងបុកខ្លួន។

ប្រភពដដែលបន្តថា បន្ទាប់មកក៏ស្រែកថាឱ្យគ្នាទៅវិញទៅមក ក្រោយមកជនរងគ្រោះក៏ចូលក្នុងបន្ទប់ រួចចាក់សោបន្ទប់ចាក់គន្លឹះខាងក្នុងបាត់។ ចំណែកជនសង្ស័យបានរត់ចូលបន្ទប់ខ្លួនទាញដាវសាំម៉ូរ៉ៃមកធាក់ទ្វារជនរងគ្រោះគំរាមកាប់សម្លាប់។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នគរបាលឱ្យឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំភ្លាមៗតែម្តង៕