លោកចា រិទ្ធី ដែលជាអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីល្បីឈ្មោះរបស់ទូរទស្សន៍ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍នោះ បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពចំពោះកូនប្រុសរបស់លោក ដែលប្រកបទៅដោយគន្លងធម៌ ខិតខំរៀនសូត្រតាំងពីតូច រហូតពេលនេះសម្រេចបំណងធំបំពេញក្ដីស្រម៉ៃឲ្យក្រុមគ្រូសារ តាមរយៈការបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្ដរជាតិ ពីសាកលវិទ្យាល័យ DEAKIN UNIVERSITY ប្រទេសអូស្រា្ដលី កាលពីពេលថ្មីៗនេះ។

តារាភាពយន្ដល្បីល្បាញឈ្មោះរូបនេះ ថ្លែងសារថា ”កូនប្រុសជាទីស្រលាញ់របស់ប៉ា ថ្ងៃនេះប៉ារំភើបចិត្តណាស់ ដែលបានឃើញកូនទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្ដរជាតិ ពីសាកលវិទ្យាល័យ DEAKIN UNIVERSITY ក្នុងទីក្រុងម៉ែលប៊ន នៃប្រទេសអូស្ដា្រលី ប៉ាសុំទោសផងណាដែលមិនបានចូលរួមអបអរសាទរផ្ទាល់ជាមួយនិងកូន តែប៉ាចង់ប្រាប់ពីចម្ងាយថា ប៉ាសប្បាយចិត្តខ្លាំងណាស់ ហើយស្រលាញ់កូនខ្លាំងបំផុត ព្រោះតាំងពីតូចដល់ធំ កូនមិនដែលធ្វើឲ្យប៉ានិងម៉ាក់ពិបាកចិត្តម្ដងណាទេ កូនលះបង់ភាពយុវវ័យរបស់កូនដើម្បីតែការសិក្សា។

លោកចារិទ្ធី បន្តថា បួនឆ្នាំមុនកូនរៀបចប់ថ្នាក់បរិញ្ញបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យលីមកុងវីង ពេលនេះកូនរៀនចប់ថ្នាក់បណ្ឌិតផ្នែកទំនាក់ទំនងអន្ដរជាតិ នៅប្រទេសអូស្រា្ដលី ទៀត កូនប្រុសប៉ាពិតជាធ្វើឲ្យប៉ាមិនសរសើរកូនមិនបាន កូនពិតជាអស្ចារ្យសម្រាប់ប៉ា ប៉ា សូមជូនពរកូនឲ្យជួបតែសុខភាពល្អ សំណាងល្អ ហើយយកចំណេះដឹងមកបម្រើប្រទេសជាតិយើងវិញ។

កូនប្រុសលោកចា រិទ្ធី មានឈ្មោះចា សេរីវុឌ្ឍ ដែលជាកូនច្បងក្នុងគ្រួសារ ខណៈដែលលោកចា រិទ្ធី មានកូនតែពីរនាក់ប៉ុណ្ណោះ គឺកូនស្រីជាកូនពៅ ។
តាមប្រភពពីអ្នកសិក្សានៅបរទេស បានបង្ហើបឲ្យដឹងថា ការដែលលោកចា រិទ្ធី រំភើបចិត្តខ្លាំងចំពោះកូនប្រុសដែលនៅវ័យក្មេងតែមានសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ច ហើយថែមទាំងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្ដរជាតិនៅអូស្រា្ដលី នេះ ព្រោះនិស្សិតដែលទៅសិក្សានៅបរទេស ទាំងនោះមិនមែនឲ្យតែកូនអ្នកមានលុយ ហើយអាចទៅរៀនសាលាគេបានទេ គឺនិស្សិតទាំងនោះទាមទារពិន្ទុខ្ពស់ដល់ចំណុចដែលគេត្រូវទទួលយក (សិស្សពូកែ) ទើបអាចរៀននៅសាលាគេបាន។

ដោយឡែក តារារួមអាជីពវិញបានសរសើរលោកចា រិទ្ធី ថាជាឪពុកដ៏ល្អម្នាក់មិនត្រឹមតែជោគជ័យអាជីពសិល្បៈ និងមុខជំនួញទេ តែលោកអប់រំកូនៗឲ្យបានរៀនសូត្រល្អ មានចំណេះដឹងខ្ពស់ទៀត ហើយការបញ្ចប់ការសិក្សានៅបរទេសបែបនេះ គឺជាធនធានមនុស្សសម្រាប់សង្គមជាតិតែម្ដង។

លោកចា រិទ្ធី និងភរិយាជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ផ្នែកផ្ទះសំណាក់ និងសណ្ឋាគារ ហើយលោកមានកូនតែពីរនាក់ ដែលពួកគេមានរូបសម្រស់មិនចាញ់តារាភាពយន្ដឡើយ។ ប៉ុន្ដែកូនប្រុសស្រីរបស់លោកមិនទាន់មានអ្នកណាចូលអាជីពសិល្បៈទេ ព្រោះលោកចា រិទ្ធី បានដាក់គោលដៅ និងជំរុញកូនទាំងពីរឲ្យខិតខំរៀនសូត្រឲ្យបានខ្ពង់ខ្ពស់សិន។

តាមព័តមានថាការដែលចា រិទ្ធី អាក់ខានមិនបានទៅចូលរួមអបអរកូនប្រុសទទួលសញ្ញាបត្រនៅអូស្រា្ដលី នោះ ដោយសារតែលោកជាប់ភារកិច្ចទៅប្រកួតបាល់ទាត់លក្ខណៈមិត្តភាព នៅប្រទេសកូរ៉េ។ ប៉ុន្ដែភរិយានិងកូនស្រីរបស់លោកបានទៅលើកទឹកចិត្ត ចា សេរីវុឌ្ឍ ដល់អូស្រា្ដលី តែម្ដង៕