Monday, November 24, 2025
Homeព័ត៌មានជាតិយកមុខមាត់ទុកឯណា? កិត្តិយស កេរ្តិ៍ឈ្មោះ រលាយខ្សុលដូចអំបិលត្រូវទឹក

យកមុខមាត់ទុកឯណា? កិត្តិយស កេរ្តិ៍ឈ្មោះ រលាយខ្សុលដូចអំបិលត្រូវទឹក

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនស្ត្រីម្នាក់ មានតួនាទីជាជំនួយការបញ្ជាការដ្ឋានកងទ័ពជើងអាកាស តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកខៀវ ផល្លា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាប់ចោទកំពុងស្ថិតក្រោមចំណាត់ការរបស់លោកយិច ឈាណាវី ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីត្រូវចោទមានឈ្មោះម៉ី ផានិត អាយុ៤៤ឆ្នាំ មានតួនាទីជាជំនួយការសម្ភារនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានលំនៅផ្ទះលេខ១០៣ ផ្លូវលេខ៣ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីត្រូវចោទឈ្មោះម៉ី ផានិត បានប្រើប្រាស់តួនាទីរបស់ខ្លួននៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដើរបោកប្រាស់លុយពីជនរងគ្រោះដែលចង់ចូលធ្វើមន្ត្រីយោធា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ជិត២០នាក់ ក្នុងទំហំទឹកប្រាក់ជាង១២ម៉ឺនដុល្លារ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ។

បើតាមមន្ត្រីបានឱ្យដឹងថា គ្មានទេការធានារត់ការចូលក្របខ័ណ្ឌ បើគ្មានការប្រឡងដោយស្របច្បាប់នោះ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធាពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តែងអញ្ជើញចុះដោយផ្ទាល់រាល់កម្មវិធីប្រឡងចូលក្របខ័ណ្ឌយោធា ដោយគ្មានអំពើពុករលួយ បក្សពួក ឬសូកប៉ាន់អ្វីនោះឡើយ គឺលោកចង់បាននូវធនធានមនុស្សពិតប្រាកដ៕

RELATED ARTICLES