ខេត្តបាត់ដំបង ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចគ្រឿងរថយន្ត (ប្រអប់លេខ និងប៉ុងឡាន) ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា រួចគេចខ្លួនបាត់ដោយសុវត្ថិភាព លុះជនរងគ្រោះដាក់ពាក្យប្តឹង ត្រូវកម្លាំងជំនាញអាវុធហត្ថស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចគ្រឿងរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង០៦នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចឃ្លាំងដីផ្សារភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រហុតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ទើបកម្លាំងអាវុធហត្ថ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះពេជ្រ ប្រុសខួច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង និងទី២-ឈ្មោះសឿង ម៉េងលាង ហៅខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះឆុន ធារិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់បន្លែ មានលំនៅ ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង និងទី២-ឈ្មោះសល់ ស៊ីធាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់បន្លែ មានលំនៅ ភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ត្រី ជួប ណូ ជាមេបញ្ជាការ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (ឈ្មោះពេជ្រ ប្រុសខួច និងឈ្មោះសឿង ម៉េងលាង ហៅខ្មៅ) ពាក់ព័ន្ធករណីលួចគ្រឿងរថយន្ត (ប្រអប់លេខឡាន និង ប៉ុងឡាន) នៅក្នុងបរិវេណផ្សារភួពុយ។
ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះឆុន ធារិន និងឈ្មោះ សល់ ស៊ីធាន ដែលបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យទាំង២នាក់ ថាបានធ្វើសកម្ម ភាពលួចប្រអប់លេខឡាន និងប៉ុងឡាន របស់ខ្លួន កាលពីវេលាម៉ោង ៥និង០៦នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចឃ្លាំងដីផ្សារភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន១គ្រឿង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ក្រុង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕