ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦ ដោយហាមដាច់ខាត ការដុតផាវ កាំជ្រួច ការលេងជះទឹក លេងកាំភ្លើងបាញ់ទឹក។សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស។២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែ មេសា ឆ្នាំ២០២៦ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើង ក្នុងការចូលរួមសម្តែងអំណរសាទរ និងទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងរាជធានីភ្នំពេញ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូច ខាងក្រោម ៖

១- ហាមដាច់ខាត
– មិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ
– មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ
– ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក ស្អប់បូមបាញ់ទឹក និងការវាយដោយ រំពាត់ ឬឧបករណ៍ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិ
– មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
២- បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
៣- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារទំនើបឯកជន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការអុជទៀនធូប ភ្លើងចង្ក្រាន ធុងហ្គាស់ ការឆ្លងចរន្តអគ្គិសនី ឬការប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ជាពិសេស ត្រូវផ្តាច់ចរន្តអគ្គិសនី មុនពេលចាកចេញ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុណាមួយ។

៤- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍នៅតាមតំបន់គោល ដៅដែលមានការកកស្ទះ និងទប់ស្កាត់បទល្មើសគ្រប់ ប្រភេទ ព្រមទាំងត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ ត្រៀមរថយន្តពន្លត់អគ្គិភ័យ និងត្រៀមរៀបចំមធ្យោបាយឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ ស្កាត់ និងប្រចាំការ ដើម្បីជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើងជាយថាហេតុណា មួយ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
៥- គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែងនៅតាមមូលដ្ឋានរៀងៗខ្លួន និងបង្កើនស្មារតីម្ចាស់ការក្នុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដើម្បីធានាសុវត្ថិភាព និងបង្កបរិយាកាសល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរ ជាតិ ឱ្យមកចូលរួមកម្សាន្តលេងល្បែងប្រជាប្រិយ ឱ្យបានច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ និងមហោឡារិក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ។

៦- គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវជំរុញនិងចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យបានសកម្មផុលផុស ជាពិសេស ការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងគ្រប់ប្រភេទ សុវត្ថិភាពចរាចរណ៍ ព្រមទាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់និងគ្រប់គ្រងឱ្យបានហ្មត់ចត់នូវគ្រប់មុខសញ្ញាក្មេងទំនើង នៅតាមសហគមន៍ ភូមិនិងសង្កាត់ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន។
៧- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាព ការណ៍ពាក់ព័ន្ធសន្តិសុខ ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពបង្កហានិភ័យផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់នៅតាមគោលដៅប្រមូលផ្តុំទេសចរណ៍ វត្តអារាម និងរមណីយដ្ឋាននានា ជាដើម។

៨- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កងកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៩- ជនណានៅតែបំពានឬប្រព្រឹត្តល្មើស មិនគោរពតាមសេចក្តីណែនាំខាងលើ បង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌ ទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាល រាជ ធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហ ការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់…៕