Saturday, November 22, 2025
Homeតារាខ្មែរទីបំផុត អែន ឌី ហក់ចូលទ្រនំថ្មី លែងច្រៀងតាមហាងផឹកស៊ី

ទីបំផុត អែន ឌី ហក់ចូលទ្រនំថ្មី លែងច្រៀងតាមហាងផឹកស៊ី

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែន ឌី ដែលជាតារាចម្រៀងច្រៀងប្រចាំការពេលរាត្រីនៅហាងពិភពរាត្រីថ្មី នៅទល់មុខស្ថានទូតចិន ជាមួយតារាចម្រៀងឈឿន ឧត្តម, សុះ ម៉ាច, ប៊ុត សីហា និងស៊ិន ឧត្តមផល្លា ជាដើមនោះ ពេលនេះបានអះអាងថា លោកឈប់ច្រៀងនៅហាងផឹកស៊ីមួយនេះហើយ។

ចំពោះមូលហេតុនៃការដើរចេញពីហាងបៀរហ្គាឌិន ដែលប្រជុំទៅដោយស្រីស្អាតៗជាច្រើននេះមិនត្រូវបានលោកអែន ឌី បញ្ជាក់ពីហេតុផលច្បាស់លាស់ឡើយ គ្រាន់តែនិយាយថា លោកលែងធ្វើការនៅទីនោះមែន ហើយព្រោះតែមានរឿងតិចតួច ទើបលែងចង់ច្រៀងតទៅទៀត។

យ៉ាងណា លោកអែន ឌី មិនទាន់បង្ហើបថា លោកនឹងទៅច្រៀងនៅកន្លែងថ្មីនៅហាងណាមួយឡើយ ដោយអះអាងថា ចង់សម្រាកមួយរយៈសិន។

ប៉ុន្តែគេចាប់អារម្មណ៍ថា ក្រោយលោកអែន ឌី ប្រកាសឈប់ច្រៀងនៅហាងផឹកស៊ី នៅពេលរាត្រីនោះ ស្រាប់តែពេលនេះ ម្ចាស់បទ “នឹកបង៥០%” រូបនេះ រកបានទ្រនំថ្មីជ្រកទៀតហើយនោះ គឺផលិតកម្ម DN ដែលបទចម្រៀងរបស់លោកនឹងចេញក្នុងពេលដ៍ឆាប់ៗខាងមុខនេះ។

តារាប្រុសដែលមានសំណាងថតកៀកកើយប៉ះប្រាណតារាស្រីស្អាតៗ ស្ទើរតែគ្មានតារាណាម្នាក់អាចគេចផុត លោកអែន ឌី បន្ថែមថា ចំពោះមូលហេតុដែលលោកសម្រេចចិត្តចូលច្រៀងនៅផលិតកម្មថ្មីនេះ ដោយសារតែផលិតកម្មមានគោលការណ៍ក្នុងការចេញបទចម្រៀងច្បាស់លាស់ ប៉ុន្តែការរំពឹងយ៉ាងណានោះ លោកមិនទាន់ហ៊ានសន្និដ្ឋានជាមុនឡើយ គឺចាំមើលសភាពជាក់ស្តែងសិន។

ដោយឡែក សម្រាប់ការចេញទៅច្រៀងនៅក្រៅស្រុកនៅរដូវធ្លាក់ភ្លៀងនេះ អែន ឌី ថា មានគេទាក់ទងមកហើយ តែនិយាយមិនទាន់ត្រូវគ្នាទេ ហេតុនេះហើយ ការចេញទៅជាក់លាក់ក៏មិនទាន់ច្បាស់ដែរ៕

RELATED ARTICLES