Thursday, April 2, 2026
Homeតារាខ្មែរម៉េង ប៊ុនឡូ ធ្លាក់ខ្លួនឈឺធ្ងន់

ម៉េង ប៊ុនឡូ ធ្លាក់ខ្លួនឈឺធ្ងន់

ភ្នំពេញ ៖ អតីតតារាចម្រៀង និងសម្តែង លោកម៉េង ប៊ុនឡូ បានកើតមានជំងឺបែកសរសៃជើង រាប់ឆ្នាំមកហើយ តែគ្មានលទ្ធភាពវះកាត់ ព្យាបាល ព្យាយាមលាក់បាំងមិត្តភក្តិ និងអ្នកសិល្បៈ មិនឲ្យដឹងពីស្ថានភាពជំងឺរបស់ខ្លួន លុះធ្លាក់ខ្លួនឈឺធ្ងន់ ចូលសម្រាកនៅមន្ទីរពេទ្យ ទើបមិត្តជិតស្និទ្ធម្នាក់ បានដឹង ក៏សម្រេចទម្លាយប្រាប់មហាជន ខណៈលោក ម៉េង ប៊ុនឡូ កំពុងជួបការខ្វះខាត និងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការព្យាបាលជំងឺ។

ស្ថានភាពជំងឺរបស់អតីតតារាចម្រៀងនិងសម្តែង លោកម៉េង ប៊ុនឡូ នេះ ត្រូវបានមិត្តភក្តិជិតស្និទ្ធមួយរូប គឺតារាសម្តែង សាវិន ហ្វីលីព បានទម្លាយឱ្យដឹង តាមបណ្តាញសង្គម នៅព្រឹកថ្ងៃទី១ ខែមសា ឆ្នាំ២០២៦ និងអំពាវនាវដល់មិត្តភក្តិក្នុងវិស័យសិល្បៈ  ក៏ដូចជាសប្បុរសជន ជួយដល់លោក ម៉េង ប៊ុនឡូ តាមលទ្ធភាព ខណៈជំងឺលោកម៉េង ប៊ុនឡូ ត្រូវការប្រាក់ ដើម្បីវះកាត់ព្យាបាល ប្រមាណជាង ៣ពាន់ដុល្លារ។

តារាសម្តែង សាវិន ហ្វីលីព បានបង្ហោះរូបភាពបង្ហាញពីស្ថានភាពលោក ម៉េង ប៊ុនឡូ កំពុងសម្រាកព្យាបាលនៅលើគ្រែពេទ្យ និងរូបភាពជើងរបស់លោកម៉េង ប៊ុនឡូ ក្នុងសភាពហើមប៉ោងសរសៃ ភ្ជាប់ជាមួយសំណេរថា “តារាសម្តែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ ចូលពេទ្យ ចំថ្ងៃតែមួយជាមួយខ្ញុំតែម្តង គាត់ទ្បើងកម្តៅរហូតដល់ ៤០អង្សា បណ្តាលមកពីជំងឺបែកសរសៃជើងខាងឆ្វេង (សរសៃវ៉ែន រត់ទៅបេះដូង) និងរលាកបំពង់កធ្ងន់ធ្ងរ…”។

លោក សាវិន ហ្វីលីព បានបន្តថា “លោកលាក់ទុកជំងឺបែកសរសៃជើងខាងឆ្វេងនេះ យូរមកហើយ ដោយសារគ្មានលុយ ធ្វើការវះកាត់ ព្យាបាល (ប្រហែល ៣ពាន់ដុល្លារ) ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត ធ្លាប់ព្រមានគាត់ថា បើគាត់មិនព្រមធ្វើការព្យាបាលសរសៃជើងឆ្វេងនេះ ឱ្យទាន់ពេល ទេ លោកអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូង នៅថ្ងៃមុខ…”។

លោក សាវិន ហ្វីលីព បានបន្តទៀតថា “ម៉េង ប៊ុនទ្បូ ធ្លាប់ជាតារាឯកប្រុសល្បីលំដាប់ប្រទេសតាមរយៈរឿង «ចៅពស់កេងកង» របស់ឯកឧត្តម ហ្វៃ សំអាង ប៉ុន្តែខ្សែជីវិតបច្ចុប្បន្នរបស់គាត់កម្សត់ណាស់  ត្រូវមកដេក ពេទ្យម្នាក់ឯង គ្មានអ្នកកំដរទេ។ ចំណែកជីវភាពរបស់គាត់ ពេល នេះ មិនប្រសើរទាល់តែសោះ ប៉ុន្តែតារាប្រុសញញឹមស្រស់ម្នាក់នេះ មិនដែលត្អូញត្អែរម្តងណាទេ និងព្យាយាមលាក់បាំងស្ថានភាពជីវិត ក្រោយបាត់ មុខឈឹងពីសិល្បៈ រហូតមកដល់ថ្ងៃនេះ គាត់ស្លូតណាស់ សូមបងប្អូនជួយគាត់ផង សែនអាណិត…”។

លោក សាវិន ហ្វីលីព បានបញ្ជាក់ឱ្យដឹងបន្ថែមថា “ដំបូង ម៉េង ប៊ុនទ្បូ មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ហើយខំរត់ហាត់ប្រាណ បញ្ចុះជាតិស្ករ ដែលជាហេតុធ្វើឱ្យបែកសរសៃជើងវ៉ែនខាងឆ្វេង ភ្ជាប់ទៅបេះដូង តែម្តង…”។

បន្ទាប់មក នៅព្រឹកថ្ងៃដដែលនោះ លោក សាវិន ហ្វីលីព បានបង្ហោះរូបភាពលោកម៉េង ប៊ុនឡូ ភ្ជាប់ជាមួយសំណេរថា “នេះជា QR ABA របស់លោក ម៉េង ប៊ុនទ្បូ ផ្ទាល់…។ ខ្ញុំសម្រេចចិត្តបង្កើតមូលនិធិ 1$ នេះទ្បើង ដើម្បីជួយរកជំនួយ $3000 ជួយដល់ការវះកាត់សរសៃវ៉ែនជើងឆ្វេង របស់តារាសម្តែង ម៉េង ប៊ុនទ្បូ ដែលជាបុគ្គលល្អម្នាក់ក្នុងវិស័យភាពយន្ត ហើយការកៀរគរកជំនួយនេះ មិនមែនជាគំនិតរបស់លោកម៉េង ប៊ុនទ្បូ ទេ ដោយសារគាត់មានភាពខ្មាសអៀនណាស់ ប៉ុន្តែវាកើតចេញពីបេះដូងរបស់ខ្ញុំផ្ទាល់ ដែលចង់ជួយដល់គាត់ ដែលជាតារាប្រុសដ៏ស្លូតបូតម្នាក់ប៉ុណ្ណោះ។ ខ្ញុំមិនអាចឈឱបដៃមើលមនុស្សល្អម្នាក់ដែលកំពុងជួបទុក្ខលំបាកខ្វះខាតនោះទេ ណាមួយខ្ញុំខ្លាចគាត់គាំងបេះដូងស្លាប់ ដោយកំពុងរស់នៅឯកាម្នាក់ឯងផងដែរ…”។

ក្រោយឃើញតារាសម្តែង សាវីន ហ្វីលីព បានទម្លាយពីស្ថានភាពជំងឺរបស់ខ្លួន និងអំពាវនាវស្នើសុំជំនួយពីមហាជន អតីតតារាចម្រៀងនិងសម្តែង លោកម៉េង ប៊ុនឡូ បានបង្ហោះសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “អរគុណណាស់បង នេះជាសន្តានចិត្តដែលកាត់ថ្លៃមិនបានចំពោះប្អូន តែឥឡូវប្រទេសជាតិ មានស្ថានភាពមិនល្អ សង្គ្រាមពេញពិភពលោក អញ្ចឹងហើយបានប្អូនលាក់ណាបង ណាមួយខ្ញុំខ្មាសគេផងបង ចាំខ្ញុំដេកនៅលើគ្រែពេទ្យដែលមិននិយាយស្តីអីចេញ ចាំគិតទៀត។ ខ្ញុំគិតថា នៅមានបង នៅមានមិត្តៗ ជាហ្វេនទាំងអស់ គេមិនទុកខ្ញុំចោលទេ ពិសេស បង។ ជូនពរបង ជូនពរហ្វេនៗទាំងអស់ សូមមានសុខសុភមង្គល ជាពិសេស សូមថែសុខភាពទាំងអស់គ្នាផងណា ខ្ញុំម្នាក់ឯងអ៊ីចឹង ជាទម្លាប់ទៅហើយណា…”៕ ដារិទ្ធ

RELATED ARTICLES