ភ្នំពេញៈអ្នកនាងសារ៉ាយ សក្ខណា រំភើបពេលដែលត្រូវមិត្តសម្លាញ់អ្នកនាងទឹម រដ្ឋា យ៉ាន លីនដា លើកនំខេកឲ្យនាងនៅថ្ងៃទី៣១ ខែមីនា ជាមួយពាក្យពេចន៍ជូនពរនាងឲ្យនៅតែក្មេងជាងវ័យ និងកាន់តែស្អាត បើទោះជាខួបកំណើតនាងពិតថ្ងៃទី២៥ ខែមីនា ហើយឆ្នាំនេះនាងឈានចូលវ័យ៣៩ឆ្នាំក៍ដោយ ។ចំណែកFan របស់សក្ខណា វិញថានាងជានារីពូកែថែសម្រស់ព្រោះកូន៣នាក់ទៅហើយ ប៉ុន្ដែសរាងនៅតែស្វែល មិនឡើងគីឡូ និងអត់សូវបែកសាច់ដូចតារាផ្សេងទៀតដែលពួកគេមានស្វាមីនិងកូនដូចនាងដែរនោះឡើយ ។


សូមបញ្ជាក់ថាសារ៉ាយ សក្ខណា តាំងពីនាងមានស្វាមីនិងកូនមកខួបកំណើតនាងច្រើនតែរៀបចំជាលក្ខណៈគ្រួសារ និងជួបជុំមិត្តភក្ដិប៉ុណ្ណោះ មិនដូចកាលនាងនៅក្រមុំដែលតែងតែធ្វើខួបទ្រង់ទ្រាយធំហៅតារាចូលរួមរាប់រយនាក់នោះឡើយ ។សក្ខណា ជាតារាម្នាក់ដែលមានស្វាមីហើយតែប្ដីនៅតែឲ្យលេងសិល្បៈដោយសេរី ហើយម៉ារយៈចុងក្រោយនេះនាងនៅក្នុងស្រុកខ្មែរច្រើនជាងនៅអាមេរិក បើទោះជាក្រោយរៀបការប្ដីហើយភ្លាមៗនាងបានចេញទៅរស់នៅគ្រួសារខាងប្ដីនៅអាមេរិកជាង១០ឆ្នាំក្ដី ។ការមករស់នៅស្រុកកំណើតវិញនេះហើយធ្វើឲ្យសក្ខណា មានឱកាសចាប់អាជីពសិល្បៈដូចដើម ខណៈនាងក៍បានបើកហាងគ្លីនិករក្សារសម្រស់មួយនៅទួលគោក និងហាងបាយមួយនៅជាយក្រុងផងដែរ ។ប្រភពថាការដែលសក្ខណា នៅតែរក្សារទីផ្សារសិល្បៈបានដូចសព្វថ្ងៃនេះគឺព្រោះតែទេពកោសល្យសិល្បៈរបស់នាងនៅល្អដូចមុន និងម្យាងទៀតនាងមិនប្រកាន់តួ អាចលេងតួអ្វីក៍បានទៅតាមអ្នកដឹកនាំរឿងចង់បាន ហើយអ្វីដែលពិសេសនោះគឺការរក្សាររូបសម្រស់មិនឲ្យធ្លាក់ចុះ មិនឡើងគីឡូនោះតែម្ដង ។


សារ៉ាយ សក្ខណា បានចាប់ដៃបុរសអាណិកជនខ្មែរនៅអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី ជាង១២ឆ្នាំ បានចំណងដៃកូន៣នាក់គឺកូនទី១ស្រីឈ្មោះ Mataysia អាយុជិត១១ឆ្នាំ កូនប្រុសទី២ឈ្មោះព្រីនស្ទីន អាយុជាង៥ឆ្នាំ និងកូនប្រុសទី៣ឈ្មោះណាបុត្រ ហៅChandrik អាយុជាង១ឆ្នាំ។សក្ខណា ធ្លាប់ប្រាប់ថានាងគ្មានគម្រោងយកកូនទី៤ ទេ ប៉ុន្ដែមានពេលខ្លះនាងថាចង់បានកូនភ្លោះ ពោលគឺអត់ចង់បានម្ដង១ តែបើបានម្ដងពីរទើបយកថែម ។នាងថាអំឡុងពេលដែលនាងនៅស្រុកខ្មែរនេះស្វាមីនាងនៅអាមេរិក ជាមួយកូនស្រីច្បងដែលជាប់រៀននៅទីនោះលោកបានចុះឡើងៗមកខ្មែរជាញឹកញាប់ ។

សារ៉ាយ សក្ខណា បានធានាម្ដាយរបស់នាងអ្នកស្រីចាប សម្ផស្ស ឲ្យទៅរស់នៅអាមេរិកបានដូចបំណង ហើយចំពោះការរក្សារបានរូបសម្ផស្សក្មេងជាងវ័យបែបនេះ អ្នកខ្លះថានាងនឹងអាចស្អាតបែបនេះបានច្រើនឆ្នាំទៀត ព្រោះថានាងមានជំនួយការពិសេសនៅក្រោយខ្នងកុំឲ្យឆាប់ចាស់នោះគឺមានគ្លីនិកថែសម្រស់ជារបស់ខ្លួនឯង ព្រោះហាងនោះជួយស្រីៗឲ្យស្អាតៗបានដូចបំណងរឿងអីកូនចៅមិនអាចជួយថៅកែស្រីដូចនាងកុំឲ្យឆាប់ចាស់បាន?ប៉ុន្ដែសក្ខណា គ្មានគម្រោងពង្រីកសាខាថ្មីគ្លីនិកខ្លួនទេ ហើយតាមព័តមានថាការមានកូន៣នាក់នេះមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់រូបនាងព្រោះស្វាមីសក្ខណា នៅតែចង់បានកូនថែម ។

គួរបញ្ជាក់ថាសារ៉ាយ សក្ខណា ស្ថិតក្នុងចំណោមតារាដែលយកប្ដីជាប្រុសអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី ,វ៉េត រតនា ,គឹម លក្ខិណា ,សុគន្ធ និសា,នារី រ័ត្នគន្ធា និងអ៊ុំ សុវណ្ណនី ជាដើម ។ប៉ុន្ដែមានតែអ្នកនាងសារ៉ាយ សក្ខណា និង សុគន្ធ និសា ប៉ុណ្ណោះដែលនៅឆ្នាំ២០២៦ នៅតែប្រឡូកសិល្បៈពេញទំហ៊ឹងដូចមុនមានប្ដី ៕

