Thursday, April 2, 2026
Homeតារាខ្មែរកែវ សុបញ្ញា រក្សាសីល លែងគិតស្នេហា

កែវ សុបញ្ញា រក្សាសីល លែងគិតស្នេហា

ភ្នំពេញ ៖ កែវ សុបញ្ញា ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថ្មីៗនេះថា ជីវិតគូថ្មី នាងមិនទាន់គិតដល់ទេ ព្រោះនាងទើបបែកបាក់អតីតប្ដី និងបាត់បង់កូនស្រីជាទីស្រលាញ់ ហើយពេលនេះ នាងរក្សាសីល តែទោះត្រឹមជា បុថុជ្ជន ប៉ុន្ដែរឿងរៀបចំគូជីវិតថ្មី ត្រូវការប្រើពេលវេលា ហើយថ្ងៃក្រោយ ទាល់តែបុរសនោះនិងនាង មានចិត្តដូចគ្នា ត្រូវគ្នា និងជាបុរសទទួលខុសត្រូវ ទើបអាចពិចារណា ។ ប៉ុន្ដែនាងថា អំឡុងពេលរកក្សាសីលនេះ រូបនាងនៅមិនទាន់ដឹងថា តើគួរផ្ញើខ្លួនជាមួយព្រះធម៌ លែងយកគូស្រករទៀត ឬយ៉ាងណានោះទេ ។

សុបញ្ញា បានឲ្យដឹងថា តាំងពីកូនស្រីជាទីស្រលាញ់របស់នាង លាចាកទៅ នាងតែងតែទៅវត្ត រៀងរាល់ថ្ងៃ សីស និងញ៉ាំអាហារបួស នៅថ្ងៃនោះ ហើយនាងថា «គ្មានក្ដីសុខណាស្មើស្ងប់ចិត្ត» នោះទេ ។ នាងថា ជីវិតនាង ពីមុនគឺប្រៀបដូចនាង «បដាចារ» ព្រោះបាត់បង់កូន បែកប្ដី ម្ដាយដួលបាក់ដៃ ឪពុកនៅសមរភូមិកំពុងក្ដៅ ក្នុងពេលតែមួយ ដែលពេលនោះ នាងគិតខ្លី រហូតចង់បញ្ចប់ជីវិត ដោយលោតទឹកសម្លាប់ខ្លួនទៀតផង ។ ប៉ុន្តែនាងថា ពេលនោះមានបងស្រីម្នាក់ ឈ្មោះនី ដែលជាអ្នករាប់អានគ្នា បានបបួលនាងទៅសមាធិ សាជាថ្មី ព្រោះពីមុន នាងក៏ធ្លាប់សមាធិដែរ ទើបធ្វើឲ្យនាងក្លាយទៅជាមនុស្សថ្មី ផ្ញើចិត្តនឹងព្រះធម៌ ប្រតិបត្តិធម៌ នាំឲ្យផ្លូវចិត្តបានធូរស្បើយខ្លះមកវិញ ។ នាងថា ពីមុន ពេលនិយាយដល់កូនស្រី នាងមានតែអួលដើមក យំ តែពេលនេះ ផ្លូវចិត្តនាងបានរឹងមាំវិញ លែងចង់គិតខ្លីទៀត រៀនស្រលាញ់ខ្លួនឯង ដោះលែងទុក្ខសោក រកសេចក្ដីសុខផ្លូវចិត្តឲ្យខ្លួនឯងវិញ។ នាងថា «ផ្លូវកាយ អាចព្យាបាលបាន ប៉ុន្ដែបើរោគផ្លូវចិត្ត មិនអាចព្យាបាលបានទេ» អីចឹងមាន តែការធ្វើសមាធិ រក្សាសីល ប្រតិបត្តិធម៌ទេ ដែលអាចធ្វើឲ្យស្ងប់ចិត្ត អត់មានក្រេវកោ្រធឡើយ ។

 បន្ទាប់ពីធ្វើអារម្មណ៍ឲ្យស្រស់ថ្លាឡើងវិញ កែវ សុបញ្ញា បានឡើងឆាកតន្រ្ដី ជាធម្មតា ហើយនាងក៏ចូល រួម ច្រៀងអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រៀបចំដោយសមាគមទូរទស្សន៍កម្ពុជា កាលពីពេលថ្មីៗនេះដែរ ពោលគឺធ្វើការផង រក្សាសីលផង។ សុបញ្ញា ថាក្រុមគ្រួសារនាងទាំងមូល សុទ្ធតែជាអ្នកប្រតិបត្តិធម៌ ហេតុនេះប្រកាន់ជំហរនិយាយអ្វីជាការពិត មិនអាចភួតកុហកបានទេ គឺរកស៊ីតែសច្ចធម៌ប៉ុណ្ណោះ ។

សូមរំលឹកថា កែវ សុបញ្ញា បានចែកផ្លូវជាមួយអតីតប្ដី មន្រ្ដីយោធា លោកប៉ាល់ ប៉ោស៊ាង កាលពីដើមខែកុម្ភៈ ឆ្នា២០២៦ បន្ទាប់ពីពួកគេដឹកដៃគ្នារៀបការ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ ការចែកផ្លូវគ្នារបស់បញ្ញា ជាមួយអតីតប្ដី គឺក្រោយតែ ១ខែប៉ុណ្ណោះ ដែលកូនស្រីរបស់ពួកគេ ទទួលមរណភាព ដោយសារដំបៅបេះដូង នៅមិនទាន់បានជះសះស្បើយ និងវិបត្តិផ្លូវចិត្ត មិនទាន់អាចព្យាបាលបានដូចដើម ទើបបញ្ញា មិននិយាយដល់ការកំណត់ថាប៉ុន្មានឆ្នាំទៀត ទើបនាងអាចបើកបេះដូងទទួលស្នេហាថ្មីឡើយ ។

ក្រៅពីកែវ សុបញ្ញា តារាដែលជ្រើសវិធីធ្វើសមាធិ ដើម្បីឲ្យអារម្មណ៍បានស្ងប់ចិត្ត មានដូចជា អឿន ស្រីមុំ, ឈិត សុវណ្ណបញ្ញា, ស៊ីន យូប៊ីន, ណា សាឌី និងនៅ សុនិតា ជាដើម ។ សម្រាប់សុបញ្ញា ក្រោយចេញពីហង្សមាស នាងក្លាយជាតារាចម្រៀងឯករាជ្យ ដែលពីមុនលែងប្ដី នាងគ្រោងផលិតបទចម្រៀងខ្លួនឯង ចេញយ៉ាងទៀងទាត់ទៀតផង ប៉ុន្ដែពេលនេះដោយសារតែមានបញ្ហាវិបត្តិផ្លូវចិត្តបែបនេះ បញ្ញា បានផ្អាកចេញបទចម្រៀង តែនៅឡើងឆាកច្រៀងបទល្បីៗ ពីមុនធម្មតា ។ នាងថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី នេះនាងមិនមានគម្រោងចេញទៅច្រៀងសម្ដែង ឬដំណើរកម្សាន្ដនៅតាមខេត្តទេ ព្រោះ «នគរសង្រ្កាន្ត» រៀបចំធំនៅរាជធានីភ្នំពេញ ហេតុនេះនាងជាប់ច្រៀងនៅភ្នំពេញ ទាំង៣ថ្ងៃ តែម្ដង ៕

RELATED ARTICLES