Thursday, September 4, 2025
Homeព័ត៌មានជាតិបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំនេះ រាជរដ្ឋាភិបាល សម្រេចផ្អាក

បុណ្យអុំទូកនៅភ្នំពេញ ឆ្នាំនេះ រាជរដ្ឋាភិបាល សម្រេចផ្អាក

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយ សារតែរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរ ធ្វើការនៅប្រទេសថៃ ដែលវិលត្រ ឡប់ចូលមកក្នុងប្រទេសកម្ពុជា វិញ ។ ប៉ុន្តែចំពោះការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅបានជាធម្មតាតាម ទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៥ សរ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែល “នគរធំ” ទទួលបាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «អនុលោមតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ០៩ សរណន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៣ សម្រាប់អនុវត្តជាអចិន្ត្រៃយ៍ ស្តីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វាទសមាស បុណ្យប្រពៃ ណីជាតិ ប្រពៃណី សាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ រាជរដ្ឋាភិបាល តែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ចំនួន៣ (បី) ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃណីរបស់ខ្មែរ ដែលមានតាំងពីយូរលង់មកហើយ ដោយ មានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន ក៏បានរៀបចំពិធីនេះផងដែរ។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ ដោយពេញលេញ និងម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលដែលមាន ប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងជាសាក្សីសហ រដ្ឋអាមេរិក ជាសហអ្នករៀបចំ ដោយមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ាន ជាអ្នកសង្កេតការណ៍។

ក្នុងស្មារតីនេះ និងដោយសាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេស ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការណែនាំ ដូចខាងក្រោម ៖

១- ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

២- ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាម ទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

៣- ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ (បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សា ដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ២០៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីប្រតិ ទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។

៤- ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមូលដ្ឋានរៀងៗខ្លួន។

៥- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់សម្របសម្រួលនិងបង្កលក្ខណៈងាយ ស្រួលដល់ការស្វែងរកការងារ របស់ពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ វិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ នៅតាមមូលដ្ឋាននីមួយៗ។

៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងនិងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិងធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា ដែលរាំង ស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និងវិនិ យោគ។

៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀមបង្ការគ្រោះ ធម្មជាតិនានា ជាពិសេស គ្រោះទឹកជំនន់ ក៏ដូចជាការត្រៀមរៀបចំទីទួលសុវត្ថិភាព ជម្រក ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ។

៨- ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិ ភាព។

ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួងស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត រដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់»៕ ខៀវទុំ

RELATED ARTICLES