
ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ដែលមានលោក ឡាំ ជា ជារដ្ឋមន្ត្រី បានចេញសេចក្ដីថ្លែងការណ៍បដិសេធ និងច្រានចោលចំពោះអនុសាសន៍របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលស្នើឱ្យលុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា ដែលការស្នើលុប MOU ដោយភាគីតែម្ខាងនេះ គឺគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយនឹងច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃប្រទេសទាំងពីរ នាពេលកន្លងមក ។ កម្ពុជា បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃ មិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែន ដែលខ្លួនជាភាគីនោះបានឡើយ ។
ចំណែកប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានគាំទ្រចំពោះការបដិសេធរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ព្រោះកិច្ចព្រមព្រៀង MOU 43 គឺត្រូវបានទទួលស្គាល់តាមច្បាប់អន្តរជាតិ និងអង្គការសហប្រជាជាតិ ដូច្នេះថៃមិនអាចលុបចោលជាឯកតោភាគីតាមអំពើចិត្តបានឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា គួរបន្តប្រើយន្តការអន្តរជាតិ ដូចជា តុលាការ និងអង្គការសហប្រជាជាតិ ព្រមទាំងសហការជាមួយដៃគូអន្តរជាតិ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ។
សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយស សូមជម្រាបជូនជនរួមជាតិ និងសាធារណជន ជាតិ-អន្ដរជាតិទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយព័ត៌មានដែលបានលើកអំពីហេតុផលនិងអនុសាសន៍ស្នើលុប MOU ៤៣ (MOU ឆ្នាំ២០០០) របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ។
ឆ្លើយតបនឹងការលើកឡើងខាងលើ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុង ចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយច្បាប់អន្ដរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរ នាពេលកន្លងមក។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណជន ជាតិ-អន្ដរជាតិ ឱ្យបានជ្រាបពីការពិតដូចខាងក្រោម ៖
១- MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងបានចូលជាធរមាន នៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគី ពាក់ព័ន្ធនឹងព្រំដែន ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC ។
២- តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃ មិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវ្យែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ1969)។
៣- MOU ឆ្នាំ២០០០ បានផ្ដល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ១៩០៤, សន្ធិសញ្ញាបារាំង-សៀម ១៩០៧, ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមា របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម, កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម, បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។ ជាក់ស្តែង នាពេលកន្លងមក គណៈកម្មការ JBC នៃភាគីទាំងពីរ សម្រេចបាននូវសមិទ្ធផលជាវិជ្ជមាន ដូចជា ការស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំង ទាំង៧៤, ការជួសជុលនិងថែទាំបង្គោលព្រំដែនសម័យបារាំង ដែលបានឯកភាពគ្នា, ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន, ការកសាងបណ្តាញបង្គោលប្រឹថពីវិភាគរួម កម្ពុជា-ថៃ និងការងារវាស់វែងលម្អិតនៅតាមច្រកទ្វារព្រំដែន ជាដើម។
ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនថា ភាគីកម្ពុជា តែងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែន តាមគ្រប់មធ្យោបាយ ដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគី ដែលមានស្រាប់ ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែន លើដីជាក់ស្តែង ជាមួយភាគីថៃ ឱ្យបានចប់ជាស្ថាពរ ក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។
ជារួម ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ។
សេចក្តីដូចបានស្រាយបំភ្លឺនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន»។

ជុំវិញសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខាងលើនេះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី យល់ថា ជាការត្រឹមត្រូវ ដែលរដ្ឋាភិបាល ត្រូវតែប្រតិកម្មអំពីរឿងនេះ ប៉ុន្តែលោកថា ការប្រតិកម្មត្រឹមការចេញសេចក្ដីប្រកាសព័ត៌មានបដិសេធ វានៅមិនទាន់គ្រប់គ្រាន់ទេ គឺកម្ពុជា ត្រូវប្ដឹងទៅអង្គការសហប្រជាជាតិ ។ ពោលគឺកម្ពុជា ត្រូវតែបង្ហាញគោលជំហររឹងមាំ ហើយឲ្យមានការជឿជាក់ពីសំណាក់អន្តរជាតិ ពិសេសអង្គការសហប្រជាជាតិ ក៏ដូចជាតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស ជឿជាក់ ហើយរួមគ្នាសហការ ដើម្បីការពារទឹកដីរបស់ខ្លួន ដែលកំពុងតែបាត់បង់ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំថា រដ្ឋាភិបាលកម្ពុជា ត្រូវតែប្រតិកម្ម ហើយការប្រតិកម្មទៅនឹងអ្វីដែលជាការបដិសេធក្នុងការដែលរដ្ឋាភិបាលសៀម បានដាក់សំណើ ហើយព្រឹទ្ធសភាថៃ បានស្នើគណៈកម្មការពិសេសនៃព្រឹទ្ធសភាថៃ គឺចង់ឲ្យលុប MOU ឆ្នាំ២០០០ ពីភាគីកម្ពុជា ជាមួយខ្លួន ហើយអ្វីដែលថៃកំពុងតែចង់ឲ្យលុបនូវអនុស្សរណៈ MOU រឿងកិច្ចការព្រំដែនគោក ឆ្នាំ២០០០ ហើយនិងឆ្នាំ២០០១ នៃរឿងព្រំដែនសមុទ្រ ព្រំដែនទឺកហ្នឹង គឺថា មិនអាចអ្វីដែលឯកតោភាគី ធ្វើតាមអំពើចិត្តទេ ព្រោះអនុស្សរណៈ MOU វាជាអនុស្សរណៈ ដែលទទួលដឹងឮដោយច្បាប់អន្តរជាតិ ទទួលដឹងឮដោយអង្គការសហប្រជាជាតិ ។ អ៊ីចឹងការចង់លុប ការចង់ធ្វើអីតាមឯកតោភាគី តាមអំពើចិត្តរបស់ភាគីសៀមហ្នឹង គឺថា ត្រូវតែមានការតវ៉ា ប្ដឹងផ្ដល់ ដេញដោលគ្នា នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ ហ្នឹងហើយ ដែលជាសេនាធិការនៃអង្គការសហប្រជាជាតិ ក្នុងការធ្វើការសម្រេចអ្វីមួយ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ អ៊ីចឹងខ្ញុំថា ការដែលប្រតិកម្មពីភាគីរដ្ឋាភិបាលកម្ពុជា វាជារឿងត្រឹមត្រូវ ប៉ុន្តែយើងប្រតិកម្មត្រឹមតែលិខិតការទូត ប្រតិកម្មប្រឆាំងទៅនឹងអ្វីដែលរដ្ឋាភិបាលសៀមបដិសេធសំណើលុបចោល MOU គឺថា រដ្ឋាភិបាលកម្ពុជានេះ ត្រូវតែធ្វើលិខិត ឬក៏ការប្ដឹងផ្ដល់បែបណាទៅអង្គការសហប្រជាជាតិ តាមរយៈអ្វីដែលយើងធ្វើកន្លងមក នៃគណៈកម្មការដោះស្រាយបញ្ហាព្រំដែន អនុស្សរណៈ MOU ឆ្នាំ២០០០ និងឆ្នាំ២០០១” ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ វាជាការពិត វាមានតម្លៃជាយុត្តាធិការច្បាប់អន្តរជាតិ ពិសេសការដឹងឮពីអង្គការសហប្រជាជាតិហ្នឹងហើយ ដែលធ្វើឲ្យតម្លៃនៃយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលមិនអាចអត់បាន ហើយភាគីទាំងពីរ គឺការធ្វើអ្វីនៅក្នុងសមូហភាពរួមនៃកិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ ពិសេសតុលាការយុត្តិធម៌ ICJ ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅឯអង្គការសហប្រជាជាតិ ។ អ៊ីចឹងហើយដោះស្រាយជាទ្វេភាគី ឬក៏ពហុភាគី ក្នុងការវាស់វែងព្រំដែន ដើម្បីបញ្ចប់នូវជម្លោះព្រំដែន ដែលជាការផុយស្រួយ ហានិភ័យមួយ ឲ្យមានសង្រ្គាមកើតឡើងជាបន្តបន្ទាប់ យើងឃើញហើយ ដោយសារតែឯកតោភាគីពីរដ្ឋាភិបាលសៀមហ្នឹងហើយ ដែលធ្វើឲ្យកម្ពុជារងទុក្ខមកដល់បច្ចុប្បន្ននេះ គឺថា សង្រ្គាមពីរលើក ពីខែកក្កដា ក៏ដូចជាខែធ្នូ ឆ្នាំ២០២៥ តើយើងបាត់បង់អ្វីខ្លះ? បាត់បង់នូវអធិបតេយ្យភាព បូរណភាពទឹកដី ដែលរដ្ឋាភិបាលថា ១៤កន្លែង ពីខេត្តកោះកុង រហូតដល់ខេត្តឧត្ដរមានជ័យ ព្រះវិហារ អីជាដើមហ្នឹង ។ អានេះហើយជាបញ្ហាដែលយើងនៅតែតម្កល់នូវអនុស្សរណៈ MOU ឆ្នាំ២០០០ ដើម្បីដោះស្រាយដោយសន្តិវិធី ហើយមានច្បាប់អន្តរជាតិ ច្បាប់ជាតិ តាមរយៈកិច្ចព្រមព្រៀង ដំណោះស្រាយ ដោយយើងលើកយកតាំងពីសាលក្រម នៅឆ្នាំ១៩៦២មកម្ល៉េះ គឺថា ជាសាលក្រមដែលយើងយកមកដោះស្រាយក្នុងសន្ធិសញ្ញាបារាំង សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ “ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ ខ្ញុំថា ដើម្បីស្ថិរភាព ធានានូវសន្តិភាពព្រំដែន សន្តិភាពមិនមានឈាម សន្តិភាពមិនមានការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ខ្ញុំថា រដ្ឋាភិបាលត្រូវតែបង្ហាញគោលជំហរច្បាស់លាស់ ព្រោះកន្លងមក រដ្ឋាភិបាលបានប្រតិកម្មតាមនយោបាយការបរទេស ក៏ដូចជាថាបានប្ដឹងទៅតុលាការយុត្តិធម៌ទីក្រុងឡាអេ ICJ ឬក៏តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អីជាដើមហ្នឹង ហើយនិងស្នើទៅអង្គការសហប្រជាជាតិ តាមរយៈការចូលរួមប្រជុំនៃគណៈកម្មការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅប្រទេសស្វីស ក៏ដូចជានៅអង្គការសហប្រជាជាតិ នៃការធ្វើសន្និបាតប្រចាំឆ្នាំ កាលពីខែកញ្ញា កន្លងទៅថ្មីៗនេះ ពីឆ្នាំ២០២៥ សុទ្ធតែអះអាងអំពីដំណោះស្រាយមួយ ដែលអាចទទួលយកបាន ដែលមិនអាចឲ្យបាត់បង់នូវអធិបតេយ្យ បូរណភាពទឹកដី ។ អ៊ីចឹងហើយក្នុងនាមជាបក្សជំនាន់ថ្មី បក្សក្រៅរដ្ឋាភិបាល យើងតែងតែជំរុញ តែងតែធ្វើការស្នើសុំទៅអង្គការសហប្រជាជាតិ ទៅអង្គការអន្តរជាតិធំៗ ពិសេសទៅដៃគូនៃយន្តការអាស៊ាន ប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាសហរដ្ឋអាមេរិកអីហ្នឹង គឺថា យើងចង់ឃើញរដ្ឋាភិបាលបង្ហាញគោលជំហរ ហើយលាតត្រដាងដោយតម្លាភាព មិនមានអាថ៌កំបាំង ការលាក់លៀមណាមួយ ក្រៅតែពីជំហរនៃការមិនឲ្យបាត់បង់ទឹកដីរបស់ខ្លួន ទៅប្រទេសដែលឈ្លានពានយើង ដូចជាប្រទេសសៀម ឃើញហើយ យើងបាត់បង់ទឹកដីប៉ុន្មានកន្លែង? ហើយយើងមិនអាចឲ្យប្រទេសមួយ ដែលមកឈ្លានពាន រំលោភបំពានតាមអំពើចិត្ត ផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គឺប្រទេសសៀម ប្រទេសយួនហ្នឹង គឺថា ជាអតីតប្រទេសចុះហត្ថលេខី ហើយទទួលធានា ការពារ អះអាងថា មិនអាចរដ្ឋបរទេសណាមករំលោភបំពានអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាបាន ប៉ុន្តែបែរជាប្រទេសសៀម គឃ្លើន ផ្គើននូវការរំលោភបំពានទឹកដីកម្ពុជា ផ្ទុយពីកិច្ចព្រមព្រៀង ក្នុងនាមជាប្រទេសអតីតចុះហត្ថលេខី ភាគីដឹងឮ សាក្សី ក្នុងការមិនឲ្យបាត់បង់អធិបតេយ្យភាព បូរណភាពទឺកដីកម្ពុជា ។ អ៊ីចឹងកម្ពុជាត្រូវតែបង្ហាញគោលជំហររឹងមាំ ហើយឲ្យមានការជឿជាក់ពីសំណាក់អន្តរជាតិ ពិសេសអង្គការសហប្រជាជាតិ ក៏ដូចជាតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស ពលរដ្ឋខ្មែរយើងហ្នឹងជឿជាក់ ហើយរួមគ្នាសហការ ដើម្បីការពារទឹកដីរបស់ខ្លួន ដែលកំពុងតែបាត់បង់ “ ។

សូមបញ្ជាក់ថា យោងតាមការចុះផ្សាយរបស់កាសែតថៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការពិសេស លោក ណុបផាដន អ៊ីនហា ( Noppadon Inha) បានប្រកាសពីការស្នើលុបចោលកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ ឆ្នាំ២០០០ ឬ MOU ៤៣ ស្តីពីការវាស់វែងខណ្ឌសីមាគោក រវាងថៃ និងកម្ពុជា។ សមាជិកព្រឹទ្ធសភាថៃ រូបនេះ បានអះអាងថា ការលុបចោល MOU ឆ្នាំ២០០០ ជាមួយកម្ពុជាអាចធ្វើទៅបានជាឯកតោភាគី ក្រោមហេតុផលថា កម្ពុជា បានបំពានដែនអធិបតេយ្យ និងជីវិតជនស៊ីវិលថៃ។
សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការពិសេសដែលសិក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោលអនុស្សារណៈយោគយល់ឆ្នាំ២០០០ និង២០០១ លោក ណុបផាដន អ៊ីនហា (Noppadon Inha) បានអះអាងពីមូលហេតុចំនួន ៦ចំណុច នៃការឈានទៅលុបចោល MOU ឆ្នាំ២០០០ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលត្រូវបានអះអាងថា MOU ឆ្នាំ២០០០ មានចំណុចខ្វះខាត។ ជាក់ស្តែង និងបើតាមលោកណុបផាដន មូលហេតុទី១ គឺការទទួលយកផែនទីខ្នាត ១/២០០ ០០០ របស់កម្ពុជា ផ្ទុយនឹងផែនទីខ្នាត ១/៥០ ០០០ របស់ថៃ ដែលបង្កើតឲ្យមានបញ្ហាក្នុងការកំណត់ព្រំដែន។
មូលហេតុទី២ គឺ MOU ឆ្នាំ២០០០ រវាងថៃ និងកម្ពុជា មិនធ្លាប់បានត្រួតពិនិត្យដោយសភាថៃ។ មូលហេតុទី៣ គឺរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ របស់កម្ពុជា តម្រូវឲ្យប្រើប្រាស់ផែនទីខ្នាត ១/១០០ ០០០ ដែលជាហេតុថា ផែនទីដែលផលិតក្រោមអនុស្សារណៈយោគយល់ឆ្នាំ២០០០ មិនត្រូវបានទទួលស្គាល់ពីភាគីកម្ពុជា។ ហេតុផលទី៤ គឺក្នុងរយៈពេល ២៦ឆ្នាំ នៃការចូលជាធរមាន MOU ឆ្នាំ២០០០ បានដោះស្រាយបញ្ហាព្រំដែនគោក រវាងកម្ពុជា និងថៃ តិចតួចបំផុត។ រីឯហេតុផលទី៥ គឺការប៉ះទង្គិចព្រំដែន ចំនួន ២ដង ក្នុងឆ្នាំ២០២៥ បានបង្ខំចិត្តឲ្យថៃ ត្រូវពឹងផ្អែកទាំងស្រុងលើសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការព្រំដែនទូទៅ ដែលកងទ័ពទាំងសងខាង ត្រូវឈរជើងលើទីតាំងបច្ចុប្បន្ន។ រីឯមូលហេតុចុងក្រោយ លោកណុបផាដន បានចោទប្រកាន់ថា កម្ពុជា បានបរាជ័យក្នុងការអនុវត្ត MOU ឆ្នាំ២០០០ ដោយបង្កឲ្យមានភាពតានតឹង និងបង្កើតព័ត៌មានក្លែងក្លាយជុំវិញបញ្ហាព្រំដែន។ លោកណុបផាដន ថាគណៈកម្មាធិការពិសេសព្រឹទ្ធសភា ជឿជាក់ថា ថៃ អាចលុបចោល MOU ឆ្នាំ២០០០ ដោយគ្មានការព្រមព្រៀងពីភាគីកម្ពុជា ក្រោមមាត្រា ៦០ នៃអនុសញ្ញាទីក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា ដោយចោទកម្ពុជា ថាបានរំលោភបំពានលើដែនអធិបតេយ្យថៃ និងការប្រើប្រាស់អាវុធយោធាប្រឆាំងជនស៊ីវិលថៃ។ សមាជិកព្រឹទ្ធសភាថៃ រូបនេះថា ទោះបីជាអនុស្សរណៈយោគយល់ឆ្នាំ២០០០ ឬ MOU43 អាចត្រូវលុបចោលក្នុងពេលខាងមុខនេះ តែភាគីទាំង២ ថៃ និងកម្ពុជា នៅតែអាចប្រើប្រាស់យន្តការក្រោមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការព្រំដែន ឆ្នាំ១៩៩៥ ដើម្បីដោះស្រាយជម្លោះ ឬម្យ៉ាងវិញទៀត ប្រទេសទាំងពីរ អាចបង្កើតកិច្ចព្រមព្រៀងមួយថ្មីឡើង តែកិច្ចព្រមព្រៀងថ្មីនោះ មិនអាចទទួលស្គាល់ផែនទីមាត្រដ្ឋាន ១/២០០ ០០០ ឡើយ ។ បើតាមគម្រោងដែលសមាជិកព្រឹទ្ធសភាថៃ បានស្នើ របៀបវារៈនៃការស្នើលុបចោលកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ឆ្នាំ២០០០ អាចត្រូវដាក់ក្នុងកិច្ចប្រជុំព្រឹទ្ធសភា នៅខែមេសា ឆ្នាំ២០២៦ ខាងមុខ មុននឹងបញ្ជូនបន្តទៅគណៈរដ្ឋមន្ត្រីថៃ។
ទោះបីជាយ៉ាងណា កម្ពុជា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃ មិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែន ដែលខ្លួនជាភាគីនោះបានឡើយ ។ ចំណែកអ្នកជំនាញ និងបណ្ឌិត បញ្ញវន្តកម្ពុជា យល់ឃើញថា ភាគីថៃ ចង់លុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគី ដោយបំពានច្បាប់អន្តរជាតិបែបនេះ គឺក្នុងបំណងនិងមហិច្ឆតាទុច្ចរិតដើម្បីលេបយកទឹកដីកម្ពុជា ដែលខ្លួនបានឈ្លានពានកាន់កាប់ដោយខុសច្បាប់ និងគេចវេះពីការអនុវត្តនូវកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ដែលជាការដែលមិនអាចទៅរួចឡើយ។
គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ (MOU ឆ្នាំ២០០០) ត្រូវបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដោយភាគីកម្ពុជា តំណាងដោយទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ហើយប្រទេសថៃ តំណាងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក សុមបាន ប៉ារីប៉ាត្រា ៕ កុលបុត្រ