អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដណ្តើមយកមកវិញនូវការគ្រប់គ្រងព្រំដែនហ្គាហ្សាស្ទ្រីបដោយបានវាយលុកតំបន់ជុំវិញជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំនៃជម្លោះរបស់ខ្លួនជាមួយប៉ាឡេស្ទីន ទោះបីជាមានការគំរាមកំហែងពីក្រុមហាម៉ាសដើម្បីប្រហារជីវិតឈ្លើយសឹកម្នាក់រាល់ការបាញ់ប្រហារម្តងរបស់អ៊ីស្រាអែលក៏ដោយ។
អ៊ីស្រាអែលបានប្តេជ្ញាថានឹងធ្វើការសងសឹកដ៏ខ្លាំងក្លារបស់ខ្លួនចាប់តាំងពីខ្មាន់កាំភ្លើងរបស់ហាម៉ាសបានវាយលុកពេញទីក្រុងរបស់ខ្លួនដោយបន្សល់ទុកតាមដងផ្លូវពោរពេញដោយសាកសព រហូតក្លាយជាការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ អ៊ីស្រាអែលបានកោះហៅទាហានបម្រុង៣០ម៉ឺននាក់ និងឡោមព័ទ្ធតំបន់ហ្គាហ្សាដែលមានប្រជាជនជាង២លាននាក់។

អ៊ីរ៉ង់ បដិសេធពាក់ព័ន្ធជាមួយក្រុមហាម៉ាស
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃអង្គារបានបដិសេធការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ណាមួយនៅក្នុងការវាយប្រហារដ៏រន្ធត់កាលពីចុងសប្តាហ៍របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលទោះបីជាមានការគាំទ្រយ៉ាងខ្លាំងចំពោះក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏ដោយ។
លោក Khamenei បាននិយាយនៅក្នុងសុន្ទរកថាមួយថា អ្នកគាំទ្រនៃរបប Zionist (អ៊ីស្រាអែល) និងមនុស្សមួយចំនួន បានកំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមក្នុងរយៈពេលពីរឬបីថ្ងៃ ថា អ៊ីរ៉ង់-អ៊ីស្លាមជាអ្នកនៅពីក្រោយសកម្មភាពនេះ។

សង្គ្រាមអ៊ីស្រាអែល -ហាម៉ាស់៤ថ្ងៃស្លាប់ជាង១៦០០នាក់
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបាននិយាយនៅព្រឹកថ្ងៃអង្គារនេះថាចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលបានកើនឡើងដល់ ៧៧០នាក់ហើយ។ក្រសួងបាននិយាយថាក្នុងចំណោមអ្នក ស្លាប់រួមមានកុមារ ១៤៣ នាក់ និងស្ត្រី ១២០នាក់ផងដែរ។ចំណែកឯអ្នករងរបួសបានកើនឡើងដល់ប្រហែល៤០០០ នាក់។

ចំណែកឯអ៊ីស្រាអែលវិញក៏មានអ្នកស្លាប់ចំនួនជាង៩០០នាក់ និងរបួសជាង២៦០០នាក់នៅក្នុងការប្រយុទ្ធគ្នារយៈពេល៤ថ្ងៃ។ នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ៕
