សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូងបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២៣ ដោយរៀបចំបោះឆ្នោតអនុញ្ញាតឱ្យរដ្ឋអាជ្ញាចេញដីកាចាប់ខ្លួនមេដឹកនាំប្រឆាំងដ៏សំខាន់គឺលោក លោក Lee Jae-myung ដែលកំពុងប្រឈមនឹងការស៊ើបអង្កេតពីបទស៊ីសំណូកនិងការរំលោភលើកាតព្វកិច្ចរបស់ខ្លួន។

លោក Lee ត្រូវបានគេចោទប្រកាន់ពីបទស្នើសុំឱ្យក្រុមហ៊ុនផ្ទេរប្រាក់ ៨ លានដុល្លារទៅឲ្យកូរ៉េខាងជើងដោយខុសច្បាប់ កាលលោកធ្វើជាអភិបាលខេត្ត Gyeonggi។
គាត់ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចរបស់ខ្លួនត់ចំពោះការបាត់បង់លុយ១៥លានដុល្លារអាមេរិក) ដោយសាជីវកម្មអភិវឌ្ឍន៍ក្រុងក្នុងអំឡុងពេលលោកជាអភិបាលក្រុង Seongnam ។
លោកLeeមិនមានវត្តមាននៅក្នុងសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតនោះទេ។ លោកបានធ្វើកូដកម្មអត់អាហារចាប់តាំងពីថ្ងៃទី 31 ខែសីហា។ ប្រធានាធិបតីលោកយុន ស៊ុកយុល បច្ចុប្បន្នកំពុងនៅទីក្រុងញូវយ៉កដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។
រឿងភ្ញាក់ផ្អើលនៅត្រង់ថាសភាកូរ៉េខាងត្បូងស្ថិតនៅក្រោម ការគ្រប់គ្រងសំឡេងភាគច្រើនរបស់បក្សប្រឆាំងផ្ទាល់។ នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ។ការបោះឆ្នោតនេះមានន័យថា មេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung ត្រូវប្រឈមមុខនឹងតុលាការដើម្បីប្រឆាំងនឹងការចាប់ខ្លួនលោកជុំវិញការចោទប្រកាន់នេះ។
ការបោះឆ្នោតនេះទទួលបានសំឡេងគាំទ្រ ១៤៩ទល់នឹង១៣៦ជាមួយនឹងសម្លេងអនុបវាទចំនួន ៦និង ៤សំឡេងទៀតមិនបានការនៅក្នុងការបោះឆ្នោតសម្ងាត់ដែលមាន សំឡេងសរុប ២៩៥។
ការបោះឆ្នោតដាច់ដោយឡែកពីគ្នាមួយទៀត សភាបានបោះឆ្នោតបណ្តេញនាយករដ្ឋមន្ត្រី Han Duck-soo ចំពោះការបរាជ័យគោលនយោបាយរបស់រដ្ឋាភិបាលមួយចំនួន រួមទាំងការស្លាប់មនុស្សជាច្រើននៅក្នុងពិធីបុណ្យ Halloween ដ៏សាហាវ ការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់និងការរៀបចំកាយរឹទ្ធិពិភពលោកដែលរងការរិះគន់យ៉ាងខ្លាំង។
វាគឺជាលើកទីមួយហើយដែលសំណើបែបនេះត្រូវបានអនុម័តប្រឆាំងនឹងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងទោះបីជាវាមិនជាប់កាតព្វកិច្ចក៏ដោយ ហើយប្រធានាធិបតីលោកយុន ស៊ុកយុល ត្រូវបានគេរំពឹងថានឹងប្រើអំណាចរបស់គាត់ដើម្បីបដិសេធវា។

សមាជិកសភាមានអភ័យឯកសិទ្ធិប្រឆាំងនឹងការចាប់ខ្លួន នៅពេលដែលសភាស្ថិតក្នុងសម័យប្រជុំ លុះត្រាតែសមាជិករបស់ខ្លួនបោះឆ្នោតឱ្យដកតំណែងនេះដោយសំឡេងភាគច្រើន។ គណបក្សប្រជាធិបតេយ្យរបស់លោក Lee ទទួលបាន១៦៧អាសនៈនៅក្នុងសភាដែលមានសមាជិកចំនួន ២៩៨។
លោក Lee បានបដិសេធរាល់ការប្រព្រឹត្តខុសដោយហៅការចោទប្រកាន់ថាជារឿងប្រឌិត និងជាការសមគំនិតនយោបាយ។គាត់និងសមាជិកជាច្រើននៃគណបក្សរបស់គាត់បានរិះគន់ការស៊ើបអង្កេតប្រឆាំងនឹងគាត់ ៕