បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍លោក ប្រាយុទ្ធ បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាលដែលបានសួរសំណួរថាតើលោក បានផ្តល់បទបញ្ជាពិសេសណាមួយដល់អគ្គស្នងការប៉ូលិសភូមិន្ទថៃ លោក Pol General Damrongsak Kittiprapas ជុំវិញការវិលត្រឡប់ចូលមាតុភូមិវិញរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រានៅខែកក្កដាខាងមុខនេះដែរឬទេ។

នាយករដ្ឋមន្ត្រីដែលផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានឆ្លើយថា លោកមិនបានផ្តល់ការណែនាំពិសេសណាមួយដល់ប៉ូលិសក្នុងករណីដែលអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់មករាជាណាចក្រវិញនៅខែក្រោយនោះទេ។
លោក ប្រាយុទ្ធ បាននិយាយថា លោកថាក់ស៊ីនអាចត្រឡប់មកប្រទេសវិញនៅពេលណាដែលលោកចង់បានដរាបណាលោកគោរពតាមច្បាប់ និងអនុវត្តទោសដែលបានផ្តល់ឱ្យលោក។
លោក ប្រាយុទ្ធ បានដើរចេញពីវេទិកា នៅពេលអ្នកសារព័ត៌មានសួរគាត់ថា តើដល់ពេលដែលត្រូវបញ្ចប់ជម្លោះរវាងក្រុមស៊ីណាវ៉ាត្រា និងគូប្រជែងរបស់ពួកគេហើយឬនៅ? លោកតបានឆ្លើយដោយខ្លីថាមិនមានជម្លោះអ្វីនោះទេ។ អ្នក [អ្នករាយការណ៍] បានបង្កើតជម្លោះដោយខ្លួនឯង។
លោកថាក់ស៊ីនបានកំពុងរស់នៅនិរទេសខ្លួនឯងនៅក្នុងទីក្រុងឌូបៃតាំងពីឆ្នាំ២០០៨ហើយលោក ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារសរុបចំនួន ១២ឆ្នាំក្នុងសំណុំរឿងពុករលួយចំនួនបួន។លោកថាក់ស៊ីនបាននិយាយម្តងហើយម្តងទៀតថា លោកនឹងត្រឡប់ទៅប្រទេសថៃវិញនៅខែក្រោយ ដើម្បីឲ្យលោកមានឱកាសនៅជាមួយចៅៗរបស់លោកក្នុងជីវិតចុងក្រោយ។
កូនស្រីថាក់ស៊ីន៖ឪពុករបស់ខ្ញុំនៅតែរក្សាជំហរវិលត្រឡប់មកវិញ

លោកស្រីPaetongtarn Shinawatra បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធទី១៤មិថុនាឆ្នាំ២០២៣ថាឪពុករបស់លោកស្រីនៅតែមានបំណងវិលត្រឡប់មកប្រទេសថៃវិញនៅខែកក្កដានេះដដែល។
លោកស្រីPaetongtarnបាននិយាយនៅទីស្នាក់ការគណបក្សភឿថៃថាលើកចុងក្រោយដែលខ្ញុំបាននិយាយជាមួយឪពុករបស់ខ្ញុំគាត់នៅតែប្តេជ្ញាចិត្តថានឹងវិលត្រឡប់មកវិញនៅខែក្រោយដូចដែលគាត់បានសន្យា។លោកស្រីក៏បានច្រានចោលការរំពឹងទុកដែលថាម្តាយរបស់លោកស្រី Khunying Potjaman Na Pombejra និងសមាជិកដទៃទៀតនៃគ្រួសារមិនចង់ឱ្យថាក់ស៊ីនត្រឡប់មកវិញនៅខែក្រោយ។ អ្នកស្រី Paetongtarn បាននិយាយថាពួកគេមិនប្រឆាំងនឹងការវិលត្រឡប់របស់គាត់ទេប៉ុន្តែព្រួយបារម្ភអំពីផលវិបាកដែលអាចកើតមាន។
ជាមួយគ្នានេះដែតលោកស្រីក៏បាននិយាយថា លោកស្រីបានត្រៀមខ្លួនជានាយករដ្ឋមន្ត្រីបន្ទាប់ប្រសិនបើលោក Pita Limjaroenrat ប្រធានគណបក្ស ឆ្ពោះទៅមុខមិនអាចធ្វើបាន។ រហូតមកដល់ពេលនេះ លោកស្រីនៅតែគាំទ្រលោក Pita ជានាយករដ្ឋមន្ត្រីបន្ទាប់៕