នៅរដូវកូវីដ២ឆ្នាំនេះតារាជើងខ្លាំងៗមានដូចជាមាស សុខសោភា,ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ជាដើមមិនសូវមានសន្ទុះដូចមុនឡើយគឺនៅទ្រឹងរៀងៗខ្លួនបើទោះជាពួកគេនៅតែមានបទចម្រៀងចេញមួយៗក្ដី។ប៉ុន្ដែបើក្រឡេកមកមើលស្រីស្រស់តូចតន់របស់ផលិតកម្មGalaxy នាងតន់ ច័ន្ទសីម៉ា វិញទោះជាថ្មីៗនេះនាងរងការរិះគន់ស្ពឹកមុខរឿងច្រៀងកាន់កំាំភ្លើងជ័រក្នុងថ្នាក់រៀនបទ”Are You Ok ?”ក្ដីតែសន្ទុះអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២មិនបានកាន់ពានរូបនេះហាក់នៅតែមានប្រៀបជាងតារាចម្រៀងស្រីផ្សេងៗទៀតក្រោយពីនាងបានចាប់ដៃជាមួយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងខេម រហូតធ្វើឲ្យសីម៉ា ក្លាយទៅជាអ្នកចម្រៀងស្នូលរបស់Galaxyតែម្ដង។



សំណួរដែលមហាជនលើកឡើងថាតើអំឡុងពេលដែលតន់ ច័ន្ទសីម៉ា ឡើងកូដខ្លាំងនេះហង្សមាសដែលមិនជ្រើសយកនាង ធ្វើជាសមាជិករបស់ខ្លួននោះមានការសោកស្ដាយក្រោយឬអត់?ការលើកឡើងបែបនេះដោយសារតែកន្លងមកមានការព្យាករណ៍ ថាច័ន្ទសីម៉ា នឹងក្លាយទៅជាគូប្រជែងជាមួយឱក សុគន្ធកញ្ញា ដែលជាអតីតគ្រូបង្វឹករបស់ខ្លួននាពេលអនាគតព្រោះអ្នកចាត់ការទូទៅរបស់Galaxyលោកយឹម តាស្រង់ បានអះអាងថាបច្ចុប្បន្នសីម៉ា ជាតារាលំដាប់Grade A ។



អ្នកជំនាញធ្វើភ្លេងនៅហង្សមាស(Composer)ដែលបម្រើរការនៅទីនោះរយៈពេលជាង១០ឆ្នាំទៅហើយបាននិយាយដោយសុំមិន ឲ្យដាក់ឈ្មោះថាតន់ ច័ន្ទសីម៉ា បើគ្មានឱក សុគន្ធកញ្ញា ចុចប៊ូតុងជ្រើសយកធ្វើជាកូនក្រុមពេលប្រលងThe Voice Cambodia នោះទេម្លេះពេលនេះនាងក៍មិនល្បីបានប៉ុណ្ណឹងដែរ។យ៉ាងណាលោកថារឿងហង្សមាសស្ដាយសីម៉ា ពេលនេះឬអត់នោះលោក មិនអាចនិយាយជំនួសថៅកែបានទេ តែលោកនិយាយត្រង់ថាបើសីម៉ា ចូលហង្សមាសក៍មិនល្បីដូចទៅGalaxyដែរព្រោះហង្សមាសតារា ច្រើនបែងចែកបទចម្រៀងគ្នាច្រៀង មិនមែនដូចសីម៉ា នៅGalaxy ជាតួឯកមានបទចម្រៀងចេញរហូតអីចឹងទេ។លោកថាទៅច្រៀងនៅផលិតកម្មណាក៍ដោយបើគេមិនលើកក៍មិនល្បីដែរទោះជាសម្ថភាំពខ្លាំងយ៉ាងណាក្ដី អីចឹងសីម៉ា ចូលGalaxy ត្រូវហើយ។



ថ្វីត្បិតតែComposer រូបនោះទទួលស្គាល់ថាតន់ ច័ន្ទសីម៉ា ឡើងកូដជាងគេក្នុងចំណោមតារាផ្នែកយុវវ័យមែនតែលោកថាមិន អាចយកសីម៉ា ទៅប្រៀបធៀបជាមួយមាស សុខសោភា ,ឱក សុគន្ធកញ្ញា ឬពេជ្រ សោភា បានទេ ព្រោះពួកគេល្បីតាំងពីច័ន្ទសីម៉ា គ្មានអ្នកស្គាល់ម្លេះ។
តារាវ័យ២៤ឆ្នាំតន់ ច័ន្ទសីម៉ា កំពុងថតសម្ដែងបទ”Are You Ok?”ឡើងវិញក្រោយផ្ទុះការិះគន់យ៉ាងចាស់ដៃមុននេះធ្វើឲ្យ ស្រីស្រស់ព្យាយាមស្ដារមុខមាត់ឡើងវិញ។ដោយឡែកទាក់ទងរឿងបេះដូងវិញអ្នកចម្រៀងផ្ដើមចេញពីអ្នកស្មូតនៅខេត្តតាកែវរូបនេះមិនធ្លាប់មានរឿងអាស្រូវស្នេហានោះទេ ប៉ុន្ដែមានព័តមានថានាងត្រូវពោះម៉ាយម្នាក់តាមស្នេហ៍យ៉ាងប្រកិតតែម្ដង។


តន់ ច័ន្ទសីម៉ា មានការប្រែប្រួលរូបសម្រស់ច្រើននៅរយៈពេលចុងក្រោយនេះពិសេសទម្រង់មុខ និងស្បែកកាន់តែសខ្ចីតែម្ដងមិនដូចអំឡុងពេលដែលនាងបង្ហាញខ្លួនពេលប្រលងចម្រៀងThe Voice Cambodia រដូវកាលទី២នោះឡើយទើបធ្វើឲ្យមានការលើកឡើងថាសម្រស់ស្រីស្រស់រូបនេះប្រែប្រួលទៅតាមទឹកលុយ។យ៉ាងណាសីម៉ា និយាយត្រង់ៗកាលពីពេលថ្មីៗនេះថានាងពិតជាបានកែផ្នែកខ្លះនៃសម្រស់មែនក្នុងនោះមានដូចជាការធ្វើច្រមុះ និងចាក់ចង្ការ។តែនាងថាកន្លែងផ្សេងៗទៀតនៃរាងកាយរបស់នាងគ្មានបានកែកុនដូចគេសង្ស័យឡើយ។



តាមព័តមានថាបន្ទាប់ពីតន់ ច័ន្ទសីម៉ា ក្លាយទៅជាដៃគូរបស់លោកព្រាប សុវត្ថិ និងខេម ហើយនោះថៅកែផលិតកម្មរបស់នាងនឹងធ្វើឲ្យតារាតូចច្រឡឹងរូបនេះកាន់តែឡើងកូដជាងនេះថែមមួយក្រឺតទៀតនោះគឺផ្ដល់តំណែងតួឯកក្នុងភាពយន្ដរបស់Galaxyនាពេលខាងមុខនេះ។ប៉ុន្ដែច័ន្ទសីម៉ា ដែលផ្អាកច្រៀងសម្ដែងជាច្រើនខែនៅតាមបណ្ដារប៉ុស្ដិ៍ទូរទស្សន៍ក្រោយពីថៅកែកំណត់តម្លៃខ្លួនខ្ពស់ពេកធ្វើឲ្យអ្នកដឹកនាំកម្មវិធីគ្មានលទ្ធភាពជួលនាងនោះអាចនឹងចាប់ដៃថតកុនជាមួយលោកខេម មុនព្រាប សុវត្ថិ ហើយការដែលមាស សុខសោភា និងពេជ្រ សោភា ប្រកែកទៅចូលរួមជាមួយGalaxy នោះធ្វើឲ្យច័ន្ទសីម៉ា នៅតែជាដៃគូចម្រៀងរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដោយគ្មានជម្រើស៕
ហ៊ឹម វិចិត្រ

