អតីតតារាចម្រៀងហង្សមាសលោកព្រាប សុវត្ថិ ដែលត្រូវបានគេគិតថាលោកនឹងមិនសប្បាយចិត្តព្រោះតែឆ្នាំនេះគ្មានបទចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខណៈដែលលោកខេម ប៊ុនថៃ បានសម្រុកវាយលុកបទប្រពៃណីខ្មែរធ្វើឲ្យលោកសុវត្ថិ ប្រឈមពិបាកទប់លំនឹងនោះ ស្រាប់តែនៅថ្ងៃទី២ខែតុលា លោកស្នាយ នៅតែបញ្ចេញស្នាមញញឹមជាមួយថៅកែGalaxyដោយថែមទាំងទៅធ្វើម្ហូបនៅកណ្ដាលព្រៃភ្នំជាមួយម្ចាស់ផលិតកម្មរបស់ខ្លួនទៀតផង ដែលនេះបញ្ជាក់ថាក្រោយចេញពីហង្សមាសជាង១ឆ្នាំព្រាប សុវត្ថិ មានការប្រែប្រួលស្ទើតែទាំងស្រុងនោះគឺលោកបានធ្វើនូវអ្វីដែលចង់។


ចំពោះទំនាក់ទំនងរវាងព្រាប សុវត្ថិ និងថៅកែGalaxyក៍ស្ទើតែដូចបងប្អូនទៅហើយ ស្របពេលដែលព្រាប សុវត្ថិ ធ្លាប់និយាយថាលោកពេញចិត្តថៅកែថ្មីព្រោះតែមានប្រវត្តិតស៊ូដូចរូបលោកដែរ។យ៉ាងណាមជ្ឈដ្ឋានមហាជនជាច្រើននៅតែលើកឡើងថាកេរ្ដិ៍ឈ្មោះរបស់ព្រាប សុវត្ថិ ពេលទៅដល់Galaxyនេះមិនដូចនៅហង្សមាសនោះទេពោលគឺអ្នកនិយមស្ដាប់និងច្រៀងបទចម្រៀងរបស់លោកពីមុនភាគច្រើនគឺស្គាល់តែបទលោកនៅហង្សមាស ចំពោះការទៅGalaxyពួកគេមិនចាំថាព្រាប សុវត្ថិ បានចេញបទអីខ្លះឬល្បីប៉ុន្មានបទឡើយ។


លោកជំនាញធ្វើភ្លេង(Composer)នៅហង្សមាសម្នាក់បាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាគ្រប់គ្នាអាចមើលដឹងថាបទចម្រៀងរបស់ព្រាប សុវត្ថិ នៅហង្សមាសនិងGalaxyមួយណាត្រូវបានគេនិយមជាងគឺនៅពេលដែលមានការប្រលងចម្រៀងកម្មវិធីធំៗបើគេយកបទលោកទៅច្រៀងនៅGalaxyច្រើនមានន័យថាព្រាប សុវត្ថិ នៅតែខ្លាំង ។ប៉ុន្ដែបើគេនៅតែយកបទព្រាប សុវត្ថិ ច្រៀងនៅហង្សមាសនោះបញ្ជាក់ថាព្រាប សុវត្ថិ នៅល្បីដោយសារតែកេរ្ដិ៍ឈ្មោះពីមុនមកទេ ។



ព្រាប សុវត្ថិ ច្រៀងជាង២៣ឆ្នាំមកហើយដែលឆ្នាំនេះអាចជារដូវកាលដំបូងសម្រាប់អាជីពចម្រៀងរបស់លោកដែលគ្មានបទសម្រាប់ពិធីបុណ្យភ្ជុំបុណ្ឌហើយអ្នកចាត់ការទូទៅរបស់Galaxyលោកយឹម តាស្រង់ លើកឡើងថាផលិតកម្មមួយនេះផ្អាកធ្វើបទប្រពៃណីមួយអន្លើសិន ដើម្បីស្វែងរកអ្វីៗដែលថ្មីៗ។



យ៉ាងណានេះគ្រាន់តែជាឆ្នាំដំបូងដែលព្រាប សុវត្ថិ ឈជើងនៅGalaxyគឺនៅសល់កុងត្រាជិត៤ឆ្នាំទៀត ហេតុនេះហើយគេមិនទាន់អាចសន្និដ្ឋានបានទេតើព្រាប សុវត្ថិ ចេញពីហង្សមាសចូលផលិតកម្មថ្មីនេះខុសឬត្រូវនោះ។តែប្រសិនបើព្រាប សុវត្ថិ លែងល្បីខ្លាំងដូចមុនទៀតក៍តារាវ័យ៤៦ឆ្នាំរូបនេះក្លាយទៅជាតារាមានទ្រព្យស្ដុករួចជាស្រេចទៅហើយព្រោះតែកាលពីចុងខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតបំផុតជាមួយព្រាប សុវត្ថិ ទម្លាយប្រាប់អ្នកកាសែតថាតារាចម្រៀងកូន៣រូបនេះសល់ទ្រព្យចំនួន៣០លានដុល្លារ៕

