Wednesday, June 25, 2025
Homeតារាខ្មែរអ៊ីវ៉ា លាក់គូស្នេហ៍ថ្មី

អ៊ីវ៉ា លាក់គូស្នេហ៍ថ្មី

អ៊ីវ៉ា បានផ្ដាច់ស្នេហ៍ចាស់ជាមួយលោកថៅកែក្លឹប​និងហាងបញ្ចាំលោក”ប”នៅ​ក្រុង​សៀម​រាបជាង៧ឆ្នាំមកហើយព្រោះតែបុរសទ្រព្យ​ស្ដុកនោះប្រចណ្ឌនិងហួងហែងនាងខ្លាំង​ពេក​ទើបធ្វើឲ្យអ៊ីវ៉ា ខកខានធ្វើប្អូនថ្លៃលោកផ្កាយ៣ម្នាក់។ទោះជាយ៉ាងណាអ៊ីវ៉ា ប្រាប់ថានៅ​ឆ្នាំ​២០​២៣​ខាងមុខនេះចំពេលនាងមានអាយុគម្រប់អាយុ៣០ឆ្នាំនោះនាងអាច​នឹងគិតគូរឿង​រៀប​ការ​ហើយ​​មិន​បណ្ដោ​យឲ្យឆ្លងទៅអាយុច្រើនជាង​នេះទេ។ប៉ុន្ដែនៅពេលដែល​អ្នកយកព័តមាន​យើង​សាក​សួររឿងគូស្នេហ៍ថ្មីនោះអ៊ីវ៉ា ព្យាយាមលាក់​ដោយថាមិនទាន់ច្បាស់លាស់ទៅវិញតែ​នាង​សារភាពថា​ពិតជាមានបុរសទាំងក្នុងនិងក្រៅស្រុកធ្លាប់តាមសុំស្នេហ៍មែន មិនអត់​នោះ​ទេ…។

ទោះជាអ៊ីវ៉ា មិនព្រមបង្ហាញអត្តសញ្ញាណគូស្នេហ៍ថ្មីមែន តែការត្រៀមខ្លួនគ្រងឈុតកូន​ក្រមុំរបស់នាងប្រាកដជាធ្វើឲ្យឪពុកនាងលោកអ៊ូ វ៉ាវ សប្បាយចិត្តជាមិនខានព្រោះលោកវ៉ាវ ហៅចន្ថា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​លោកមិនចង់ឲ្យកូនស្រីទុកភាពនៅលីវត​ទៅ​ទៀត​​នោះទេ ព្រោះលោកយល់ថាជីវិតមនុស្សយើង​ប្រៀបបានផ្កាអីចឹងរីកហើយក៍រោយ​ទៅ​វិញហេតុនេះបើនៅមិនទាន់យកគូច្រើនឆ្នាំពេកខាតតែពេលវេលា។លោកថាមិនបារម្ភចំពោះកូនស្រីថាមានប្ដីទៅការងារសិល្បៈធ្លាក់ចុះឬមិនសូវមានគេគាំទ្រនោះទេព្រោះតារានៅលើសម្ថភាពហើយមហាជនគាំទ្រតារាមិនមែនរឿងថានៅលីវឬមានគ្រួសារហើយនោះឡើយ។លោកបន្ថែមថាបើអ៊ីវ៉ា ឆាប់មាន​គ្រួសារ​ទៅអាច​ជំនួសដៃជើងលោកបានជាពិសេសគឺការ​បើក​រថយន្ដជូននាងទៅ​ច្រៀង​តាម​ឆាក​តន្រ្ដីហើយលោកអាចសម្រាកនៅផ្ទះបានច្រើនជាងមុន។

ក្រៅពីជម្រុញឲ្យអ៊ីវ៉ា ឆាប់យកប្ដីនោះលោកអ៊ូ វ៉ាវ ថែមទាំងផ្ដល់ល័ក្ខខណ្ឌងាយៗដល់​អនាគតកូនប្រសសាររបស់លោកដូចជាមិនប្រកាន់វណ្ណៈនោះទេ ប៉ុន្ដែជំហរបស់លោក​នៅ​រក្សារ​ដដែលនោះគឺរឿង”ប្ដីគេ”ផ្ទះរបស់លោកមិន​ស្វាគមន៍ជាដាច់ខាតទោះជាមហាសេដ្ឋី​ក៍​ដោយគឺមិនឲ្យចូលផ្ទះលោកតែម្ដង។យ៉ាងណាលោកវ៉ាវ បន្ថែមថាលោកនៅតែទុកសិទ្ធិ​ទៅឲ្យកូន​ស្រី​ជ្រើសរើសគូស្រកដូចមុនដដែលពោលគឺ៦០%ឲ្យកូនជាអ្នកសម្រេចចិត្ត ហើយ៤០%លោក​មើលតាមក្រោយកូន។

អ៊ីវ៉ា ចាប់អាជីពចម្រៀងជាង១០ឆ្នាំនាងមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាធ្ងន់ធ្ងរឡើយគឺ​ទើបតែនៅថ្ងៃទី១០សីហា តារាសាន់ដេរូបនេះត្រូវនារីម្នាក់​ដែលមានអាខោនហ្វេសបុក​ឈ្មោះ​Ah July បានជេនាងនិងឪពុកដោយព្រមានធ្ងន់ៗទៀត​ផងទើបធ្វើឲ្យផ្អើលពេញ​បណ្ដាញ​សង្គ​ម​។ប៉ុន្ដែក្រោយអ៊ីវ៉ា បានជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ និងព្រមានប្ដឹងស្រ្ដីរូបនោះ​ប្រសិន​បើ​នាងមិនបញ្ឈប់សកម្មភាពជេប្រទេចមកលើនាងនោះទើបធ្វើឲ្យរឿងរ៉ាវនេះស្ងាត់ទៅវិញ ហើ​យអ៊ីវ៉ា ចេញច្រៀងសម្ដែងជាធម្មតាមិនខ្លាចពីសុវត្ថិភាពនោះទេ ព្រោះតាំងពីចាប់ក្បាលមី​ក្រូច្រៀង​រហូតមកដល់ពេលនេះនាងត្រូវបានឪពុកតាមការពារជាប់គ្រប់ជំហ៊ានតែម្ដង។

គេកត់សម្គាល់ថានៅរដូវកូវីដនេះអ៊ីវ៉ា បន្ដចេញច្រៀងសម្ដែងតាមឆាកតន្រ្ដី​ជា​ធម្ម​តា​មិនផ្អាកដូចតារាមួយចំនួនទេ តែនាងពាក់ម៉ាសក៍ជាប្រចាំដើម្បី​ការពារកូវីដ។អ្វីដែលគូរ​ឲ្យ​ចាប់អារម្មណ៍ស្រីស្រស់សាច់សខ្ចីរូបនេះមិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចឡើយ តែពេល​នេះ​នាងក៍ចាប់ផ្ដើមងាកមកលេងម៉ូដរថយន្ដជាងមុនផងដែរដោយជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាគឺFord, Starex និងLexus Rx330 ។ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមកនៅពេលសាកសួរអ៊ីវ៉ា ថាមានផែនការណ៍ទិញLexus Lx570 ឬRange Rover ដែល១គ្រឿងតម្លៃជាង​២០ម៉ឺនដុល្លារ​ឬអត់នោះអ៊ីវ៉ា ថានាងធ្វើអ្វីទៅតាមលទ្ធភាពហើយ​ក៍គ្មានបំណងទៅប្រកួតប្រជែងជា​មួយ​អ្នក​ណាដែរ។

ទស្សនិកជនរងចាំមើលថាតើកូនកំលោះរបស់អ៊ីវ៉ា ដែលនាងចង់លាភានៅលីវនៅ​ឆ្នាំ​២០២៣ ខាងមុខនេះជាប្រុសចាស់ឬក្មេង?ខណៈដែលពេលនេះនាងព្យាយាមលាក់​បាំង​អ​នា​គតប្ដីជិតឈឹង៕ ហ៊ឹម វិចិត្រ

RELATED ARTICLES