សុខ ស្រីនាង និងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ សុទ្ធតែកើតចេញពីផលិតកម្មKH ដូចគ្នាហើយក្រោយពួកគេឈនៅផលិតកម្មផ្សេងៗគ្នាជាង១០ឆ្នាំទើបពេលនេះមកជ្រកនៅក្រោមដំបូលហង្សមាសជាមួយគ្នាដែលអ្នកមេម៉ាយប៉ៈពោះម៉ាយរូបនេះថែមទាំងបានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយធ្វើជាដៃគូរួមគ្នាជាលើកដំបូងទៀតផង។អ្នកដែលធ្វើភ្លេងឲ្យស្រីនាង-ហ្សូណូ ច្រៀងនោះគឺតន្រ្ដីករល្បីឈ្មោះលោករ៉េតធី ដូណា ហើយលោកថាបទចម្រៀងនោះបានរៀបចំរួចរាល់អស់ទៅហើយ។



សុខ ស្រីនាង តាំងពីចេញពីផលិតកម្មសាន់ដេចូលហង្សមាសមកនាងធ្លាប់បានសម្ដែងMVជាមួយអតីតតារាចម្រៀងផលិតកម្មធំនេះគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ និងថតភាពយន្ដជាមួយលោកណុប បាយ៉ារិទ្ធ ខណៈដែលលោកសុវណ្ណារ៉េត ហៅហ្សូណូ វិញមុននេះបានចាប់ដៃជាលើកដំបូងជាមួយពេជ្រ សោភា ផងដែរ។ការជួបគ្នាសារជាថ្មីរវាងស្រីនាង និងហ្សូណូ នេះប្រាកដជាធ្វើឲ្យមានភាពប្លែកច្រើនជាមិនខានក្រោយពីពួកគេសុទ្ធតែមានជីវិតគូមិនសមតាមបំណងដូចគ្នាព្រោះស្រីនាង បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ ស្របពេលដែលលោកហ្សូណូ ប្រេះឆាស្នេហ៍អ្នកនាងចាន់ សុផានី បន្សល់កូនស្រី១។



គូរបញ្ជាក់ថាសុខ ស្រីនាង និងហ្សូណូ បានផ្ដើមអាជីពចម្រៀងនៅKHដូចគ្នាតែអំឡុងពេលដែលលោកគឹម ហេង ថៅកែផលិតកម្មមួយនេះធ្លាក់ខ្លួនលក់ទឹកសុទ្ធនៅចិញ្ចើមផ្លូវជាតិលេខ១នោះគេឃើញមានតែស្រីនាង ទេដែលបានទិញកាដូយកជូននិងលើកទឹកចិត្តថៅកែចាស់ តែលោកសុវណ្ណារ៉េត ដែលធ្លាប់ត្រូវបានលោកគឹម ហេង ប្ដឹងផ្ដល់ឡើងតុលាការរឿងរត់ចោលផលិតកម្មលោកទាំងនៅកុងត្រានោះមិនដែលទៅជួបអតីតថៅកែរបស់ខ្លួនឡើយ។



មហាជនកត់សម្គាល់ថាក្រោយទៅដល់ហង្សមាសសុខ ស្រីនាង ត្រូវបានថៅកែផលិតកម្មធំនេះលើកនាងខ្លាំងដូចជាការប្រគល់តំណែងជាតួឯករឿង”រាជនីយភូមិគ្រឹះ”និងរឿង”ខ្ញុំមានញាណលើស” ហើយតម្លៃខ្លួនរបស់នាងពេលនេះថ្លៃខ្ពស់ជាងនៅផលិតកម្មចាស់។ប៉ុន្ដែស្រីនាង នៅតែមិនអាចប្រជែងតំណែងជាមួយតារាស្រីជូរមុខរបស់ហង្សមាសបាននោះទេព្រោះតែនាងមិនអាចច្រៀងបទប្រភេទខ្ពស់ៗដូចវី ឌីណែត បានឡើយ៕

