តារាចម្រៀងនិងសម្ដែងដែលស្និតមាស សុខសោភា បាននិយាយដោយបើកចំហថាពួកគេសរសើរស្វាមីសុខសោភា គឺលោកអ៊ឹត រ៉ាដា ដែលបានផ្ដល់ក្ដីស្រលាញ់ចំពោះតារាចម្រៀងរូបនេះអស់ពីចិត្តទើបធ្វើឲ្យចំណងស្នេហា១៤ឆ្នាំនេះរក្សារបានភាពគង់វង្សបើទោះជាពួកគេមិនទាន់មានខាន់ស្លាត្រឹមត្រូវតាមប្រណៃណីខ្មែរក្ដី។តារាទាំងនោះនិយាយថាស្វាមីសុខសោភា មិនចេះប្រកាន់ខ្លួននោះទេគឺនៅតាមកម្មវិធីដែលសោភា ច្រៀងសម្ដែងលោកតែងតែយូឬស្ពាយសម្លៀកបំពាក់ឲ្យសោភា ចេញពីរថយន្ដនិងយកពីបន្ទប់ផ្លាស់ប្ដូរទៅរៀបចំដាក់ក្នុងឡានវិញដែលរឿងនេះជាទម្លាប់ជាច្រើនឆ្នាំមកហើយ។



អ្វីដែលធ្វើឲ្យសុខសោភា កាន់តែជឿរជាក់លើស្វាមីថែមទៀតនោះគឺលោកអ៊ឹត រ៉ាដា ដែលមានជំនាញជាគ្រូពេទ្យម្នាក់នោះបានបោះបង់អាជីពនៅកាណាដាហើយមកតាមសោភា ដល់ស្រុកខ្មែរនិងអាចផ្លាស់ប្ដូរទាំងការរស់នៅស្រុកគេដើម្បីតាមកំពូលស្នេហ៍ជាអចិនត្រេយ៍ទៀតផង ហេតុនេះហើយបានជាធ្វើឲ្យតារារាម គ្មានការបារម្ភខ្លាចចំណងស្នេហាមានការប្រែប្រួលនោះទេបើទោះជាបីជាភ្ជាប់ស្នេហ៍១៤ឆ្នាំហើយពួកគេមិនទាន់បានរៀបការតាមប្រពៃណីខ្មែរជាចំហក៍ដោយ។



មាស សុខសោភា តែងតែបញ្ចេញសារលើកពីគុណសម្បត្តិរបស់ប្ដីនៅថ្ងៃខួបកំណើតស្នេហ៍របស់ពួកគេជារៀងរាល់ឆ្នាំហើយនាងថាពិតជាសែនកក់ក្ដៅដោយសារតែគូស្នេហ៍ហ៊ានលះបង់គ្រប់បែបយ៉ាងចំពោះនាងមែន។ទោះជាយ៉ាងណាក្នុងជំនួបកន្លងមកសុខសោភា នៅតែនិយាយមិនច្បាស់ពីរឿងរៀបការដដែលដូចជាមានពេលខ្លះនាងថាអាចនឹងរៀបការនៅរយៈពេល២ទៅ៣ឆ្នាំទៀតនិងជូនកាលថាមិនដែលមានចិត្តចង់រៀបការជាចំហម្ដងណាឡើយ។



ប៉ុន្ដែចម្លើយចុងក្រោយជាមួយអ្នកសារព័តមានសោភា ថាចង់ធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលនៅឆ្នាំ២០២១ នេះតែពេលនេះសោភា ប្រឈមការខកចិត្តជាលើកទី២រឿងធ្វើកូនក្រមុំនេះម្ដងទៀតព្រោះតែកូវីដ កំពុងតែផ្ទុះហេតុនេះហើយនាងប្រាកដជាត្រូវពន្យាពេលរៀបការម្ដងទៀតជាមិនខាន។



គូរបញ្ជាក់ថាមាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរនៅកាណាដាលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយនាងធ្លាប់សន្យាថាចូលរោងការតាមប្រពៃណីខ្មែរនៅឆ្នាំ២០០៩ តែពេលនេះរំលងអស់១២ឆ្នាំទៅហើយសោភា នៅតែមិនព្រមរៀបការឡើយ ខណៈនាងអះអាថាបានរៀបការម្ដងទៅហើយកាលពីឆ្នាំ២០០៨ដោយធ្វើនៅព្រះវិហារមួយនៅកាណាដាតាមបែបសាសនាគ្រឹះ។តារាឈានចូលវ័យ៤០ឆ្នាំរូបនេះថានាងគ្មានអ្វីត្រូវលាក់លៀមរឿងគូជីវិតនោះទេព្រោះថាពេលនេះពីណាក៍ដឹងថានាងកំពុងតែរស់នៅជាមួយអ្នកណាដែរ៕


