Friday, June 20, 2025
Homeព័ត៌មានជាតិស្នេហាបែកបាក់ ស្តាយអូនបានទៅគេ ប្រុសតាមបាញ់ស្រីស្លាប់ បាញ់សម្លាប់ខ្លួន

ស្នេហាបែកបាក់ ស្តាយអូនបានទៅគេ ប្រុសតាមបាញ់ស្រីស្លាប់ បាញ់សម្លាប់ខ្លួន

ខេត្តស្ទឹងត្រែង ៖ គូស្នេហ៍វ័យក្មេងមួយគូ ក្រោយពីស្រលាញ់គ្នាជាច្រើនឆ្នាំមក ក៏កើតមានបញ្ហាប្រេះឆា បែកបាក់គ្នា លុះក្រោយមក នៅពេលដឹងថា ភាគីស្រី មានគូដណ្តឹង ស្រាប់តែខាងប្រុស នឹកស្តាយស្រណោះនារីជាអតីតសង្សារដែលមិនគួរណាបានទៅគេផ្សេង ធ្វើឱ្យកើតជាគំនុំ បានយកភ្លើងមកបាញ់សម្លាប់នារីជាអតីតសង្សារ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង រួចហើយជនសង្ស័យជាខ្មាន់កាំភ្លើង បានបាញ់ទម្លុះក្បាលខ្លួនឯង បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម ក្បែរសពនារីរងគ្រោះតែម្តង។

ករណីឃាតកម្ម និងអត្តឃាតកម្ម  ប្រុសស្នេហ៍បាញ់សម្លាប់អតីតសង្សារ រួចបាញ់សម្លាប់ខ្លួនតាមក្រោយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅកែងជ្រុងខាងកើត ឆៀងខាងជើងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

នារីរងគ្រោះ មានឈ្មោះសឿន ណារី អាយុ ២១ឆ្នាំ មុខរបរលក់សាច់សត្វព្រៃ​ នៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង មានលំនៅក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ចំណែកជនសង្ស័យជាឃាតករ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែតាមការពិនិត្យភិនភាគ មានវ័យប្រមាណជាង ២០ឆ្នាំដូចគ្នា។

តាមប្រភពពីអាជីវករលក់ដូរនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យជាខ្មាន់កាំភ្លើង បានដើរសំដៅមករកនារីរងគ្រោះ ដែលកំពង់អង្គុយលក់សាច់សត្វព្រៃ លុះគ្រាន់តែចូលមកដល់ ខ្មាន់កាំភ្លើង មិនបាននិយាយស្តីអ្វីទាំងអស់ ក៏បានដកកាំភ្លើងខ្លី ១ដើម ម៉ាកឡុក បាញ់ចំក្បាលរបស់នារីរងគ្រោះ ១គ្រាប់ បណ្តាលឱ្យនារីរងគ្រោះ ដួលស្លាប់ទៅនឹងដី ក្នុងថ្លុកឈាមភ្លាមៗតែម្តង ធ្វើឱ្យពួកគាត់ដែលជាអ្នកលក់ដូរនៅក្បែរនោះ ភ័យញ័រខ្លួន និងនាំគ្នាស្រែកឆោឡោ រត់ចេញពីកន្លែងកើតហេតុអស់។

ប្រភពដដែល បន្តថា បន្ទាប់ពីបាញ់សម្លាប់នារីរងគ្រោះរួចហើយ ខ្មាន់កាំភ្លើង មិនបានរត់គេចទៅណាឡើយ បានបង្វែរកាណុងកាំភ្លើង ភ្ជង់ក្បាលខ្លួនឯង រួចហើយកេះកៃកាំភ្លើង បាញ់ទម្លុះក្បាលខ្លួនឯង ១គ្រាប់ បណ្តាលឱ្យដួសដេកលើដី ប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្បែរសពនារីរងគ្រោះតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះ ឈ្មោះសឿន ណារី ជាអ្នកលក់សាច់សត្វព្រៃនៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ចំណែកជនសង្ស័យជាខ្មាន់កាំភ្លើង ប្រើកាំភ្លើងខ្លី ម៉ាកឡុក នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

សមត្ថកិច្ច បញ្ជាក់ថា តាមការសាកសួរសាច់ញាតិ ក្រុមគ្រួសារសពនារីរងគ្រាះ បានឱ្យដឹងថា ករណីនេះ អាចជាករណីភ្លើងប្រចណ្ឌ ដោយកន្លងមក រវាងនារីរងគ្រោះ និងជនសង្ស័យជាខ្មាន់កាំភ្លើង គឺជាអតីតសង្សារ តែក្រោយមក ពួកគេបានបែកបាក់គ្នា។ រហូតមកដល់ពេលថ្មីៗនេះ ខ្មាន់កាំភ្លើងជាជនសង្ស័យ បានដឹងថា នារីរងគ្រោះ មានគូដណ្តឹងថ្មី ស្រាប់តែជនសង្ស័យខឹង ក៏តាមមកបាញ់សម្លាប់នារីរងគ្រោះជាអតីតសង្សារ រួចបាញ់សម្លាប់ខ្លួន បណ្តាលឱ្យស្លាប់ទាំងពីរនាក់ បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសពទាំងពីរ រួចក៏បានប្រគល់សពនារីរងគ្រោះ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវរកសាច់ញាតិ និងអត្តសញ្ញាណជនសង្ស័យបន្ថែមទៀត៕

RELATED ARTICLES