ខេត្តស្ទឹងត្រែង ៖ នារីវ័យក្មេងម្នាក់ បានចេញពីផ្ទះ ទៅធ្វើការងារនៅចម្ការស្វាយ របស់ក្រុមហ៊ុនចិន ដូចសព្វដង ស្រាប់តែមិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាមរកអស់រយៈពេល ២យប់ នៅតែរកមិនឃើញ ទើបសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង និងប្រកាសតាមរកប្អូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួនដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះបៃ នី អាយុ២០ឆ្នាំ មុខរបរកម្មករចំការស្វាយក្រុមហ៊ុនចិន មានលំនៅភូមិឫទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ។ យុវតីរូបនេះ បានបាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយមិនដឹងពីមូលហេតុ។

តាមលោកប្រុញ រឿន មេភូមិឫទ្ធីសែនជ័យ២ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានបុរសម្នាក់ឈ្មោះបៃ នែម បានមករាយការណ៍ប្រាប់គាត់ជាមេភូមិថា ប្អូនស្រីរបស់ខ្លួនឈ្មោះបៃ នី អាយុ២០ឆ្នាំ បានបាត់ខ្លួនកាលពីវេលា ម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយមិនដឹងពីមូលហេតុ ហើយពេលនេះលោកបានចាត់កម្លាំងទៅជួយរកហើយដែរ។

លោកបៃ នែម ត្រូវជាបងប្រុសរបស់នារីដែលបាត់ខ្លួនខាងលើ ក៏បានបញ្ជាក់ដែរថា ប្អូនស្រីរបស់គាត់បានបាត់ពីផ្ទះនៅ វេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃត្រង់ទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅតែមិនទាន់ឃើញត្រឡប់មកផ្ទះនោះទេ ហើយនៅកន្លែងធ្វើការ ក៏មិនឃើញទៅធ្វើការទៀត។ ក្រោយពីតាមរកអស់ចិត្តហើយ នៅតែរកប្អូនស្រីមិនឃើញទៀត ទើបលោកសម្រេចចិត្ត ប្តឹងទៅមេភូមិ ដើម្បីសុំអន្តរាគមន៍ជួយតាមរកនាងបន្ថែមតែម្តង។

លោក ប្រុញ រឿន មេភូមិឫទ្ធីសែនជ័យ២ ក្រោយពីទទួលពាក្យបណ្តឹងពីបងប្រុសនារីបាត់ខ្លួនខាងលើ លោកក៏បានរាយការណ៍ បន្ថែមទៅអាជ្ញាធរឃុំ និងស្រុក ព្រមទាំងសំណូមពរដល់សាធារណជនប្រសិនប្រទះឃើញនារីដូចក្នុងភិនភាគខាងលើ សូមរាយការណ៍មក អាជ្ញាធរភូមិ-ឃុំ-ស្រុកភ្លាម៕