តារាចម្រៀងហង្សមាសឆន សុវណ្ណារាជ បានវិលមកថតបទចម្រៀងជាAudioឡើងវិញកាលពីថ្ងៃទី១៤ខែមិថុនា បន្ទាប់ពីលោកបានកាន់ទុក្ខជូនម្ដាយដែលទទួលមរណភាពរយៈពេល២៣ថ្ងៃ។ទោះជាយ៉ាងណាសុវណ្ណារាជ បានពាក់មួកជាប់ជាប្រចាំព្រោះថាពេលនេះសក់របស់លោកមិនទាន់ដុះវែងឡើងវិញទេក្រោយកោសក់សាងផ្នួសកាលពីថ្ងៃទី២៧ខែឧសភា នៅក្នុងពិធីបូជាសពម្ដាយរបស់លោកនៅវត្តទួល សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។



ថ្វីត្បិតតែពេលនេះសុវណ្ណារាជ ចាប់ផ្ដើមវិលមកថតសម្លេងសារជាថ្មីឡើងវិញមែន ប៉ុន្ដែលោកនៅមិនទាន់ចេញច្រៀងសម្ដែងលើឆាកតន្រ្ដីឡើយព្រោះថាការលេងក្បាច់រាំលើឆាកហាក់មិនទាន់ជាពេលវេលាសាកសមសម្រាប់លោកឡើយដោយសារតែម្ដាយទើបលាចាកលោកថ្មីៗពេកហេតុនេះហើយទើបសុវណ្ណារាជ បន្ដពន្យាពេលច្រៀងរាំលើឆាកប្រគុំតន្ត្រីតទៅទៀត។



ឆន សុវណ្ណារាជ ថ្លែងសារថាលោកចាប់ផ្ដើមបញ្ចេញស្នាមញញឹម ឲ្យកំលាំងចិត្តខ្លួនឯង ហើយចាប់បន្ដធ្វើការងារតទៅមុខទៀត។សុវណ្ណារាជ សង្កត់ថាម្ដាយរបស់លោកបានទ្រាំជាមួយជំងឺនេះរយៈពេលជិត២០ឆ្នាំ ហើយពេលនេះលោកជឿរថាម្ដាយបានទៅសុខហើយ ខណៈដែលលោកសន្យាចំពោះមុខវិញ្ញាណក័ន្ខម្ដាយថានឹងរឹងមាំហើយមើលថែគ្រួសាររបស់លោកឲ្យបានល្អជំនួសម្ដាយ។អតីតតារាចម្រៀងCBរូបនេះក៍បានសរសើរម្ដាយរបស់លោកថាជាស្រ្ដីមេម៉ាយតែម្ដាយលោកចិញ្ចឹមកូនទាំង៦នាក់បានល្អទើបលោកចាត់ទុកថាម្ដាយរបស់លោកជាវីរៈនាទីក្នុងបេះដូងលោកជារៀងរហូតព្រោះនៅលើលោកនេះលោកស្រលាញ់ម្ដាយជាងគេ។



គូររំលឹកថាម្ដាយតារាចម្រៀងឆន សុវណ្ណារាជ អ្នកស្រីលី សុខា បានទទួលមរណភាពកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ក្នុងជន្មាយុ៦០ឆ្នាំដោយជំងឺលើសឈាមនិងគាំងបេះដូង។សុវណ្ណារាជ បានកោសក់បួសនាគសងគុណម្ដាយរយៈពេល៣ថ្ងៃក្រោយបូជាសពម្ដាយហើយបានលាចាកសិក្ខាបទវិញកាលពីថ្ងៃទី៣០ខែឧសភា និងទើបចាប់ផ្ដើមទៅថតចម្រៀងឡើងវិញនៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២១នេះ តែមិនទាន់ហ៊ានថតMVទាំងសក់ខ្លីនេះទេ៕



