ភ្នំពេញ ៖ អតីតកីឡាការិនីហែលទឹក ជម្រើសជាតិ កញ្ញាហែមថុន វិទិនី ដែលសព្វថ្ងៃជាគ្រូបង្វឹកកីឡាហែលទឹក មួយរូបដែរ និងធ្លាប់បានបង្ហាត់បង្រៀនហែលទឹក ដល់តារាចម្រៀងល្បី ឱក សុគន្ធកញ្ញា នាពេលកន្លងទៅនោះ បានលើកសរសើរថា ឱក សុគន្ធកញ្ញា មិនត្រឹមតែពូកែច្រៀង ក៏ពូកែហែលទឹកផងដែរ។
កញ្ញា ហែមថុន វិទិនី បានបង្ហោះរូបភាពជាមួយតារាចម្រៀងកូនមួយ ឱក សុគន្ធកញ្ញា ជាច្រើនសន្លឹ្ក ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់កញ្ញា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ជាមួយសំណេរថា «ជាមួយបងជីដូនមួយបង្កើត Aok Sokunkanha – ឱក សុគន្ធកញ្ញា ជឿអត់? យាយចឹង Sokun Tana ច្រណែនទៀតឡូវហើយ ហិហិ។ នឹកណាស់ កាលហ្នឹង ម៉ាក់ឆាលី កូនសិស្សអ្នកគ្រូ តិចទៀត ឆាលី ក៏ត្រូវហាត់ជាមួយអ្នកគ្រូដែរ។ ម៉ាក់ៗឆាលី ចូលចិត្តហែលទឹកដល់កើតឆាលី មិនទាន់បាន ១ខួបផង ចង់ឲ្យឆាលី ហាត់ហែលទឹកហើយ តែចាំចប់កូវីដ សិន»។

កញ្ញាហែមថុន វិទិនី សរសេរបន្តថា «យាយលើកតិចចុះ អ្នកខ្លះឃើញតែបងកញ្ញា ច្រៀងលើឆាកទេ តែក្រៅពីហ្នឹង អត់ដឹងថា គាត់ពូកែហែលទឹក ហើយហែលខ្លាំងទៀត។ អួតសិស្សតិច ព្រោះអត់ដែលបានសរសើរ អ្នកគ្រូស្មានតែពូកែច្រៀងទេ ចុះទឹក មានណា ហែលឡើងគ្រូភ្ញាក់ ព្រោះធ្លាប់ឃើញតែកូនសិស្សស្រីៗ ខ្លាចទឹក ដល់កូនសិស្សមួយនេះ អត់មានខ្លាចតិចសោះ មិនសរសើរមិនបាន»។

សូមបញ្ជាក់ថា កញ្ញាហែមថុន វិទិនី ជាអតីតកីឡាការិនីហែលទឹកជម្រើសជាតិ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងអំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ ដែលមានបទពិសោធន៍ចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន រួមទាំងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល ឆ្នាំ២០១៦។ សព្វថ្ងៃកញ្ញា ជាពិធីការិនីកម្មវិធីកីឡា នៅស្ថានីយទូរទស្សន៍ជាតិ និងជាគ្រូបង្វឹកកីឡាហែលទឹក មួយរូបផងដែរ។

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅសហព័ន្ធខ្មែរកីឡាហែលទឹក (Khmer Swimming Federation) អតីតកីឡាការិនីហែលទឹកជម្រើសជាតិ រូបនេះ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីចូលរួមប្រកួតនានា ជូនដល់កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិ ឆ្នាំ២០២១ ប្រយោជន៍ដើម្បីឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមខ្លួនសម្រាប់ការប្រកួត នាពេលខាងមុខ។

កញ្ញា ហែមថុន វិទិនី បាននិយាយនៅពេលនោះថា កញ្ញាពិតជាសប្បាយចិត្តនឹងស្វាគមន៍សម្រាប់ការចែករំលែកនូវអ្វីដែលកញ្ញាមាន ជូនដល់ប្អូនៗកីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិ ឆ្នាំ២០២១។ ជាមួយនេះ កញ្ញា បានជូនពរឲ្យប្អូនៗកីឡាករ កីឡាការិនី ទទួលបានជោគជ័យរាល់ការប្រកួត ដើម្បីនាំកិត្តិយសជូនជាតិមាតុភូមិ៕ ខៀវទុំ
