Tuesday, November 25, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ៖ ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេ

សម្តេចហ៊ុន សែន ៖ ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេ

ភ្នំពេញ ៖ ក្រោយពីច្បាប់ចរាចរណ៍ជើងគោកថ្មី ចាប់ផ្តើមអនុវត្តចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ មក ក៏មានប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិលមួយចំនួន បានសំណូមពរដល់រាជរដ្ឋាភិបាលថា គួរតែពន្យារពេលផ្អាកការផាកពិន័យសិន ប៉ុន្តែនៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីព សម្តេចហ៊ុន សែនបានប្រកាសថា នឹងមិនដកថយនោះទេ ដោយសារតែចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនស្មើនឹងប្រទេសជិតខាង។

យោងតាមការបង្ហោះសារពីឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា “កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ យើងមានប្រជាជនតែ១៥លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់ ។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយទេ – សម្តេចតេជោ ហ៊ុនសែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី ១៥ ឧសភា ២០២០”។

ដោយឡែកកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ​ស ខេ​ង បាន​សរសេរ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុកថា ​“​អរុណសួស្តី​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​! ថ្ងៃ​ម្សិលមិញ​នេះ​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​មក​”។

សម្តេចស ខេង ​បន្ត​ថា “លទ្ធផល​គួរ​កត់សម្គាល់ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ គឺ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានការ​ថយ​ចុះ បើ​ប្រៀបធៀប​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​មុន​មានការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ។

សម្តេចបន្ថែម​ថា​ “៛ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ក៏​ដូច​ជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ​ប្រសើរ ។ ជា​ពិសេស​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ផ្ញើ​សារ និង​ការ​បញ្ចេញមតិ​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ផ្ទាល់​តែ​ម្តង ដែល​សុទ្ធតែ​ជា​សារ និង​មតិ​ប្រកបដោយ​ខ្លឹមសារ​ចូលរួម​ស្ថាបនា និង​កែ​លំអរ”។

ជាចុងក្រោយ សម្តេច​បញ្ជាក់​ថា​ “ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល់​ក្នុង​ន័យ​ស្ថាបនា និង​កែ​លំអរ​ថែម​ទៀត ដើម្បី​បន្ត​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង គឺ​មាន​ន័យ​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាន់តែ​ថយ​ចុះ​ចំនួន​អ្នក​ស្លាប់​កាន់តែ​តិច សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​មាន​របៀបរៀបរយ​ល្អ​ប្រសើរ សមជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ប្រជាជាតិ​ស៊ី​វិ​ល័យ”៕

RELATED ARTICLES