ភ្នំពេញ ៖ ក្រោយពីច្បាប់ចរាចរណ៍ជើងគោកថ្មី ចាប់ផ្តើមអនុវត្តចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ មក ក៏មានប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិលមួយចំនួន បានសំណូមពរដល់រាជរដ្ឋាភិបាលថា គួរតែពន្យារពេលផ្អាកការផាកពិន័យសិន ប៉ុន្តែនៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីព សម្តេចហ៊ុន សែនបានប្រកាសថា នឹងមិនដកថយនោះទេ ដោយសារតែចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនស្មើនឹងប្រទេសជិតខាង។

យោងតាមការបង្ហោះសារពីឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា “កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ យើងមានប្រជាជនតែ១៥លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់ ។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយទេ – សម្តេចតេជោ ហ៊ុនសែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី ១៥ ឧសភា ២០២០”។

ដោយឡែកកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា “អរុណសួស្តីបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃម្សិលមិញនេះក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្ញុំបានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយស្តីពីការត្រួតពិនិត្យការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានរយៈពេលមួយសប្តាហ៍កន្លងមក”។
សម្តេចស ខេង បន្តថា “លទ្ធផលគួរកត់សម្គាល់ ក្នុងរយៈពេលមួយសប្តាហ៍នេះ គឺគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នេះមានការថយចុះ បើប្រៀបធៀបរយៈពេលមួយសប្តាហ៍ចុងក្រោយមុនមានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ។

សម្តេចបន្ថែមថា “៛ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងកងកម្លាំងមានសមត្ថកិច្ចក៏ដូចជា មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនា និងកែលំអរ”។

ជាចុងក្រោយ សម្តេចបញ្ជាក់ថា “ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិបន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើង គឺមានន័យថា អត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាប្រជាជាតិស៊ីវិល័យ”៕