ខេត្តស្វាយរៀង ៖ បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងក្រុមគ្រួសារ និងត្រូវម្តាយជេរស្តីតិចតួច ស្រាប់តែឈឺចិត្តស្អិតទ្រូង រហូតដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះស្រោក គា អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះបានកើតមានទំនាស់ពា់ក្យសំដីបន្តិចបន្តួចជាមួយនឹងក្រុមគ្រួសារ ហើយក៏ត្រូវម្តាយជេរស្តីបន្តិចបន្តួចដែរ ជាហេតុធ្វើឱ្យជនរងគ្រោះខឹង ក៏តមមាត់តមក មិនស្តីរកអ្នកណាម្នាក់ឡើយ ដោយចេះតែអង្គុយសញ្ជប់សញ្ជឹងនៅលើគ្រែតែម្នាក់ឯងជានិច្ច។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹកបាត់ ហើយមិនឃើញចេញមកវិញសោះ ទើបនឹកឆ្ងល់ក៏បើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញនិងគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសព រួចបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារចងក ដោយខ្លួនឯងនៅក្នុងបន្ទប់ទឹកនៅខាងក្រោយផ្ទះប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕