ខេត្តកំពង់ចាម ៖ ជនសង្ស័យជាចោរលួចរថយន្តមួយគ្រឿងបានសម្រេច បើកគេចខ្លួនសំដៅចូលរាជធានីភ្នំពេញ តែត្រូវម្ចាស់ប្តឹងសមត្ថកិច្ចភ្លាមៗស្ទាក់យកបានរថយន្តវិញ ត្រឹមរយៈពេលតែ១០នាទីប៉ុណ្ណោះ តែជនសង្ស័យរត់គេចខ្លួនកាត់ស្រែបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ និងស្ទាក់ចាប់បានឡាននៅវេលាម៉ោង២និង៣៧នាទី ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
ប៉ូលិសបានឱ្យដឹងថា នៅវេលាម៉ោង២និង២២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានទទួលបណ្តឹងពីឈ្មោះម៉ី ថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថា នៅម៉ោង២និង១៥នាទីរំលងអធ្រាត្រ ថ្ងៃខែខាងលើ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចកាច់ បំបែកសោកចង្កូតរថយន្តរបស់គាត់ម៉ាក សាំងយ៉ុង ពណ៌ស ១២កៅអី ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខភ្នំពេញ 2F-8697 ដែលទុកនៅនឹងសំយាបផ្ទះនៅជាប់ផ្លូវខេត្តលេខ៧០។

ប៉ូលិសដដែលបន្តថា ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំកម្លាំងនឹងជូនព័ត៌មានទៅអធិការនគរបាលស្រុកបាធាយ ជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានឱ្យដឹងថា នៅវេលាម៉ោង២និង៣៧នាទី លោកបានដឹកនាំកម្លាំងចុះពួនស្ទាក់ចាប់រថយន្តខាងលើ បាននៅចំណុចថ្នល់ជាតិលេខ៦ ស្ថិតនៅក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម តែជនសង្ស័យបានបើកទ្វាររថយន្តចុះរត់គេចខ្លួនកាត់ស្រែ ទៅទិសខាងត្បូងបាត់ បន្សល់វត្ថុតាង រថយន្ត១គ្រឿង ដែលជនសង្ស័យលួចនិងឧបករណ៍ដែកកន្ទុយអន្ទង់ចំនួន២ សោខ្សៀចំនួន១ ដង្កាប់ចំនួន១ សម្រាប់ធ្វើសកម្មភាពលួច។

ចំពោះវត្ថុតាងខាងលើនេះ លោកអធិការស្រុកបាធាយ បានប្រគល់ជូនទៅសមត្ថកិច្ចស្រុកព្រៃឈរ ចាត់ការបន្តនីតិវិធី។ ប៉ូលិសបានបញ្ជាក់ថា ករណីខាងលើនេះកម្លាំងនៅបន្តសហការគ្នាតាមស្រាវជ្រាវរកជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕