ភ្នំពេញ ៖ ជនសង្ស័យករណីគាស់បន្ទប់លួចម៉ូតូមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានស្រាវជ្រាវចាប់ឃាត់ខ្លួនបានម្នាក់ យកមកចាត់ការទៅការតាមច្បាប់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេតាមផ្លូវជាតិលេខ៦ ក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះទី១ បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួននេះ មានឈ្មោះហ៊ីម រ៉សេត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរមិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ មានសារធាតុញៀនក្នុងខ្លួន។
ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ សមត្ថកិច្ចធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះថា ជននេះបានធ្វើសកម្មភាពគាស់ទ្វារបន្ទប់ក្រោមផ្ទះលួចយកម៉ូតូមួយគ្រឿង ម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FV-9448 កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៩ រួច គេចខ្លួនបាត់។

ប្រភពដដែលបន្ថែមថា បន្ទាប់ពីទទួលបានបណ្តឹងសមត្ថកិច្ចនគរបាលបានស្រាវជ្រាវមុខសញ្ញារហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកក្កដា ក៏បានប្រទះឃើញជនសង្ស័យឃាត់ខ្លួនបានតែម្តង។ កម្លាំងសមត្ថកិច្ចនឹងបន្តស្រាវជ្រាវរកបក្សពួក និងម៉ូតូជនរងគ្រោះមកវិញផងដែរ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី”