Sunday, November 23, 2025
Homeព័ត៌មានជាតិដេញទៅផ្ទះហើយ ត្រឡប់វិញទៀត... ទាល់តែប្រើធម៌ក្តៅ

ដេញទៅផ្ទះហើយ ត្រឡប់វិញទៀត… ទាល់តែប្រើធម៌ក្តៅ

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងចេញពីផឹកស៊ីស្រវឹងជោកជាំ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញឃើញប្រជាការពារ១ក្រុម កំពុងឈរប្រចាំការ ស្រាប់តែឈប់ម៉ូតូស្រែកឡូឡា រករឿងជេរឌឺដងដាក់បុរសជាប្រជាការពាររូបនោះ លុះខឹងគេដេញឱ្យត្រឡប់ទៅផ្ទះវិញ ក៏មួយម៉ៅក្តៅចិត្តទាញពូថៅស្ទុះដេញកចាប់ប្រជាការពារ ក៏ត្រូវកម្លាំងប្រជាការពារផ្សេងទៀត ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់  ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ជនសង្ស័យមានឈ្មោះម៉ុល បាន អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ចំណែកជនរងគ្រោះមានឈ្មោះម៉ៅ ចាន អាយុ៤០ឆ្នាំ មុខរបរកសិករ និងជាប្រជាការពារ មានលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែព្នៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមប្រជាការពារភូមិ២៣នាក់បានឈរជើងនៅគោលដៅចំណុចកើតហេតុខាងលើ លុះមកដល់វេលាម៉ោង៧និង៥០នាទីយប់ថ្ងៃដដែល ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូមកដល់ជិតក្នុងស្ថានភាពស្រវឹង ហើយបានស្រែកឡូឡានិងបានជេរឌឺដងដាក់ជនរងគ្រោះ និងក្រុមប្រជាការពារភូមិ ភ្លាមនោះជនរងគ្រោះក៏បានដេញឱ្យជនសង្ស័យជិះម៉ូតូទៅផ្ទះវិញទៅ ព្រោះស្រវឹងណាស់ហើយ ប៉ុន្តែជនសង្ស័យបែរចាចុះពីលើម៉ូតូមករកវាយជនរងគ្រោះ តែត្រូវបានគេឃាត់  បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូចេញទៅ។  លុះរយៈពេលប្រហែល១០នាទីក្រោយមក  ស្រាប់តែជនសង្ស័យជិះម៉ូតូត្រឡប់មកវិញដោយក្នុងដៃមានកាន់ពូថៅ ហើយក៏បានចុះពីលើម៉ូតូដើរសំដៅមកកាប់ជនរងគ្រោះ ដោយឃើញសភាពមិនល្អបែបនេះ ជនរគ្រោះរួមនឹងក្រុមប្រជាការពារក៏ឃាត់ខ្លួនជនសង្ស័យ  នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ប្រគល់ឱ្យសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងពីបទ “ប៉ុនប៉ងមនុស្សឃាតដោយចេតនា”។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី”

RELATED ARTICLES