ខេត្តកំពង់ចាម ៖ កម្លាំងរបស់ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៥នាក់ ដែលរស់នៅកម្ពុជា ដោយខុសច្បាប់ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅ ចំណុចផ្សារចាស់ ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ។

មន្ត្រីនគរបាលដែលបានចូលរួមក្នុងប្រតិបត្តិការនេះ បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ក្រសួងមហាផ្ទៃ ក៏ដូចជាការណែនាំរបស់អគ្គនាយកដ្ឋាននិងបទបញ្ជារបស់ស្នងការនៃស្នងការដ្ឋានខេត្ត កម្លាំងជំនាញការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះស្រាវជ្រាវស៊ើបអង្កេត និងត្រួតពិនិត្យជនបរទេស ដែលកំពុងរស់នៅនិងធ្វើការប្រទេសកម្ពុជា រហូតដល់ព្រឹកថ្ងៃទី១០ ខែកក្កដា បានសហការជាមួយកម្លាំងរបស់អធិការដ្ឋានស្រុកជើងព្រៃ ចុះត្រួតពិនិត្យនៅចំណុចផ្សារចាស់ស្គន់ ក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ រកឃើញនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន៥នាក់ ដែលរស់នៅគ្មានលិខិតឆ្លងដែន និងលិខិតស្នាមត្រឹមត្រូវ។

មន្ត្រីនគរបាលដដែលបានឱ្យដឹងដែរថា បន្ទាប់ពីសួរនាំរកលិខិតស្នាមទៅលើជនជាតិវៀតណាម ជាច្រើននាក់ សមត្ថកិច្ចរកឃើញចំនួន៥នាក់ សុទ្ធតែប្រុសមិនមានលិខិតឆ្លងដែននិងលិខិតផ្សេងៗ ក៏ឃាត់ខ្លួនពួកគេតែម្តង។ ក្រោយឃាត់ខ្លួនបុរសជនជាតិវៀតណាមទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕
