Sunday, November 23, 2025
Homeព័ត៌មានជាតិក្រោកឡើងឃើញតែភួយ ស្មានថាទៅផ្ទះប្រពន្ធវិញបាត់ហើយ តាមពិត គាត់...

ក្រោកឡើងឃើញតែភួយ ស្មានថាទៅផ្ទះប្រពន្ធវិញបាត់ហើយ តាមពិត គាត់…

ខេត្តកំពង់ធំ ៖ បុរសម្នាក់ចូលចិត្តផឹកស្រាជាប់ជាប្រចាំ ពោលគឺផឹករហូតដល់ភ្លេចបាយភ្លេចទឹក ទីបំផុត បន្ទាប់ពីស្រវឹងជោកជាំក៏ដើរបាត់ពីផ្ទះអស់ជាច្រើនថ្ងៃ ស្រាប់តែមានអ្នកភូមិប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់កណ្តាលស្រែឡើងហើមរលួយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅតំបន់ទួលម្រិញ ស្ថិតក្នុងភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកតាំងគោក។

សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះរៀម រួន ហៅវល្លិ៍ អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា នៅមុនកើតហេតុ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានផឹកស្រាថ្នាំជាមួយឈ្មោះភី សុដា ហៅញ៉េប ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា តាំងពីព្រឹករហូតដល់ម៉ោងប្រហែល៨យប់ទើបឈប់ បន្ទាប់មកឈ្មោះញ៉េប បានយកភួយឱ្យជនរងគ្រោះទៅដេកផ្ទះប្អូនគាត់នៅក្បែរនោះដែរ (ផ្ទះគ្មានមនុស្សនៅ)។ ចំណែកឈ្មោះញ៉េប ក៏ឡើងលើផ្ទះដេក រហូតដល់ម៉ោង៣ទៀបភ្លឺ ទើបភ្ញាក់ចុះមកក្រោមផ្ទះ ឃើញតែភួយទុកនៅក្រោមផ្ទះ មិនឃើញមនុស្សឡើយ លុះដើរទៅមើលនៅផ្ទះប្អូនរបស់សពមិនឃើញ ក៏ត្រឡប់មកសួរម្តាយសព ក៏ប្រាប់ថា មិនឃើញដែរ រួចក៏នាំគ្នាដើររកតែមិនឃើញសោះ ដោយនឹកស្មានថា ជនរងគ្រោះទៅផ្ទះប្រពន្ធ។ លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ម្តាយរបស់ឈ្មោះញ៉េប នៅភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក បានទូរស័ព្ទមកប្រាប់ថា ឈ្មោះវល្លិ៍ (ជនរងគ្រោះ) ដេកស្លាប់នៅវាលស្រែតំបន់ទួលម្រិញ ទើបឈ្មោះញ៉េប ទៅមើលឃើញស្គាល់ថា ពិតជាសពឈ្មោះវល្លិ៍ ប្រាកដមែន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយពីទទួលព័ត៌មានខាងលើ កម្លាំងជំនាញស្រុក ប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន និងសាច់ញាតិសពបានទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសពមានសភាពហើមប៉ោង ក្លិនស្អុយ ប្រេះស្បែក ប្រែពណ៌ខ្មៅ ដោយត្រូវកំដៅថ្ងៃ ក្រៅពីនោះមិនមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារស្រវឹងជោកជាំវង្វេងស្មារតី អត់បាយអត់ទឹកកើតខ្យល់គគាំងបេះដូងស្លាប់តែម្តង។ មូលហេតុជនរងគ្រោះជាមនុស្សញៀនស្រា មិនហូបបាយទឹកទើបបណ្គាលឱ្យកើតខ្យល់។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES