Sunday, November 23, 2025
Homeព័ត៌មានជាតិយី!!! ពូឱ្យតែស្រវឹង ចូលចិត្តតែនិយាយឌឺដងមិនឈប់ចឹង នរណាទ្រាំបាន

យី!!! ពូឱ្យតែស្រវឹង ចូលចិត្តតែនិយាយឌឺដងមិនឈប់ចឹង នរណាទ្រាំបាន

ខេត្តកោះកុង ៖ បុរស២នាក់ក្រោយពីផឹកស្រាជុំគ្នាស្រវឹងជោកជាំ ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នា ដោយភាគីម្ខាងចោទភាគីម្ខាងទៀតថា ឱ្យតែផឹកស្រវឹងចេះតែឌឺមិនឈប់ ទើបធ្វើឱ្យទ្រាំលែងបានក៏ទាញកាំបិតកាប់រយះមុខ និងដាច់ម្រាមដៃអស់ចំនួន២ម្រាម។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចវាលស្បូវ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។

ជនរងគ្រោះដែលត្រូវមិត្តភក្តិរួមវង់ផឹក កាប់រយះមុខ និងដាច់ម្រាមដៃអស់២ មានឈ្មោះម៉ៅ សារឿន អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះម៉ែន សំណាង អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនបង្កបានអង្គុយផឹកស៊ីជាមួយគ្នា តាំងពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ រហូតឈានដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីស្រវឹងជោកជាំដូចគ្នា ក៏ស្រាប់តែចាប់ផ្តើមកើតមានជម្លោះតឹងសរសៃកដាក់គ្នា ដោយភាគីជនបង្កចោទថា ជនរងគ្រោះឱ្យតែស្រវឹងចូលចិត្តតែនិយាយឌឺដងមិនឈប់ រហូតដល់ទ្រាំលែងបានក៏ស្ទុះទៅទាញកាំបិតកាប់ប្រហារជនរងគ្រោះ ចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ត្រង់មុខ និងដាច់ម្រាមដៃចំនួន២តែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក្បែរនោះបានចូលទៅឃាត់ ទើបជនបង្កបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ លុះបន្តិចក្រោយមក សមត្ថកិច្ចក៏ចុះអន្តរាគមន៍និងជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្កមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES