ភ្នំពេញ ៖ ក្មេងប្រុសអភ័ព្វម្នាក់ត្រូវឪពុកម្តាយលែងលះគ្នា រួចក៏យកទៅផ្ញើទុកឱ្យជីដូនជួយចិញ្ចឹមមើលថែ លុះចង់ជួយសម្រាលបន្ទុកជីដូន ក្មេងប្រុសរូបនោះឆ្លៀតពេលទំនេរពីការសិក្សា ឡើងទៅបេះផ្លែចាន់ទុកលក់ គ្រាន់បានប្រាក់ដោះស្រាយជីវភាព ស្រាប់តែអកុសលរបូតដៃធ្លាក់ពីលើដើមចាន់បាកផ្ទប់នឹងរបងថ្ម បណ្តាលឱ្យរងរបួសធ្ងន់និងស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍អកុសលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្មេងប្រុសរងគ្រោះដែលធ្លាក់ពីលើដើមចាន់ស្លាប់ មានឈ្មោះបុល ម៉ារ៉ាយុ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៣ នៅសាលាបឋមសិក្សារសំបួរ ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីស្ត្រីចំណាស់ឈ្មោះអ៊ឹម វន្នី អាយុ៦៣ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ចៅប្រុសរបស់គាត់ម្នាក់នេះ (ក្មេងប្រុសរងគ្រោះ) គឺជាក្មេងកំព្រែដលឪពុកម្តាយបានលែងលះគ្នា និងចាកចោលបាត់អស់ ដោយទុកឱ្យគាត់ជាអ្នកចិញ្ចឹមមើលថែតាំងពីតូចមកម៉្លេះ ហើយក្មេងប្រុសរងគ្រោះគឺជាកូនទី២ក្នុងចំណោមបងប្អូនបង្កើត៣នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ជាជីដូន។

ជីដូនក្មេងប្រុសរងគ្រោះ បានបន្តថា កន្លងមក ចៅប្រុសរបស់គាត់ម្នាក់នេះ (ក្មេងប្រុសរងគ្រោះ) តែងតែខំរកប្រាក់តាមលទ្ធភាពរបស់គេយកមកឱ្យគាត់ទាំងដែលគាត់មិនដែលប្រើចៅឱ្យទៅរកប្រាក់ក៏ដោយ ដោយគេបានប្រាប់ថា គេចង់ជួយសម្រាលបន្ទុកគាត់ជាជីដូន។ លុះមកដល់ថ្ងៃកើតហេតុ ចៅរបស់គាត់រួមនឹងក្មេងប្រុសម្នាក់ផ្សេងទៀត បាននាំគ្នាឡើងទៅបេះផ្លែចាន់ ដើម្បីយកមកលក់គ្រាន់បានប្រាក់ដោះស្រាយជីវភាព ស្រាប់តែមួយសន្ទុះក្រោយមក ចៅប្រុសរបស់គាត់ក៏របូតដៃធ្លាក់ពីលើដើមចាន់បោកក្បាលផ្ទប់នឹងរបងថ្ម បណ្តាលឱ្យរងរបួសធ្ងន់។ និងត្រូវក្មេងប្រុសដែលទៅបេះផ្លែចាន់ជាមួយរត់មកប្រាប់គាត់និងអ្នកភូមិឱ្យទៅមើល ធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្រញាប់ដឹកបញ្ជូនចៅប្រុសរូបនេះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី ភ្លាមៗដែរ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត តែអកុសលក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី គ្រូពេទ្យមិនហ៊ានទទួលព្យាបាលនោះទេ ទើបដឹកបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ជា ប៉ុន្តែជាអកុសលដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ទើបនៅវេលាម៉ោង១០យប់ថ្ងៃដដែល ចៅប្រុសរបស់គាត់បានស្លាប់បាត់បង់ជីវិតគួរឱ្យសោកស្តាយបំផុត។

បន្ទាប់មកជីដូននិងសាច់ញាតិបានដឹកយកសពក្មេងប្រុសរងគ្រោះទៅធ្វើបុណ្យនៅក្នុងវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។ ដោយសារតែជីដូននិងសាច់ញាតិរបស់ក្មេងប្រុសរងគ្រោះមានជីវភាពខ្វះខាត ហេតុនេះក៏មានការអំពាវនាវដល់សប្បុរសជនទាំងអស់ សូមជួយឧបត្ថម្ភដើម្បីរៀបចំធ្វើពិធីបុណ្យសពក្មេងប្រុសរងគ្រោះផង។

ដោយឡែកកាលពីទី៩ ខែកក្កដា ឆ្នាំ២០១៩ លោកលត់ ឃីម ចៅសង្កាត់រងទី១ តំណាងឲ្យលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពកុមារាឈ្មោះ បុល ម៉ារ៉ាយុ និងចូលបច្ច័យចំនួន៥០,០០០រៀល នាំនិងយកបច្ច័យរបស់លោកស្រី សឿង សេរី ចំនួន២០០.០០០ ចូលបុណ្យដល់គ្រួសារនៃសពផងដែរ៕