ខេត្តព្រះសីហនុ៖ កម្មករជាច្រើននាក់បានកើតទុក្ខមិនសុខចិត្ត ធ្វើបាតុកម្មដុតកង់ឡាន ព្រោះតែថៅកែការដ្ឋានការសុីណូមួយកន្លែងមិនបើកប្រាក់ខែឲ្យ ទើបខាងតំណាងការដ្ឋានសំណង់ចេញមុខមកសម្របសម្រួលបញ្ចប់ការតវ៉ានេះ។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់កាស៊ីណូ លីង ហាង ស្ថិតក្នុងក្រុមទី១៦ ភូមិ៤ សង្កាត់លេខ៤។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មានកម្មករប្រុសស្រីចំនួន៤០នាក់ បានមកប្រមូលផ្តុំគ្នានៅមុខការដ្ឋានសំណង់ការដ្ឋានកាស៊ីណូ លីង ហាង បន្ទាប់មកពួកគេបានប្រមូលយកសម្បកកង់ឡានគរលើថ្នល់ រួចបានដុតផ្សែងឡើងហុយទ្រលោមឡើងលើ។

សមត្ថកិច្ចបានបន្តថា លុះទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះអន្តរាគមន៍ហាមឃាត់កម្មករទាំងនោះ ខ្លាចមានអំពើហិង្សាកើតឡើង រង់ចាំការដោះស្រាយ។

សមត្ថកិច្ចបានបន្ថែមថា ករណីខាងលើនេះ កម្មករទាំងនោះបានប្រាប់ថា ថៅកែការដ្ឋានសំណង់កាស៊ីណូខាងលើនេះ មិនបើកប្រាក់ខែឲ្យពួកគាត់នោះទេ កម្មករខ្លះចំនួន១ខែ , ខ្លះ២០ថ្ងៃ , និងខ្លះទៀត១៥ថ្ងៃ ទើបពួកគេតវ៉ាបែបនេះ។ ហើយសមត្ថកិច្ចបានទាក់ទងទៅតំណាងក្រុមហ៊ុនសំណង់នេះចេញមុខមកដោះស្រាយ ទើបមានតំណាងខាងក្រុមហ៊ុន ចេញមកធានា និងអះអាងថា នឹងរៀបចំបើកប្រាក់ខែជូនកម្មករ នៅល្ងាចនេះ៕