Sunday, November 23, 2025
Homeព័ត៌មានជាតិចេះលើកដៃធ្វើរឿងនេះទៅកើត... សំខាន់ត្រង់លួចទូរស័ព្ទ និងលុយប្រពន្ធទៅទៀត

ចេះលើកដៃធ្វើរឿងនេះទៅកើត… សំខាន់ត្រង់លួចទូរស័ព្ទ និងលុយប្រពន្ធទៅទៀត

ភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារតែត្រូវប្តីកំណាចកំពូលប្រចណ្ឌចេះតែរករឿងឈ្លោះប្រកែកប្រើអំពើហិង្សាវាយដំដូចសត្វធាតុ ទើបទ្រាំលែងបានក៏វេចបង្វេចចុះចោលប្តី មកសម្ងំរស់នៅជាមួយបងស្រីបង្កើតខ្លួនឯង ធ្វើឱ្យប្តីខឹងសម្បាតាមរករឿងមិនឈប់ លុះតាមមកសុំត្រូវគ្នា បបួលប្រពន្ធទៅរួមរស់ជុំគ្នាវិញ តែប្រពន្ធអត់ព្រម។ ស្រាប់តែប្តីកំណាចផ្ទុះកំហឹងចាប់ច្របាច់កវាយដំប្រពន្ធយ៉ាងចាស់ដៃ និងថែមទាំងយកកាំបិតឆូតផ្ទៃមុខ បណ្តាលឱ្យរងរបួសធ្ងន់ថែមទៀត។

ហេតុការណ៍អំពើហិង្សាដ៏ឃោរឃៅ ប្តីវាយដំឆូតមុខប្រពន្ធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែងជិតជ្រោះបាត់ស្នេហ៍ ស្ថិតក្នុងភូមិឡឥដ្ឋទី១ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។ 

ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចវ៉ៃឆូតមុខបណ្តាលឱ្យរងរបួសយ៉ាងដំណំ មានឈ្មោះ អាត លីណា អាយុ២៣ឆ្នាំ មុខរបរបម្រើការងារតាមហាង ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តរតនគិរី។ ចំណែកបុរសជាប្តីកំណាចមានឈ្មោះផន សម្ផស្ស អាយុ ២៤ឆ្នាំ មានស្រុកកំណើតខេត្តព្រៃវែង។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តីបានចាប់ដៃគ្នាជាប្តីប្រពន្ធ អស់រយៈពេល៣ឆ្នាំមកហើយ ដោយមិនបានរៀបការអ្វីធំដុំនោះទេ គ្រាន់តែសែនព្រេនបន្តិចបន្តួចប៉ុណ្ណោះ រួចក៏រួមរស់បង្កើតបានកូនស្រីម្នាក់ជាចំណងដៃ សព្វថ្ងៃមានអាយុ១ខួបជាង កំពុងរស់នៅជាមួយតាយាយឯស្រុកកំណើត។

ស្ត្រីរងគ្រោះបានបន្តថា តាំងពីរួមរស់ជាប្តីប្រពន្ធនឹងគ្នាប្រមាណជាង៣ឆ្នាំមកនេះ នាងតែងទទួលនូវការវាយធ្វើបាបពីបុរសជាប្តី សរុបមិនតិចជាង១០លើកនោះទេ ព្រោះតែប្តីនេះមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់។ ដោយសារតែត្រូវប្តីវាយធ្វើបាបគ្មានស្រាកស្រាន្ត ទើបធ្វើឱ្យនាងទ្រាំលែងបានក៏ចាកចេញពីប្តីមក ស្នាក់នៅជាមួយបងស្រីបង្កើតរបស់នាងវិញ ធ្វើឱ្យប្តីខឹងសម្បាចេះតែតាមរករឿងនាងមិនឈប់។ ជាក់ស្តែង កាលពីវេលាម៉ោងប្រមាណ៦ព្រលប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ប្តីរបស់នាងបានមកហៅនាងឱ្យទៅរស់នៅជាមួយគេវិញ តែនាងមិនព្រមទៅ ដោយសុខចិត្តរស់នៅជាមួយបងស្រីបង្កើត ព្រោះខ្លាចរងនូវអំពើហិង្សា។ លុះពេលនាងឆ្លើយបដិសេធបែបនេះ ស្រាប់តែប្តីកំណាចរបស់នាងច្រឡោតខឹងយ៉ាងខ្លាំង រួចក៏បានចាប់ច្របាច់ក វាយដំច្រំធាក់នាង និងថែមទាំងយកកាំបិតវះមុខរបស់នាង បណ្តាលឱ្យរងរបួសយ៉ាងដំណំ ហើយមិនតែប៉ុណ្ណោះប្តីហេងស៊យនេះនៅបានលួចយកទូរស័ព្ទរបស់នាងចំនួន២គ្រឿង និងលុយជាង៣០០ដុល្លារ រត់គេចខ្លួនបាត់ស្រមោលទៀតផង។ 

ក្រោយកើតហេតុ ស្ត្រីរងគ្រោះខាងលើត្រូវបានបងស្រីនិងអ្នកជិតខាង ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត តាមម៉ូតូកង់បីភ្លាមៗ។ គិតមកដល់រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថានភាពរបួសរបស់ស្ត្រីរងគ្រោះបានធូរស្រាលបន្តិចវិញហើយ និងបានចាកចេញពីមន្ទីរព្យេមកសម្រាកព្យាបាលនៅផ្ទះវិញហើយ។ ជាមួយនេះ ស្ត្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងឱ្យនគរបាលមូលដ្ឋាន ជួយចាត់ការប្តីកំណាចនោះផងដែរ ដើម្បីសុវត្ថិភាពរបស់នាងនៅថ្ងៃក្រោយ៕

RELATED ARTICLES