ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធ២នាក់រួមរស់មិនចុះសម្រុងនឹងគ្នា ចេះតែកើតរឿងរកាំរកូសសឹងរាល់ថ្ងៃ រហូតដល់ភាគីប្រពន្ធទ្រាំលែងបានក៏ប្តឹងលែងលះប្តី រួចក៏ចុះចោលផ្ទះបាត់ស្រមោល ជាហេតុធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូង មួយថ្ងៃៗដើរតែផឹកស៊ីជក់ថ្នាំញៀន រហូតដល់បែកថ្នាំគ្រប់គ្រងខ្លួនឯងលែងបាន ក៏ធ្វើសកម្មភាពចងកសម្លាប់ខ្លួននៅលើផ្ទះ។

ករណីបុរសតូចចិត្តប្រពន្ធលែង បែរជាគិតខ្លីចងកសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះរបស់ឪពុកម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះកេង នីន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកជនរងគ្រោះធ្លាប់មានប្រពន្ធនឹងគេដែរ តែក្រោយមកដោយសារតែការរស់នៅមិនចុះសម្រុង ឧស្សាហ៍កើតរឿងឈ្លោះប្រកែកគ្នាជាប្រចាំ ទើបធ្វើឱ្យប្រពន្ធទ្រាំមិនបានក៏ដាច់ចិត្តលែងលះប្តីនេះចោល រួចក៏វេចបង្វេចចុះចោលផ្ទះបាត់ទៅ។ ចំណែកជនរងគ្រោះនៅពេលត្រូវប្រពន្ធលែងលះ និងចុះចោលបាត់ទៅ ស្រាប់តែចាប់ផ្តើមខូចចិត្តគិតតែដើរផឹកស្រាស្រវឹងទួទីនួជារៀងរាល់ថ្ងៃ លុះដើរផឹកស៊ីយូរទៅ ក៏សេពគប់ប៉ះមិត្តភក្តិក្រុមញៀនថ្នាំ លង់ខ្លួនប្រើប្រាស់ថ្នាំញៀនជាប់ជាប្រចាំរហូតមក។

ប្រភពដដែលបន្តថា លុះមកដល់យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ បានត្រឡប់មកពីផឹកស៊ីកណ្តាលយប់ទៅហើយ រួចក៏ចូលទៅសម្ងំដេកបាត់ទៅ ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយបាននាំគ្នាដេកលង់លក់អស់។ រហូតមកដល់វេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពេលភ្ញាក់ពីដំណេក ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើខ្សែភ្លើងប្រវែង១ម៉ែត្រ ចងកជាប់នឹងផ្លានផ្ទះកម្ពស់ពីក្តារក្រាល ប្រមាណ៣,៣០ម៉ែត្រ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។ មូលហេតុដោយសារតែជនរងគ្រោះមានវិបត្តផ្លូវចិត្តរឿងប្រពន្ធលែង និងញៀនថ្នាំ។
ករណីខាងលើនេះ ក្រុមគ្រួសារបានទទួលស្គាល់ថា ពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន រួចក៏ទទួលយកសាកសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕