តារាចម្រៀង សម្តែង និងកំប្លែង លោកម៉ា ដូណា ហៅសេះ បានប្រកាសថា សម្រាប់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកដៃប្តីក្មេងចូលរោងការឱ្យផ្អើលមេឃតែម្តង ប៉ុន្តែពិធីនោះអាចរៀបចំទៅបាន លុះត្រាតែមានការយល់ព្រមពីគូស្នេហ៍ លោកណុប ហេងទ្រី ជាមុនសិន។

ការចង់ដឹកដៃកំពូលស្នេហ៍ចូលរោងការរបស់ម៉ា ដូណា នៅពេលនេះ ស្របពេលដែលមានដំណឹងថា លោកសេះ មានទំនាស់ជាមួយប្រុសក្មេង ហេង ទ្រី ជាញឹកញាប់ ដោយសារតែពួកគេប្រចណ្ឌគ្នារៀងៗខ្លួន ព្រោះតែមានប្រុសទី៣ ចូលជ្រៀតជ្រែក។

លោកម៉ា ដូណា អះអាងថា “រឿងរៀបការ គឺនៅលើប្តីរបស់ខ្ញុំ ណុប ហេងទ្រី ទេ គាត់ចង់បានពេលណាគឺខ្ញុំធ្វើតាមគាត់ទាំងអស់។ ប្តីខ្ញុំស្រលាញ់ខ្ញុំណាស់ នៅពេលដែលខ្ញុំទិញរបស់ជូនគាត់ ហើយគាត់សំណូមពរតែម៉្យាងគត់ចំពោះខ្ញុំ គឺហាមមើលប្រុសណាផ្សេងក្រៅពីគាត់ បើមិនអីចឹងទេ ប្រាកដជាមានរឿងធំហើយ”។

ម៉ា ដូណា បានជប់លៀងខួបកំណើតស្នេហ៍៦ឆ្នាំ ជាមួយប្រុសក្មេង ណុប ហេងទ្រី កាលពីឆ្នាំ២០១៨ ដោយកាលនោះ ទាំងដូណា និងហេងទ្រី បាក់មុខមិនតិចឡើយ នៅពេលដែលនាងខ្ញុង ប្រកាសឱ្យពួកគេថា ធ្វើរឿងអីចឹង ម៉ែឪខ្មាសគេយ៉ាងណាទៅ ? ប៉ុន្តែទាំងម៉ា ដូណា និងប្តី ហេងទ្រី មិនខ្វល់ឡើយ ហើយពួកគេគ្រោងរកស៊ីធំដោយបើករមណីយដ្ឋានមួយ នៅទីរួមខេត្តកំពត ទៀតផង។

ម៉ា ដូណា បន្ថែមថា “ខ្ញុំមានដីមួយដុំនៅកណ្តាលក្រុងសៀមរាប ទំហំ១៨គុណ២១ម៉ែត្រ និងដីមួយដុំទៀតនៅខេត្តកំពត។ ចិត្តខ្ញុំនិងប្តី ចង់បើករមណីយដ្ឋាន (Resort) មួយនៅហ្នុង តែឥឡូវមិនទាន់អាចសម្រេចបំណងធំនេះបានទេ ដោយសារតែត្រូវការចាយលុយអស់ច្រើនណាស់ អីចឹងយើងត្រូវការកប្រាក់សិន។ សម្រាប់រដូវធ្លាក់ភ្លៀងនេះ ខ្ញុំត្រៀមចេញទៅច្រៀងសម្តែងនៅបរទេសដែរ ប៉ុន្តែឥឡូវខកចិត្តហើយ ព្រោះធ្វើតេស្តធ្លាក់។ កន្លងមក ខ្ញុំធ្លាប់ចេញទៅច្រៀងសម្តែងនៅអូស្ត្រាលី, បារាំង, អាឡឺម៉ង់, អេស្ប៉ាញ, ជប៉ុន និងកូរ៉េ ជាដើម។ ប៉ុន្តែឥឡូវប្រទេសដែលខ្ញុំចង់ទៅ គឺអាមេរិក និងកាដាណា ព្រោះប្រទេស២ហ្នឹង ខ្ញុំអត់ទាន់បានចេញទៅទេ”៕
