ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់កំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះសុខៗ ក៏ស្រាប់តែក្មួយប្រុសមិនដឹងជាមកពីណា បានចូលមកចុចបិទទូរទស្សន៍ ស្រាប់តែធ្វើឱ្យយុវជនជាពូបង្កើតច្រឡោតខឹង ស្ទុះទៅទាញពូថៅមកកាប់ក្មួយប្រុសចំនួន២ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៥៣ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលកាប់ក្មួយប្រុសបង្កើតចំនួន២ពូថៅរបួសធ្ងន់ មានឈ្មោះសាឡេះ អារីហ្វីន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (មានសារធាតុញៀនក្នុងខ្លួន)។ ចំណែកជនរងគ្រោះ មានឈ្មោះសាឡេះ ស្អារី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យកំពុងមើលទូរទស្សន៍សុខៗស្រាប់តែជនរងគ្រោះត្រូវជាក្មួយបង្កើត បានដើរចូលមកចុចបិទទូរទស្សន៍ ទាំងដែលជនសង្ស័យកំពុងតែមើល ហើយពេលនោះជនសង្ស័យក៏បានដើរចេញទៅដោយពុំបាននិយាយស្តីអ្វីទាំងអស់។

ប្រភពដដែលបន្តថា បន្ទាប់មកជនរងគ្រោះ បានទៅយកភ្លៅទាពីម្តាយរបស់ជនសង្ស័យត្រូវជាជីដូន ប៉ុន្តែជីដូនពុំព្រមឱ្យ ក៏ទាញទៅទាញមក ពេលនោះជនសង្ស័យឃើញបែបនេះ ក៏ទាញពូថៅក្បែរនោះ កាប់ជនរងគ្រោះត្រូវចំនួន២កន្លែង ត្រង់ឆ្អឹងជំនី និងដៃខាងឆ្វេង ធ្វើឱ្យមានការផ្អើលឆោឡោរដល់សមត្ថកិច្ច កំពុងល្បាតក្នុងមូលដ្ឋានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាងពូថៅដងឈើចំនួន១ ប្រវែង៥៥សង់ទីម៉ែត្រ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននិងប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់។ យ៉ាងណាក្តី ករណីនេះជនរងគ្រោះមិនបានដាក់ពាក្យប្តឹងពូបង្កើតរបស់ខ្លួននោះទេ៕