ខេត្តកោះកុង ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះសម្រាលទើបក្រុមគ្រួសារបានជួលអូប័រ មកដឹកប្រពន្ធទៅកាន់មន្ទីរពេទ្យ ស្រាប់តែធ្វើដំណើរតាមផ្លូវត្រូវជួបនឹងព្យុះភ្លៀងខ្លាំង មកកាន់មន្ទីរពេទ្យមិនទាន់ពេល ក៏បែកទឹកភ្លោះសម្រាលកូនលើអូប័រតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ស្ត្រីសម្រាលកូនលើអូប័រ មានឈ្មោះតាក ឡៃ អាយុ២៥ឆ្នាំ ចំណែកកូនស្រីដែលទើបនឹងសម្រាលលើអូប័រ មានទំនង់៣,៥គីឡូក្រាម។ រីឯប្តីមានឈ្មោះពុធ ចាន់ អាយុ៣០ឆ្នាំ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលការបញ្ចូនស្ត្រីខាងលើ មកសម្រាលមិនទាន់ពេលវេលា ដោយសារតែតាមផ្លូវទឹកជួបនឹងបញ្ហាព្យុះភ្លៀងខ្លាំង។ ម៉្យាងទៀត ស្ត្រីដែលសំរាលកូនមាត់ស្បូនរបស់គាត់បើកអស់ដល់វេលាត្រូវសម្រាល មិនអាចពន្យាពេលបានទេ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្តថា គ្មានបញ្ហាណាមួយកើតចំពោះស្ត្រីម្នាក់នោះទេ ដោយក្រោយសម្រាកលើអូប័រ ក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជញ្ចូនកាន់មន្ទីរពេទ្យខេត្តដោយសុវត្ថិភាព ដើម្បីសេវាថែទាំបន្ថែម។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន អះអាងថា ករណីស្ត្រីសម្រាលកូនលើអូប័រ ឬទូកនេះ មិនជាករណីលើកដំបូងឡើយ ពោលគឺកើតមានសឹងតែរៀងរាល់ឆ្នាំ។ យ៉ាងហោចណាស់ ក្នុង១ឆ្នាំមាន៥ ទៅ៦ករណីឯណោះ។ តែមន្ទីរសុខាភិបាល និងក្រុមគ្រពេទ្យបានផ្តោតការយកចិត្តខិតខំចាត់បញ្ចូន និងសង្គ្រោះមកសម្រាកមន្ទីរពេទ្យបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព។

បើតាមលោកហៃ ឡៃសុន ក្រុមមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព ពិសេសមណ្ឌលសុខភាពលើដីកោះនៅឆ្ងាយដាច់ស្រយោលពីទីប្រជុំ បានទទួលការបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ពីរបៀបសង្គ្រោះអ្មកជម្ងឺ ឬអ្នករងគ្រោះ ដោយផ្តល់ថ្នាំសម្ភារឧបករណ៍សុខាភិបាលមួយចំនួនទៀតផងដែរ៕