Sunday, November 23, 2025
Homeព័ត៌មានជាតិទើបធ្លាក់ភ្លៀងរួច សើមរអិលផង ក៏មានរឿងនេះ... ប្រជាពលរដ្ឋនាំគ្នាទៅមើល

ទើបធ្លាក់ភ្លៀងរួច សើមរអិលផង ក៏មានរឿងនេះ… ប្រជាពលរដ្ឋនាំគ្នាទៅមើល

ខេត្តកណ្តាល ៖ បុរសម្នាក់បានបើកត្រាក់ទ័រនៅតាមបណ្តោយមាត់ព្រែក បំណងទៅភ្ជួរដី លុះស្ថានភាពផ្លូវតូច ណាមួយទើបធ្លាក់ភ្លៀងរួច សើមរអិលផង ទើបធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ រអិលចូលព្រែក ក្រឡាប់សង្កត់បុរសជាអ្នកបើកបរស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំមាត់ព្រែកប៉ាងត្រើយខាងជើង ស្ថិតក្នុងភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង។

ជនរងគ្រោះដែលត្រូវត្រាក់ទ័រក្រឡាប់សង្កត់ស្លាប់ មានឈ្មោះរ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករបើកបរត្រាក់ទ័រ ធ្វើការនិងស្នាក់នៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង និងមានស្រុកកំណើតនៅភូមិព្រែកក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះគឺជាកម្មករស៊ីឈ្នួលបើកត្រាក់ទ័រឱ្យឈ្មោះចាន់ ទុន ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង។ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើត្រូវបានម្ចាស់ត្រាក់ទ័រ ឈ្មោះចាន់ ទុន  ប្រើឱ្យទៅភ្ជួរដីឱ្យគេនៅចំណុចមូលដ្ឋានកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោងកើតហេតុ គេឃើញជនរងគ្រោះបានបើកបរត្រាក់ទ័រ១គ្រឿង តាមបណ្តោយមាត់ព្រែកប៉ាងត្រើយខាងជើង ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅភ្ជួរដី លុះពេលមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវតូចសើមរអិល មេឃទើបនិងភ្លៀងរួចថ្មីៗ ក៏បណ្តាលឱ្យវេចង្កូតធ្លាក់ផ្លូវរអិលធ្លាក់ព្រែក ក្រឡាប់សង្កត់អ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានជួយគ្នាគាស់យកសាកសពចេញពីក្រោមត្រាក់ទ័រដែលក្រឡាប់នោះ រួចហើយសមត្ថកិច្ចក៏ប្រគល់សាកសពទៅឱ្យឈ្មោះចាន់ ទុន ជាម្ចាស់ត្រាក់ទ័រ ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារសពនៅឯខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែធ្វើបុណ្យតាមប្រពៃណី។

ចំណែកត្រាក់ទ័រខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកនៅប៉ុស្តិ៍កោះខែល ជាបណ្តោះអាសន្នសិន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។/

RELATED ARTICLES