Sunday, November 23, 2025
Homeព័ត៌មានជាតិភ័យលស់ព្រលឹង ប្រឹងរើបម្រះទាល់តែរួចខ្លួន ដោយសារស្នាដៃអាគាត់នេះ

ភ័យលស់ព្រលឹង ប្រឹងរើបម្រះទាល់តែរួចខ្លួន ដោយសារស្នាដៃអាគាត់នេះ

ខេត្តកណ្តាល ៖ បុរសម្នាក់មិនដឹងជាមានបញ្ហាអ្វី គ្រាន់តែឃើញយុវជនម្នាក់កំពុងបើកគ្រឿងចក្រកាយដី ស្រាប់តែកាន់កណ្តៀវដើរតម្រង់រកយុវជនរូបនេះ រួចក៏ស្ទុះឡើងលើគ្រឿងចក្រ ចាប់យុវជនជាតៃកុងប្រុងអារកសម្លាប់ តែត្រូវយុវជនរងគ្រោះប្រឹងរើបំរាស់រួច ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងអារកសម្លាប់យុវជនជាតៃកុងគ្រឿងចក្រកាយដីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចចុងព្រែកឌុច ស្ថិតក្នុងភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង។

ជនសង្ស័យដែលប៉ុនប៉ងយកកណ្តៀវអារកសម្លាប់យុវជនម្នាក់ មានឈ្មោះហាក់ វែង អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ ព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង។ ចំណែកយុវជនរងគ្រោះ មានឈ្មោះ វុទ្ធី កុសល់ អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ កោះខែល ឃុំកោះខែល ស្រុកស្អាង។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានបើកអាអិចកាយដីនៅចំណុចកើតហេតុខាងលើ តាំងពីថ្ងៃរសៀលមកម៉្លេះ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ នៅពេលដែលរូបគេរៀបនឹងឈប់សម្រាកទៅហើយ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានដើរសំដៅមករករូបគេ ដោយក្នុងដៃមានកាន់កណ្តៀវ១ផង រួចក៏បានស្ទុះឡើងលើអាអិចកាយដីរបស់គេ និងបានចាប់រូបគេបម្រុងនឹងអារកសម្លាប់តែម្តង ប៉ុន្តែភ្លាមនោះ រូបគេដឹងខ្លួនទាន់ ក៏ប្រឹងរើបំរាស់រួចខ្លួន ហើយក៏រត់គេចចេញពីកន្លែងកើតហេតុ ស្រែកហៅឱ្យគេជួយ រហូតផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍ព្រែកអំបិល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាង កណ្តៀវដងឈើចំនួន១ផងដែរ រួចក៏នាំយកមកសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES