ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានបើករថយន្តទំនើប១គ្រឿងសុខៗ ក៏ស្រាប់តែបើកភ្លើងស៊ីញ៉ូភ្លាមបត់ភ្លែត ធ្វើឱ្យបុរសជាជនបរទេសម្នាក់ជិះមកពីក្រោយ ចាប់ហ្វ្រាំងគេចមិនទាន់ ក៏ជ្រុលបុកចំពីចំហៀងរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យដួលរងរបួស កាលពីវេលាម៉ោង៣និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខធនាគារ ABA មុខវត្តទួលទំពូង តាមផ្លូវម៉ៅសេទុង កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាក Toyota Matrix XR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-7096 បើកបរដោយនារីរូបស្រស់ម្នាក់ និងអ្នករួមដំណើរប្រុសស្រី២នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម។ លុះមកដល់ចំណុចកែងផ្លូវ១១៣ មុខធនាគារ ABA ជាចំណុចកន្លែងកើតហេតុ រថយន្តបានស៊ីញ៉ូឆ្វេងភ្លាម ហើយក៏ស្រាប់តែបត់ភ្លែត ទើបធ្វើឱ្យម៉ូតូធំ១គ្រឿង ម៉ាក CRG ពណ៌ក្រហម ពាក់ស្លាកលេខប្រទេសវៀតណាម 77-81 512.61 បើកបរដោយជនបរទេសម្នាក់បានបុករថយន្តផ្នែកឆ្វេងចំកង់មុខ បណ្តាលឱ្យរបួសចំជើងខាងស្តាំ ដែលទើបតែត្រូវរបួស កាលពី៤អាទិត្យមុន ធ្វើឱ្យឈឺចុកចាប់ឡើងវិញ និងបណ្តាលឱ្យវៀចកម៉ូតូ រួមទាំងរថយន្តខូចខាតផ្នែកកង់មុខខាងឆ្វេងផងដែរ។

ក្រោយមកភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា តែមិនត្រូវគ្នាទេ ព្រោះភាគីខាងរថយន្តជួយចេញថ្លៃព្យាបាលរបួសត្រឹមចំនួន២០ដុល្លារ តែភាគីជនបរទេសមិនព្រមទទួលទេ តែសូមឱ្យយកគាត់ទៅមន្ទីរពេទ្យ ហើយចេញថ្លៃព្យាបាលរបួស និងយកម៉ូតូរបស់គាត់ទៅជួសជុលទៅបានហើយ តែភាគីម្ចាស់រថយន្តមិនព្រម ទើបសម្រេចប្រគល់ឱ្យសមត្ថកិច្ចវាស់វែងតែម្តង៕

