ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នាជាង១ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីនឹងគ្នាសោះ លុះនៅសុខៗខណៈដែលប្តីចេញទៅធ្វើការបាត់ ស្ត្រីជាប្រពន្ធបែរជាវេចទ្រព្យសម្បត្តិលុយកាក់ប្រមាណជិត៣ពាន់ដុល្លារ ចុះចេញពីផ្ទះបាត់ ដោយមិនផ្តល់ដំណឹងអ្វីឱ្យប្តីដឹងសោះ ជាហេតុធ្វើឱ្យបុរសជាប្តីពិបាកចិត្តភ័យខ្លាចប្រពន្ធចាញ់ការលួងលោមគេ បានត្រឹមឱបរូបថតដង្ហោយហៅប្រពន្ធឱ្យវិលវិញប៉ុណ្ណោះ។
ករណីប្រពន្ធវេចលុយជិត៣ពាន់ដុល្លារ ចេញបាត់ពីផ្ទះដោយគ្មានហេតុផលនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីដែលបាត់ខ្លួនចេញពីផ្ទះ ជាមួយនឹងលុយកាក់ទ្រព្យសម្បត្តិ ប្រមាណជិត៣ពាន់ដុល្លារនេះ មានឈ្មោះខែត ស្រីទូច អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិដូនឪ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។ ចំណែកបុរសជាប្តីមានឈ្មោះភី ប្រុស ហៅវណ្ណៈ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកហាងហ្គាសទាន់សម័យ ម្តុំផ្សារថ្មី មានស្រុកកំណើតនៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។ ប្តីប្រពន្ធអ្នកទាំង២សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់បានរៀបការនឹងគ្នាត្រឹមត្រូវតាមប្រពៃណី អស់រយៈពេលជាង១ឆ្នាំមកហើយ គ្រាន់តែមិនទាន់មានកូនបន្តពូជពង្សនៅឡើយទេ។ កន្លងមករាប់ចាប់តាំងពីរួមរស់នឹងគ្នាជាប្តីប្រពន្ធមក ពួកគាត់មិនធ្លាប់មានជម្លោះ ឬបញ្ហារកាំរកូសអ្វីធំដុំឡើយ តែមិនដឹងថាហេតុអ្វីបានជានៅសុខៗប្រពន្ធបែរជាវេចបង្វេច ព្រមទាំងលុយកាក់អស់ពីផ្ទះ រួចចាកចេញទៅបាត់ ដោយមិនបានផ្តល់ដំណឹងឱ្យគាត់ជាប្តីបានដឹងបន្តិចណាសោះ។
បុរសជាប្តី បន្តថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក គាត់ស្រលាញ់ថ្នាក់ថ្នមប្រពន្ធខ្លាំងណាស់ មិនដែលធ្វើអ្វីឱ្យប្រពន្ធឃ្នើសចិត្តឡើយ ហើយសព្វថ្ងៃគាត់មិនដែលឱ្យប្រពន្ធធ្វើអ្វី ក្រៅពីនៅផ្ទះមើលថែផ្ទះរៀបចំបាយទឹកឱ្យគាត់ជាប្តីតែ១ពេលប៉ុណ្ណោះក្នុង១ថ្ងៃ ចំណែកការងាររកស៊ី និងជីវភាពគ្រួសារ គឺគាត់ជាអ្នករ៉ាប់រងទាំងអស់ ដោយប្រឹងតាំងពីកវែកកឆ្នាំងសន្សំបានតែលុយកាក់ មាសប្រាក់តិចតួច ដូចដែលប្រពន្ធវេចយកទៅប៉ុណ្ណោះ។

បុរសជាប្តីរូបនេះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៩ ប្រពន្ធរបស់គាត់ហាក់តឿនបង្ខំឱ្យគាត់ប្រញាប់ចេញទៅធ្វើការ ពោលគឺខុសប្លែកសព្វមួយដង ធ្វើឱ្យគាត់នឹកឆ្ងល់ដែរ។ ស្រាប់តែមកដល់វេលាព្រលប់ថ្ងៃដដែល ពេលដែលគាត់វិលត្រឡប់មកពីធ្វើការវិញ បែរជាមិនឃើញប្រពន្ធនៅផ្ទះសោះ ទើបគាត់បានដើរតាមរកនៅផ្ទះអ្នកជិតខាង ក៏ត្រូវអ្នកជិតខាងប្រាប់ថា ឃើញប្រពន្ធរបស់គាត់ចេញទៅក្រៅតាំងពីវេលាថ្ងៃត្រង់ម៉្លេះ តែមិនដឹងថាទៅណា មានការអី ឬទៅជាមួយអ្នកណាទេ។ ភ្លាមនោះ គាត់ក៏ប្រញាប់ទាក់ទងទូរស័ព្ទទៅរកប្រពន្ធភ្លាមដែរ តែទូរស័ព្ទមិនចូលសោះ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងតែម្តងហើយ សូម្បីតែឪពុកម្តាយនៅស្រុកកំណើត ឬសាច់ញាតិមិត្តភក្តិជិតស្និត ក៏គាត់សួរនាំអស់ដែរ តែគ្មានអ្នកណាម្នាក់បានដឹងពីដំណើររបស់ប្រពន្ធគាត់ឡើយ។

បុរសជាប្តី បានអះអាងថា សម្ភារៈនិងទ្រព្យសម្បត្តិដែលប្រពន្ធគាត់ប្រមូលយកទៅ រួមមាន ខ្សែកមាសរបស់ប្តី ទម្ងន់៥ជី ១ខ្សែ, ខ្សែដៃមាសរបស់ប្រពន្ធ ១ខ្សែ ទម្ងន់៣ជី, កងដៃ ឈុត១៤កង ជិត១ពាន់ដុល្លារ និងកងជើងប្លាក- ទីន២ខ្សែ ជាង១លានរៀល រួមនឹងលុយឱ្យប្រពន្ធទុកចំនួន៨០០ដុល្លារ សរុបទាំងអស់ប្រមាណ៣ពាន់ដុល្លារ។
ដោយឡែក ស្ត្រីម្នាក់ត្រូវជាបងស្រីបង្កើតរបស់ស្ត្រីដែលបាត់ខ្លួន និងជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានប្រាប់បុរសជាប្តី (ប្អូនថ្លៃ) របស់ខ្លួនថា នៅមុនកើតហេតុ គាត់ត្រឡប់មកពីធ្វើការនៅពេលថ្ងៃត្រង់ ឃើញប្អូនស្រីខ្លួនរៀបចំខ្លួន ហើយគាត់សួរប្អូនស្រីថា ទៅណា? ប្អូនស្រីក៏ប្រាប់ថា ទៅលេងម៉ែពុកនៅស្រុក។ ពេលនោះ គាត់ក៏សួរទៀតថា “តេប្រាប់ប្តីនៅ?” ប្អូនស្រីឆ្លើយតបទៀតថា “អត់បានប្រាប់ប្តីទេ” លុះនិយាយរួច នាងក៏ចាកចេញទៅបាត់ទៅ។ លុះយប់ឡើង ប្អូនថ្លៃរបស់គាត់មកដល់ផ្ទះវិញបាត់ប្រពន្ធ គាត់ក៏ទូរស័ព្ទទៅសួរម៉ែពុកនៅស្រុកដែរ តែគ្មានអ្នកណាដឹងឡើយ។

បើសង្កេតតាមទឹកមុខបងស្រីស្ត្រីដែលបាត់ខ្លួន មើលទៅដូចជាដឹងរឿងរ៉ាវនៃការបាត់ខ្លួនរបស់ប្អូនស្រីខ្លះៗដែរ តែស្ត្រីរូបនាះនៅតែព្យាយាមបដិសេធថា គាត់មិនដឹងរឿងទេ។
ចំណែកបុរសជាប្តីបានត្រឹមឱបរូបថតប្រពន្ធ និងដង្ហោយហៅសុំឱ្យប្រពន្ធវិលត្រឡប់មកផ្ទះវិញប៉ុណ្ណោះ ព្រោះគាត់ពិតជាកំពុងបារម្ភពីសុវត្ថិភាពប្រពន្ធយ៉ាងខ្លាំង និងសង្ស័យថា ប្រពន្ធអាចនឹងចាញ់ការលួងលោមពីអ្នកណាម្នាក់មិនខាន៕