ភ្នំពេញ ៖ បុរសម្នាក់សង្ស័យជាចោរដើររកលួចម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានដែលកំពុងតែល្បាតប្រទះឃើញ ក៏ហៅត្រួតពិនិត្យឆែកឆេររកឃើញដែកសំប៉ែត សម្រាប់ឆ្កឹះសោម៉ូតូ និងកូនសោខ្សៀលេខ8 នៅជាប់ខ្លួន ក៏បានចាប់ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល កាលពីវេលាម៉ោង1និង10នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី04 ខែកក្កដា ឆ្នាំ2019 នៅផ្លូវរថភ្លើង ស្ថិតក្នុងក្រុម2 ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងករណីប៉ុនប៉ងលួចនេះ មានឈ្មោះគូ ធារ៉ា ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងក្រុម2 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ពេលធ្វើតេស្តទឹកនោម រកឃើញថា មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។
សមត្ថកិច្ចនគរបាលដដែល បានឱ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ កំពុងជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ លុះនៅពេលមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យឈ្មោះគូ ធារ៉ា នៅឈររេរានៅកន្លែងស្ងាត់ ក៏ហៅត្រួតពិនិត្យឆែកឆេររកឃើញ នៅនឹងខ្លួនមានដែកសំប៉ែត សម្រាប់ឆ្កឹះសោម៉ូតូ និងកូនសោខ្សៀលេខ8 ចំនួនមួយថែមទៀត ក៏ឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកកាន់ប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕